Thursday, January 16, 2014

រសើបណាស់


ហាស់ ៗ ៗ ៗ រសើបខ្លាំងណាស់ អារំបល់យក៍
កុំយកអណ្ដាត​ មកលិឍជន្ល ព្រឺរោមបះឈរ
វីវរអញហើយ។

ជីវិតជាសត្វ ប្រសើរពេកក្ដាត់ ឥតបារម្ភឡើយ
ឃើញតែសប្បាយ រីករាយពុំស្បើយ ស៊ីឆ្អែតឆ្អន់ហើយ
លោតប្រឡែងគ្នា។

រស់នៅរាប់ឆ្នាំ តាមយថាកម្ម របស់ពួកវា
ទោះជួបប្រទះ បំពានបំពារ ពីសត្វនានា
ជារឿងធម្មជាតិ។

មានតែមនុស្សា ដែលប៉ងប្រហារ ចិន្ដាបៀនបៀត
ឲ្យវាព្រាត់ប្រាស និរាសចាកឃ្លាត ម្ដងហើយម្ដងទៀត
បង់ម្សៀតនៃសត្វ។

Monday, January 13, 2014

ប្រាសាទព្រះវិហារជារបស់យើង


ប្រាសាទស្ថិតលើកំពូលភ្នំ
ដងព្រៃជិតជុំនភាល័យ
ព្រហាមលាន់ឮសម្លេងរៃ
បំភ្លៃស្រែកច្រៀងសៀងវាចា។
ប្រាង្គព្រះវិហារជាកម្មសិទ្ធិ
របស់ខ្មែរពិតឥតមុសា
គេឯងបានដឹងពេញលោកា
ខេមរដូនតាអ្នកកសាង។
ប្រវត្តិបានកត់កំណត់ទុក
រហូតទៅមុខទុកភស្ដុតាង
ឡាអេស៊ីញ៉េជាសម្អាង
ប្រទេសជិតខាងកុំកាឡៃ។
គឺជាសម្បត្តិបេតិកភណ្ឌ
លក្ខណៈគ្រប់គ្រាន់កុំសង្ស័យ
យូណេស្កូបានឲ្យតម្លៃ
ធំធេងក្រាស់ក្រៃរាប់បញ្ចូល។
មានមោទនភាពកើតជាខ្មែរ
ត្រូវតែសាមគ្គីវង្សត្រកូល
ការពារមិនឲ្យសត្រូវចូល
ប្រមូលកាន់កាប់ប្រាសាទបាន។