Monday, September 16, 2013

បិណ្ឌភ្ជុំ


ថ្ងៃវេនកាន់បិណ្ឌខិតជិតដល់
គ្រប់គ្នាខ្វាយខ្វល់តាមទម្លាប់
ទំនៀមសាសនាដូនតាធ្លាប់
តភ្ជាប់ហូរហែខែឥឡូវ។

ទោះបីរស់នៅឆ្ងាយម្ដេចម្ដា
សម្រាកកិច្ចការនិងតម្រូវ
ជួបជុំដូនតាញាតិម៉ែឪ
ស្រុកភូមិឆ្ងាយផ្លូវមិនត្រូវខាន។

ប្រគេនចង្ហាន់ដល់ព្រះសង្ឃ
ឧទ្ទិសតម្រង់ជូនសន្ដាន
បាត់បង់ជីវិតទាំងប៉ុន្មាន
សូមទទួលបាននូវកុសល។

សាច់សារលោហិតជិតឆ្ងាយក្ដី
ជាប្រេតអវចីទើបមកដល់
សូមបានសេពសោយអាហារផ្ដល់
មគ្គផលជាស្ពានរំដោះកម្ម។

ពំនូតបាយបិណ្ឌកូនចៅបោះ
ឧទ្ទិសដោយស្មោះរៀងរាល់ឆ្នាំ
សង្ឃបង្សុកូលរួចទោសកម្ម
រៀងរាល់ប្រចាំដប់ប្រាំថ្ងៃ។

ឆាប់បានទៅកើតកំណើតមុខ
អស់កម្មពៀរទុក្ខទណ្ឌកម្មក្រៃ
ដោយអំណាចបុណ្យដ៏ថ្លាថ្លៃ
កម្រៃកូនចៅទាំងអស់ធ្វើ។

ហៃ!សាធុជនទាំងអស់គ្នា
អនុមោទនានូវទង្វើ
ក្នុងដប់ប្រាំថ្ងៃនៃអំពើ
ដែលយើងបានធ្វើពេលភ្ជុំបិណ្ឌ។

No comments:

Post a Comment