Wednesday, December 25, 2013

អាំងភ្លើង


(បទ វង្សវិចិត្រ)

ត្រជាក់បែបនេះនឹកឃើញកាលនៅកុមារ
មុនទៅសាលាដុតភ្លើងអាំងក្បែរចំបើង
កក់ក្ដៅខ្លាំងណាស់លក់មួយភាំងពេលភ្ញាក់ឡើង
ពុកដេញរត់ប៉ើងព្រោះហួសម៉ោងចូលសិក្សា។

ទម្លាប់អ្នកស្រែកាលពីដើមរៀងរាល់ព្រឹក
ពេលភ្ញាក់រឭកក្រោកពីដេកគ្រប់អាត្មា
បំពក់ភ្នក់ភ្លើងអាំងកម្ដៅក្នុងកាយា
នាកាលនោះណាអាវរងាវាក្រខ្សត់។

ដល់ពេលថ្ងៃរះទើបបំបែកចែកផ្លូវគ្នា
ទៅធ្វើការងាររៀងៗខ្លួនយ៉ាងអំណត់
ច្រូតកាត់ជញ្ជូនបែនបញ្ជាន់ទ្រាំនឿយហត់
ឲ្យតែប្រាកដជីវភាពល្អប្រសើរ។



Saturday, December 21, 2013

ល្អកូនស្រី!!


នេះបានត្រឹមត្រូវណាកូនស្រី
ទីជិតឆ្ងាយក្ដីត្រូវប្រយ័ត្ន
ទោះផ្លូវអ៊ូអរឬក៏ស្ងាត់
ប្រហែសវាបាត់ប្រយ័ត្នគង់។

គ្មានធ្ងន់ធ្ងរអ្វីនឹងមួកមួយ
ធាក់ពួយលឿនយឺតឈប់បង្អង់
បើជួបគ្រោះថ្នាក់សូម្បីកង់
ក៏រួញក្រញង់ជាមិនខាន។

ប្រសិនមានមួកវាប្រសើរ
វាស្រាលគ្រាន់បើអាចប៉ាន់ស្មាន
របួសមិនធ្ងន់ធ្ងរប៉ុន្មាន
ព្រោះបានមួកនេះជួយការពារ។

Friday, December 20, 2013

ដៃ ជើង មាត់ និងក្រពះ

ជើងថារាល់ថ្ងៃដើរលិចកើត
សស្លាក់ស្លស្លើតពុំឈប់ឈរ
រកបានអាហារមួយគំនរ
ដៃប្រមូលយក៍គ្មានសេសសល់។

នែវើយ!កុំចេះតែចោទផ្ដាស
ដៃអញនឿយណាស់ខ្វេះខ្វាយខ្វល់
ចំណីដែលរកបានមកដល់
តម្កល់ទុកស្រេចសម្រាប់មាត់។

វាពមត្របាក់ស៊ីយ៉ាងឆ្ងាញ់
ទាំងឯងទាំងអញជាទៀងទាត់
ខំរកសព្វថ្ងៃដើម្បើមាត់
មើលចុះវាធាត់ថ្ពាល់ឡើងហៀរ។

មាត់ឮដូច្នោះតបតថា
សម្លាញ់ហត្ថានិងបាទា
ខ្ញុំនេះខំហាខាំទំពារ
រាល់ពេលវេលាថ្គាមរោយចុក។

ប៉ុន្តែអាហារទាំងអស់នោះ
វាជ្រុះទម្លាក់ធ្លាក់ចូលប្លុក
ទៅក្នុងក្រពះរីកប៉ោងស្ដុក
អង្គុយច្រងុកឥតធ្វើអ្វី។

ដៃជើងស្ដាប់ហើយជំនុំថា
យើងគ្រប់អាត្មាមូលសម្ដី
ឈប់ធ្វើឈប់ដើរមាត់ឈប់ឆី
តើឯងអាងអីរស់តទៀត?។

ក្រពះកាលបើគ្មានអាហារ
សព៌ាង្គកាយាអស់ជីវជាតិ
ស្រកសាច់ស្គមស្គាំងសល់តែធាតុ
វិញ្ញាណប្រាសឃ្លាតមរណាហោង។

Monday, December 9, 2013

ភ្នែក


ភ្នែក ហត់នឿយណាស់រៀងរាល់ថ្ងៃ
ភ្នែក គ្មានសំចៃមួយពេលណា
ភ្នែក បើកសម្លឹងសព្វទស្សនា
ភ្នែក មានខ្លឹមសារក្នុងជីវិត។

ភ្នែក បានត្រឹមតែមិចម្ដងៗ
ភ្នែក មិនហ៊ានប៉ងនឹងធ្មេចជិត
ភ្នែក ត្រូវចាំដល់យប់ជ្រៅពិត
ភ្នែក ទើបងងិតបិទដេកទៅ។

ភ្នែក បើសិនគេមានរវល់
ភ្នែក ត្រូវអំពល់បើកនិត្យនៅ
ភ្នែក​ អត់ងងុយដល់យប់ជ្រៅ
ភ្នែក ជួនកាលទៅទ្រាំដល់ស្អែក។

ភ្នែក ពេលស្រវ៉ាំងមើលមិនច្បាស់
ភ្នែក ត្រូវបានម្ចាស់ត្អូញត្អែស្រែក
ភ្នែក! អញឥឡូវយ៉ាប់ចម្លែក
ភ្នែក ត្រូវគេចែកកែវពង្រីក។

ច្រមុះ

កាលនោះច្រមុះវាស្រដី
ប្រុសស្រីរស់ដោយសារអ្នកណា?
ដង្ហើមចេញចូលមូលសង្ខារ
គឺខ្ញុំនេះណាអ្នករ៉ាប់រង។

ក្លិនឆ្អេះឆ្អាបស្ងុយឈ្ងុយក្រអូប
ក្លិនថ្ពាល់រាល់រូបគ្រប់គ្នាផង
ខំស្រូបស្រង់ក្លិនមិនខានម្តង
ក្លិនមិនទំនងផងទាំងឡាយ។

នៅពេលដែលភ្នែកមើលមិនច្បាស់
គឺប្រាកដណាស់ខ្ញុំខ្វល់ខ្វាយ
អ្នកទ្រវ៉ែនតាទ្រុឌក្រហាយ
គ្មានសុខសប្បាយម្ដងណាឡើយ។


Sunday, December 8, 2013

ត្រចៀក


ត្រចៀកនេះហត់នឿយម៉្លេះមិនស្រួលអី
រឿងចាស់ថ្មីដែលគេស្ដីរៀបរ៉ាយរ៉ាប់
ទោះជាយល់ឬមិនយល់ឲ្យតែប្រាប់
ប្រុងប្រៀបស្តាប់យូរឬឆាប់ប្រឹងចងចាំ។

គេចង់ស្រួលរវៃមួលញាប់ហត្ថា
ស្រៀវអស្ចារ្យលូកលុញត្បាររាល់ខែឆ្នាំ
ត្រចៀកព្រឺរមាស់ឈឺសែនរងកម្ម
សុខចិត្តទ្រាំឲ្យគេខ្វេះខ្វាយតាមចិត្ត។

ពេលត្រូវការពាក់វ៉ែនតាសម្រួលភ្នែក
ក៏រំលែកយកដែកដងពាក់គាបកិត
ចូលជាប់ទ្រុឌមុតជាំសាច់ស្អុះស្អាប់ស្អិត
ភ្នែកដេកបិទយប់ងងិតជួនភ្លេចដោះ។

សូរសំនៀងបទចម្រៀងគ្រប់ដំណើរ
ពាក្យសសើរជេរបញ្ចោរអសុរោះ
ត្រចៀកហ្នឹងខំប្រឹងថតយកទាំងអស់
ស្ត្រីបុរសស្រៀវស្រណោះត្រង់ត្រចៀក។

Sunday, December 1, 2013

កេរ្តិ៍តំណែលដ៏ផូរផង់


ក្បាច់ចម្លាក់ដាប់គូរឆ្លាក់យ៉ាងប្រណីត
ល្អវិចិត្រជាស្នាដៃមហស្ចារ្យ
ពូជពង្សខ្មែររក្សាថែតដូនតា
គ្មានសាសន៍ណាមានដំណែលល្អដូច្នេះ។

កោតសសើរនូវដំណើរអភិរក្ស
រៀនចម្លាក់ជាតំណតចំណេះ
ឲ្យកូនចៅចងចាំនៅមិនរបេះ
សិក្សាចេះជាបន្តបន្ទាប់ទៅ។