Saturday, October 26, 2013

រលឹម


ពីយប់ដល់ព្រឹកសន្ធឹកភ្លៀង
ដូចបទចម្រៀងសៀងបំពេរ
ស្រមៃក្រសោបឱបមាសមេ
ភ្ញាក់ឡើងទទេរេសៅហ្មង។

ថ្ងៃរះខ្ពស់ទៅនៅរលឹម
រលរស្លឹកខ្ទឹមរឹមរបង
ចចាតចេចចាចប្រសាចផង
ត្រសងចឹកឆីចំណីវា។

ចាបព្រៃចាបស្រុកសំកុកទុំ
ទ្រនុំលើមែកបែកយោលយារ
ត្រូវបក់បោកយោករងា
រង់ចាំវេលានាភ្លៀងរាំង។

ចង់ត្រឹមឃើញភក្ត្រ


គន់សម្លឹងកញ្ចឹងកល្អហ្មត់ខៃ
កួចស្រមៃអាល័យគិតឥតចង់បែរ
ច្រួលច្របល់រចល់ចិត្តត្បិតលួចស្នេហ៍
បើបានក្បែរថើបថែក្លិនមិនជិនណាយ។

ផ្នួងកេសាបុប្ផាគន្ធពន់ពេកណាស់
ចង់ឃើញណាស់យល់ច្បាស់ជាក់ភក្ត្រឆោមឆាយ
ស្អាតយ៉ាងណាជីវ៉ាស្ងួនអូនបែរអាយ
កុំចំណាយអន្លាយពេលវេលាអី។

សុំទស្សនាភក្ត្រានាងដៀងមកពៅ
កុំធ្មឹងនៅរៀមសៅហ្មងប៉ងមើលស្រី
មួយភ្លែតចុះក៏អស់ចិត្តឥតមានអ្វី
ស្រស់ពិសីប្រណីខ្ញុំសុំគយគន់។

Friday, October 25, 2013

គ្រែ


ទម្លាប់អស់ជាងសែសិបឆ្នាំ
តែងបែរទៅស្ដាំរាល់ពេលដេក
វាមានអារម្មណ៍សុខដំណេក
និងត្រេកត្រអាលរហូតព្រឹក។

ទើបបានទិញគ្រែតូចធម្មតា
អស់ថវិកាមិនសន្ធឹក
ហើយជាប់មាំទាំមិនដែលល្គឹក
មួយយប់ទើសព្រឹកពុំរង្គើ។

Tuesday, October 22, 2013

ផ្គាប់ចិត្តមិនត្រូវទេ..មនុស្ស



កម្ដៅក្ដៅគ្រាន់មិនទាន់ស្រាក
ព្រះសូរ្យបញ្ឆាកចាកបន្ត
សំដៅបស្ចឹមត្រឹមគោចរ
ពពកចាំងចែងស្ដែងរស្មី។

មេឃក្ដៅមួរម៉ៅខឹងទោសា
ម្ដេចក្ដៅម៉្លេះណាស្ទើរឆេះដី
មិនព្រមត្រជាក់បន្តិចវ៉ី
ម៉ោងបីជិតបួនចួននៅក្ដៅ។

កាលមេឃស្រទុំឃ្លុំងងិត
បាំងជិតបែបស្លុបម្លប់កម្ដៅ
បន្ទោសរអ៊ូមួរហ្មងសៅ
ថាហាលខោអាវនៅតែសើម។

Friday, October 18, 2013

ឆៃយ៉ាំ


ចុះឯណាវើយ! ថាឯណេះទេ!
កុំនៅទំនេរ មករាំឆៃយ៉ាំ...។

កឋិនវត្តយើង គគ្រឹករាល់ឆ្នាំ
សម្លបាយដាំ ទទួលភ្ញៀវផង។

ខ្ញៀវខ្ញារខ្លាំងណាស់ ក្មេងចាស់អឺងកង
សូរស័ព្ទធម៌ផង ពុំមានស្ងប់ស្ងាត់។

ក្រវេក្រវូ ហៃ!ខ្សែក្រវាត់
លោកខែបាំងឆ័ត្រ ឆ័ត្របាំងលោកខែ។

ជិតដាច់អស្សុជ សន្ទូងចេញផ្លែ
ស្រូវទុំហូរហែ ច្រូតមិនទំនេរ។

ចុះឯណាវើយ! ថាឯណេះទេ!
ស្រលាញ់កូនគេ នាងមានប្ដីហើយ។

ចូលខែកក្ដឹក ខ្យល់បក់ប៉ើយៗ
អ្នកម្ដាយកូនអ្ហើយ ឃើញគេរៀបការ។

យ៉ាស់!កណ្ដុំឆែប ថាកង្កែបឆា
កម្លោះហ៊ឺហា មេម៉ាយហំហែង។

ម្ដេចមិនយកគូ ស៊ូនៅតែឯង
គេងព្រួយចំបែង ប្រយ័ត្នស្ដាយក្រោយ៕

Thursday, October 17, 2013

នឹងស្រកឆាប់


កម្ដៅក្ដៅខ្លាំង មេឃសឡើងចាំង ស្រវាំងនេត្រា
ស្ងប់ស្ងាត់ភ្លៀងផ្គរ លាន់ខ្ទរខ្សោតា ពពកស្រស់ថ្លា
មិនខ្មៅស្រអាប់។

បានរាំងយូរថ្ងៃ ជំនន់ក្រាស់ក្រៃ នឹងថមថយឆាប់
ផ្លូវលំជនបទ ស្ងួតលែងបែកល្បាប់ ពង្រាបបង្ហាប់
ចាប់ចរាចរ។

លំនៅសាលា អារាមវត្តវ៉ា រីងរឹងគោកល្អ
សិស្សបានចូលរៀន រាស្ត្រចាប់បន្ត ប្រកបរប
ចិញ្ចឹមជីវិត។

ជំនន់មិនទៀង ព្រោះតែព្យុះភ្លៀង យប់ថ្ងៃងងិត
ហូរស្រក់សស្រោក ជោកជាំជុំជិត គ្រោះធម្មជាតិពិត
កើតពីស្រុកគេ។

Wednesday, October 16, 2013

កាលនោះ...


ពីក្មេងធ្លាប់ដើរឃ្វាលក្របី
ពីរនាក់នឹងស្រីពុំដែលខាន
ទៅដល់ទីណាក៏ពីរប្រាណ
ស្មោះស្ម័គ្ររាប់អានគ្មានសៅហ្មង។

នឹកឃើញម្ដងនោះគួរចង់សើច
រឿងអស់សំណើចពេលកន្លង
ដោយសាររត់លេងជាមួយបង
ក្របីវាឆ្លងស៊ីស្រូវគេ។

មកដល់ផ្ទះវិញត្រូវរំពាត់
ថែមទាំងត្រូវមាត់ម្ដាយនាងជេរ
រវល់ទៅណាពេលទំនេរ
ម្ដេចមិនគ្នាន់គ្នេរមើលក្របី។

ថ្ងៃនោះនាងង៉ក់មិនញ៉ាំបាយ
អង្គុយខ្វេះខ្វាយមុខឈ្ងោកដី
ទោះបីជាសួរក៏មិនស្ដី
ធ្វើឫកងរហីមិនខ្ចីឆ្លើយ។

រហូតពេលនេះជាច្រើនឆ្នាំ
ប្រហែលម្ភៃប្រាំឆ្នាំមកហើយ
ដែលយើងបែកគ្នាមិនបង្កើយ
ម៉្លេះសមអូនអ្ហើយមានកូនចៅ។

Monday, October 14, 2013

លាហើយកម្ពុជា


ននោង


ននោងចេញផ្លែតែមិនត្រង់
ក្ងិចក្ងក់ក្ងិងក្ងង់ចុងរាងក្ងុក
មិនទាស់ខុសអីបើស្លស្លុក
សម្លសម្លុកឆ្ងាញ់ពិសារ។

មានពេលទំនេរកុំបីខ្ជិល
ទោះដីរេចរិលត្រូវឧស្សាហ៍
ដាក់ស្លឹករុក្ខជាតិវាតក្រឡា
ដីរងចម្ការប្រែជីរជាតិ។

បើសិនមានដីចោលទំនេរ
សម្អាងទិញគេឬសុំញាតិ
ម្ដងជាពីរដងសុំមិនឃ្លាត
អ្នករស់ខាងបៀតមើលមាក់ងាយ។

ននោងត្រសក់ត្រឡាចល្ពៅ
ធ្វើរងអែបនៅកៀនជាប់ជាយ
របងតោងវល្លិ៍បាសពពាយ
ពង្រាយផ្កាផ្លែហែរដូវ។

Sunday, October 13, 2013

វិទ្យាល័ស្វាយរៀង


អគារមួយខ្នងរបងខាងជើង
វិទ្យាល័យយើងនាស្វាយរៀងក្រុង
សិក្សារៀនសូត្រកាលនាអំឡុង
ដែលស្ថិតនៅក្នុងដើមទសវត្សប៉ែត។

ពេលនេះចាកចេញអស់ជាងម្ភៃឆ្នាំ
ចិន្ដានៅចាំងរឿងរ៉ាវហេតុៗ
ព្រោះត្រូវឃ្លាតឆ្ងាយពីស្រុកខ័ណ្ឌខេត្ត
អណ្ដែតត្រសែតទៅទីដទៃ។

បន្ទប់ថ្នាក់<>គឺនៅខាងចុង
ក្បែរនោះកាលហ្នុងជាគុម្ពោតព្រៃ
សាយណ្ហទន់ទាបងងិតត្រឈៃ
លាន់ឮសត្វរៃបំភ្លៃសូរសៀង។

លោកគ្រូអ្នកគ្រូខ្លះចូលនិវត្តន៍
ខ្លះស្លាប់ប្រាសព្រាត់បន្ទាប់រៀងៗ
ធម្មជាតិអ្វីៗប្រែប្រួលមិនទៀង
ឱខេត្តស្វាយរៀងកណ្ដៀងត្រួយខ្ចី។

Saturday, October 12, 2013

អាទិត្យ


អាទិត្យហ្វូងទាហែលក្នុងទឹក
ប្រញ៉ាយប្រញ៉ឹកចឹកអាហារ
ទៅតាមចំណាំជាធម្មតា
កូនត្រីចង្វារហែលឆ្វែលឆ្វាត់។

អាទិត្យកូនមាន់ជាន់កូនទា
រត់ដណ្ដើមគ្នាស៊ីកូនក្អាត់
ក្ដាមដង្ហែគ្នាយ៉ាងស្ងៀមស្ងាត់
ចូលក្នុងស្រែបាត់រកចំណី។

អាទិត្យផ្កាឈូករីករហង់
ព្រលិតលំចង់លូតដើមថ្មី
ននោងវារតោងទ្រើងឫស្សី

ស្វាយលាស់ត្រួយខ្ចីដីបែកល្បាប់។

Friday, October 11, 2013

ភ្លៀងកាត់ព្រឹក


ភ្លៀងធ្លាក់ទាំងព្រឹកគគ្ជ្រុះស្លឹករាយរប៉ាយ
ទាកាបប្រដេញគ្នាប្រញាយ
សប្បាយប្រឡែងលេងទឹកភ្លៀង។

បក្សីបក្សានាសំបុក
ក្រួញក្រាបសំកុកមាត់ស្រែកច្រៀង
សាស័ព្ទភាសាសត្វសំនៀង
រង់ចាំរាំងភ្លៀងនឹងចេញចាក។

ផ្គលាន់គគ្រឹមគ្រហឹមសូរ
លាយស្នូរទឹកហូរមិនមានស្រាក
ខេត្តភាគខាងក្រោមទឹកពុំស្រាក
លំបាកលំបិនជំនន់លិច។

Wednesday, October 9, 2013

ចប់


អ្វីៗត្រូវចប់ក្រោយរៀបការ
ចប់ភាពហ៊ឺហាដែលហួសហេតុ
ចប់នូវដំណើរដែលត្រសែត
ចប់លែងអណ្ដែតដូចអតីត។

ចប់ភាពភ្លើតភ្លើនយុវវ័យ
ចប់ដូចអស់ន័យក្នុងជីវិត
ចប់ព្រោះគ្រប់គ្រាតែងនៅជិត
ចប់មិនបាច់គិតឥតបានការ។

ចប់ហើយចប់ហើយចប់គ្រប់យ៉ាង
ចប់គ្មានអ្វីអាងសោះឡើយណា
ចប់ព្រោះឥឡូវមានមាត្រា
ចប់ក្រោយរៀបការ Game over

បាត់ដំបង


សួរសុខទុក្ខផង អ្នកបាត់ដំបង តើដូចម្ដេចហើយ?
ទឹកលិចច្រើនថ្ងៃ ស្មុគ្រស្មាញពុំស្បើយ មិនធូរស្រាលឡើយ
គ្រប់ក្រុមគ្រួសារ។

ព្រឹកនេះបានស្ដាប់ ដែលបានរ៉ាយរ៉ាប់ តាមទូរស័ព្ទថា
ទឹកផ្ដើមសម្រក ស្រកចុះហើយណា សូមឲ្យធម្មតា
ឆាប់ៗផងទៅ។

ទាំងខេត្តដ៏ទៃ បន្ទាយមានជ័យ និងខេត្តជាប់នៅ
សូមទឹកហូរធ្លាក់ ចូលទន្លេជ្រៅ គោកទីលំនៅ
អារាមសាលា។

ប្រកបរបរ ការងារបន្ត សិស្សបានសិក្សា
ស្ថិតស្ថេរគង់វង់ ប្រព័ន្ធហេដ្ឋា- ស្រូវស្រែចម្ការ
បានរស់លាស់លូត។

ផ្ទះខ្មែរ


ឧបករណ៍ភ្លេងខ្មែរ


Monday, October 7, 2013

សួនសុបិន...


សួនហ្គីតា ទីស្នេហាអូននិងបង
សួនហ្គីតា ទីចំណងចងនិស្ស័យ
សួនហ្គីតា ទីរំឭកនឹកស្រមៃ
សួនហ្គីតា ទីអាល័យថ្ងៃសាយណ្ហ។

សួនហ្គីតា ទីលម្ហែកែកំសាន្ត
សួនហ្គីតា ទីប្រោសប្រាណឲ្យស្រទន់
សួនហ្គីតា ទីជាប់ចិត្តទស្សនាគន់
សួនហ្គីតា ទីទឹកមន្តបន្ទន់ចិត្ត។

សួនហ្គីតា ទីផ្ដល់សុខទុក្ខរសាយ
សួនហ្គីតា ទីសប្បាយនៅស្ថេរស្ថិត
សួនហ្គីតា ទីប្រណីក្ដីអាណិត
សួនហ្គីតា ទីសណ្ឋិតចិត្តតែមួយ។

សួនហ្គីតា ទីសោភានាលោកិយ
សួនហ្គីតា ទីភក្ដីឥតភ័យព្រួយ
សួនហ្គីតា ទីសង្ឃឹមក្នុងគ្រាមួយ
សួនហ្គីតា ទីដែលជួយក្នុងសុបិន។

សម្ដីពុក


នាជនបទ


ប៉ប៉ិកប៉ប៉ាក់ បែកល្បាប់កក្លាក់ ប្រឡាក់ពេញជើង
រលឹមមិនឈប់ ដើរលប់ថ្នល់យើង ទទឹកស៊ើងមើង
កន្ទ្រើងសក់ក្បាល។

ខោជាប់កន្ត្រើយ កន្ត្រាក់ពុំស្បើយ ស្កូញស្កៀបស្រាលៗ
ផ្គរលាន់គ្រហឹម គគ្រឹមម្ដងម្កាល ប្រញ៉ាប់ប្រញាល់
ស្ទាបក្បាលឱនចុះ។

កំពឹសចង្វារ កូនក្រាញ់ត្រៀបត្រា ឆ្លេឆ្លាត្រេះត្រុះ
ហែលមាត់រង្វះ ប៉ប្រះស្មៅដុះ ពណ៌សត្រសុស
ចុះចូលក្នុងទ្រូ។

ល្ងាចថ្ងៃរៀបលិច យកមកខ្ចប់វេច មិនបាច់ទុកយូរ
នឹងស្លឹករមៀត ដុះបៀតទ្រើងម្លូរ ផ្សំគ្រឿងថែមម្ជូរ
មូរចងអាំងដុត។

អ្នកស្រែដូច្នេះ បានម្ហូបប៉ុណ្ណះ វិសេសបំផុត
ត្រីរាងទ្រើសធំ ផ្គុំកៀបនឹងត្បុត រសធម្មជាតិសុទ្ធ
អត់មានគីមី។

Saturday, October 5, 2013

របរបន្លែ


របរបន្លែម៉ែលក់សព្វដង
ឱបរិតត្រកងខ្លាចចំណងដាច់
រំលែកជាដុំលៃផ្គុំជាបាច់
សើមជោកប៉ប៉ាច់រហូតដល់ផ្សារ។

ទម្រាំលក់ដាច់ស្រេចអស់បន្លែ
ញើសហូរឥតល្ហែមិនត្អូញត្អែថា
ឲ្យតែបានប្រាក់ដាក់ចូលគ្រួសារ
នឿយហត់ម្ដេចម្ដាក៏មិនហាស្ដី។

ផ្គត់ផ្គង់រៀនសូត្ររហូតបានចេះ
ជំនាញចំណេះតម្រិះអ្វីៗ
ប្រាថ្នាឲ្យកូនរុងរឿងប្រុសស្រី
កុំក្លាយអប្រិយគេស្ដីមាក់ងាយ។

មិនចង់ (ពាក្យរៀល)

ឆ្អែតមិនចង់ឆ្អល់ ឆ្ងល់មិនចង់ដឹង ប្រឹងមិនចង់ឈប់
យប់មិនចង់ភ្លឺ ឮមិនចង់ស្ដាប់ ប្រាប់មិនចង់ស្ដី
ឆីមិនចង់ឆ្អែត ហេតុមិនចង់ផល សល់មិនចង់យក
រកមិនចង់ជួប គួបមិនចង់ផ្សំ ខំមិនចង់ប្រឹង
ខឹងមិនចង់ស្អប់ កប់មិនចង់ជ្រៅ ទៅមិនចង់ដល់
សល់មិនចង់ច្រើន កើនមិនចង់ទ្វេ ផ្ទេរមិនចង់អស់
បោះមិនចង់ចោល បោលមិនចង់លឿន
តឿនមិនចង់ឆាប់ ចាប់មិនចង់ជាប់ រាប់មិនចង់គ្រប់
ទប់មិនចង់នឹង ធ្មឹងមិនចង់ស្ងៀម បៀមមិនចង់លេប
ពេបមិនចង់យំ ឃុំមិនចង់លែង ជែងមិនចង់ឈ្នះ
លះមិនចង់បង់ ត្រង់មិនចង់ល្អ ក្រមិនចង់មាន
ឃ្លានមិនចង់ញ៉ាំ ដាំមិនចង់ឆ្អិន កិនមិនចង់ម៉ដ្ដ
ហត់មិនចង់ឈប់ គ្រប់មិនចង់គ្រាន់ ទន់មិនចង់ជ្រាយ
រាយមិនចង់ផ្ដុំ សុំមិនចង់បាន ខានមិនចង់ខក
កកមិនចង់រឹង ពឹងមិនចង់ជួយ ព្រួយមិនចង់ភ័យ.....

កូនក្មួយ...


អ៊ុំប្រុសថតហើយឲ្យលុយផង
ទិញនំបង្កងចែកគ្នាញ៉ាំ
ពួកខ្ញុំបីនាក់មួយពាន់ប្រាំ
ពុកម៉ែខ្ញុំផ្ដាំប្រាប់ឲ្យសុំ។

ឃើញមុខកូនក្មួយគួរក្នាញ់
អាណិតស្រលាញ់វាណាស់ខ្ញុំ
ទៅស្រុកម្ដងៗមកមូលម្ដុំ
ក្នុងចិត្តសុខុមពុំសង្កា។

ខ្លះហៅពូអ៊ុំរាប់តាមញាតិ
ចំណែកខ្លះទៀតក៏ហៅតា
ញញឹមញញែមច្រើនត្រៀបត្រា
ប្រឡែងខ្ញៀវខ្ញារអែអឺងកង។ 

Friday, October 4, 2013

មើលម៉ែច្រូត


រត់លេងក្នុងស្រែមើលម៉ែច្រូត
ត្រកងស្រូវហូតច្បូតកាត់ចង
កូនអើយ!ជញ្ជូនកណ្ដាប់ផង
របូតចំណងរិតបន្ដឹង។

ប្រឡែងគ្នាអែកាត់ជញ្ជ្រាំង
កូនកុំភ្លេចភ្លាំងស្ដាប់កណ្ដឹង
ត្រដោកក្របីនៅជិតហ្នឹង
ក្រែងវាក្រឡឹងស៊ីស្រូវស្រែ។

ពេលពុកកូនបររទេះមក
ជួយយកកណ្ដាប់រាយបង្ហែ
ទៅតម្រៀបទុកលើភ្លឺស្រែ
ដាក់ក្បែររទះឲ្យរួចរាល់។