Tuesday, September 17, 2013

ភ្ជុំបិណ្ឌ


ថ្ងៃសុក្រ១រោច ភទ្របទរនោច ខានស្អែកនេះណា
វេលាភ្ជុំបិណ្ឌ នៃពុទ្ធសាសនា វេរភត្តាហារ
គ្រប់ថ្ងៃដប់ប្រាំ។

យមបាលបានដោះ លែងប្រេតទាំងអស់ ដែលជាប់ទោសកម្ម
រងទុក្ខវេទនា អស់កាលមួយឆ្នាំ ខ្ទះខ្លាញ់ដេកត្រាំ
រងកម្មខ្លោចផ្សា។

ដើរត្រាច់រង្គាត់ សង្វែងសាត់ព្រាត់ តាមវត្តសាលា
ក្បែរសំយ៉ាបផ្ទះ រំពៃនេត្រា រកញាតិកា
ប្រាំពីរសន្ដាន។

ប្រេតមានសាច់ញាតិ លៃលកឆ្លាស់ឆ្លៀត ចង្ហាន់ពេញចាន
ប្រគេនព្រះសង្ឃ វេរឲ្យខ្លួនបាន ឆ្អែតស្កប់ស្កល់ប្រាណ
ម្ហូបចំណីនំ។

គួរឲ្យអនិច្ចា ប្រេតអនាថា រងនូវទុក្ខធំ
មិនបានជួបញាតិ ក្នុងពេលបិណ្ឌភ្ជុំ អង្គុយទួញយំ
ស្រេកឃ្លានអាហារ។

សូមឧទ្ទិសផល ឲ្យបានទៅដល់ ពួកប្រេតកំព្រា
បានឆីចម្អែត ឆ្អែតឆ្អន់គ្រប់គ្នា កុំឲ្យវេទនា
ក្នុងគ្រានេះផង។

No comments:

Post a Comment