Monday, September 16, 2013

ព្រះវិហារ



ជំនោរធ្លាក់ត្រជាក់អ័ព្ទជិតជុំ
ព័ទ្ធព័ន្ធភ្នំជំរុំដងព្រឹក្សា
សម្លេងផ្គរគ្រលរខ្ទរសោតា
ហ្វូងម្រឹគាយាត្រាលបលាក់កាយ។

ចុងរុក្ខាបក្សាសត្វបក្សី
ស្វះស្វែងរកចំណីដោយសប្បាយ
ដណ្ដើមគ្នាប្រញឹកចឹកប្រញាយ
ហោះហិចហើរជិតឆ្ងាយពុំមានហ្មង។

រៃកណ្ដឹងប្រឹងស្រែកសម្រែកច្រៀង
បន្លឺស័ព្ទចម្រៀងសៀងឆ្លើយឆ្លង
លាន់ឮរ៉ែនៅក្បែរអូរទឹកផង
ឃ្មុំត្រសងត្រឹបត្រងលម្អងផ្កា។

គង្គាហូរត្រជាក់ធ្លាក់រិញៗ
លុះរលេញចេញតាមដុំសិលា
បានជួបផ្ទាល់មិនអស់ចិត្តទស្សនា
ចម្រុះផ្កាបុប្ផាព្រះវិហារ។

No comments:

Post a Comment