(បទពាក្យ ៨ បន្ទាប់ បែបចិត្តរាយប៉ាយ)
ចក្រវាឡសែនធំពុំបានស្មើ«ចិត្ត»
គ្មាននឹងនស្ថិតក៏«ចិត្ត»នេះដែរ
«ចិត្ត»វិលវល់រេវៀចវេរបែកបែរ
«ចិត្ត»ហោះហើរហែក្បែរឆ្ងាយកាយរូប។
អាណិតស្រឡាញ់«ចិត្ត»
ចាញ់និងឈ្នះ
ចចេសមានៈ«ចិត្ត»ប្រាសប្រែជួប
«ចិត្ត»ក្ដៅត្រជាក់បែកបាក់រួមរួប
«ចិត្ត»អ្នកផ្គុំផ្គួបជុំជួបបែរព្រាត់។
វៀចត្រង់លើ«ចិត្ត»គំនិតបញ្ជា
បញ្ជរទាមទារ«ចិត្ត»ជាបន្ទាត់
«ចិត្ត»សម្រេចជាក់ទម្លាក់លើមាត់
សម្រេចទូទាត់«ចិត្ត»កំណត់ឲ្យ។
ស្មោះស្ម័គ្របាក់«ចិត្ត»ឬឥតខ្លឹមសារ
«ចិត្ត»ចើកឫស្យាសាវាមុខក្រោយ
ផ្អែមល្ហែមជូរចត់«ចិត្ត»ព័ទ្ធបណ្ដោយ
«ចិត្ត»បណ្ដាលឲ្យថ្លោះធ្លោយឥតល្ហែ។
លោភលន់ទៀងត្រង់តម្រង់ពី«ចិត្ត»
«ចិត្ត»អ្នករឹតត្បិតកម្រិតហូរហែ
គ្រង«ចិត្ត»មិនបានរុញច្រានប្រួលប្រែ
នរណាក៏ដែរ«ចិត្ត»ប្រែមិនទៀង។