Saturday, September 14, 2013

ភ្លេចផ្លែក្រសាំង


នឹកដើមក្រសាំងខាងកើតវត្ត
អូនស្លៀកសំពត់ឡើងបេះផ្លែ
វេចយកទៅផ្ទះទុកឲ្យម៉ែ
ស្លម្ជូរត្រីស្រែបង់ម្អមខ្ចី។

ជាប់ដៃរត់លេងជាមួយបង
ដើរខ្វារក្ដាមខ្យងឃ្វាលក្របី
ដេញប្រឡែងគ្នាឡើងហុយដី
តាំងពីម៉ោងបីដល់ថ្ងៃលិច។

ម៉ែនាងនៅផ្ទះគាត់រង់ចាំ
ក្រសាំងបួនប្រាំអូនក៏ភ្លេច
ពេលទៅដល់ផ្ទះមិនអាចគេច
ម៉ែចាប់ក្រញេចអូនយំហ៊ូរ។

គាត់ថាយីអើ!មីកូនស្រី
សម្ងំធ្វើអីបានជាយូរ
ឥឡូវសម្លអត់មានម្ជូរ
ឪហងរអ៊ូអញងាប់ហើយ។

No comments:

Post a Comment