Tuesday, October 1, 2013

ភ្លៀង....


ភ្លៀងធ្លាក់សស្រោកជោកជាំដី
រហូតរាត្រីនៅតែខ្លាំង
ផ្ទៃមេឃងងិតដូចបិទបាំង
យូរៗលាន់ផាំងស្នូររន្ទះ។

ភ្លៀងធ្លាក់សស្រាក់ដូចចាក់ទឹក
រហាចសន្ធឹកទឹកមុខផ្ទះ
បោកបាចសម្អាតលាងជម្រះ
ឲ្យជ្រះធូលីស្លឹករុក្ខជាតិ។

ភ្លៀងធ្លាក់សស្រិចលិចគល់ស្រូវ
កណ្ដាលរដូវនៅជីជាតិ
លូតលាស់បែកគុម្ពពុំរវាត
ជាងមួយខែទៀតនឹងចេញផ្លែ។

ភ្លៀងធ្លាក់សស្រាំផ្ដាំក្ដាមខ្យង
អស់មច្ឆាផងហែលបង្ហែ
ជន្លេនទូលដីតាមភ្លឺស្រែ
ខ្មុលចង្រិតរ៉ែក្បែរឫស្សី។

ភ្លៀងធ្លាក់សស្រឹបត្រឹបលាស់ត្រួយ
ស្លឹកចាស់រលួយលូតត្រួយថ្មី
បៃតងស្រងាត់បណ្ដូលខ្ចី
ឫសចាក់ចូលដីល្បាប់ធូរៗ។

No comments:

Post a Comment