Thursday, September 19, 2013

សុភាសិត (១)



ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ
មានផ្លូវប្រឡាយទើបទឹកហូរលក
ទំពក់វាទៅផ្លែព្នៅវាមក
មានកើតពីរកសន្សំទុកនៅ។

ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យត្រង
ផ្លូវវៀចគួរប៉ងផ្លូវត្រង់កុំទៅ
ទីទឹកត្រជាក់ត្រីកុះកុំនៅ
ភ្លើងឆេះឆាបទៅត្រូវហុយចេញផ្សែង។

ខិតខំធ្វើគុណមួយរយសំពៅ
ទោសមួយចូលនៅអាស្រូវជាក់ស្ដែង
កាំបិតមិនអាចចិតដងខ្លួនឯង
ហារស្លាក់ខ្ជាក់ស្លែងស្តោះហើយលេបវិញ។

សំណាបយោងដីស្រីយោងបុរស
ធ្វើគុណសប្បុរសនាំទោសទោម្នេញ
មាយាដកខ្ញីគេស្តីជម្រេញ
ទុកមិនចំណេញដកចេញមិនខាត។

ភូតនៅលើហោរចោរនៅលើជាង
ពាក្យចាស់រៀបរៀងទំនៀមបទបាទ
ដំរីជើងបួនគង់មានពេលប្លាត
អ្នកប្រាជ្ញអស់ខ្នាតភ្លេចភ្លាំងអសារ។

គោលឿនសឹកកស្រីល្អសឹកគូថ
អ្នកច្រើនលេងភូតគង់ចាញ់អាត្មា
លូកជើងរាទឹកមិនកាន់ច្រវា
ចង់បានផ្លែផ្កាយកភ្លើងដុតគល់។

កុំកាប់បំពង់រង់ចាំទឹកភ្លៀង
វាធ្លាក់មិនទៀងពពកវិលវល់
ដំរីក៏ខ្វាក់ទម័កឆ្កួតពល
រិតតែអំពល់រុលទៅមិនបាន។

សម្តីសរជាតិមាយាទសរពូជ
មិនអាចគេចរួចពីភ្នែកសណ្តាន
លេងក្មេងបាក់យសលេងពស់មិនបាន
ចឹកប៉ូកក្ស័យប្រាណខានបានរស់នៅ៕

No comments:

Post a Comment