Wednesday, September 25, 2013

ពេលល្ងាច


ពេលល្ងាចមកដល់ទ័លគំនិត
ធ្លាប់ជុំញាតិមិត្តជិតឆ្ងាយខ្លួន
ជជែកសាស័ព្ទចាប់ចុងចួន
ក្រអៅក្រអួនស្ងួនចិន្តា។

ពេលល្ងាចមកដល់ឆ្ងល់ពេកណាស់
ក្រពះឆ្លៀតឆ្លាស់ពើតឆ្លេឆ្លា
បែបដល់វេលាវាត្រូវការ
ច្រកជ្រាំអាហារទើបលំនឹង។

ពេលល្ងាចមកដល់យល់អផ្សុក
ចង់ទៅសំកុកគិតសញ្ជឹង
គយគន់រំពៃព្រៃអូរស្ទឹង
ដល់ងងិតឈឹងអស់រស្មី។

ពេលល្ងាចមកដល់ជល់កែវមួយ
ដើម្បីលើកស្ទួយថ្លើមពិសី
ក្រពះពោះវៀនឃ្លានក្លែមអី
ហៅមកអូនស្រីថ្លៃប៉ុន្មាន។

ពេលល្ងាចមកដល់ខ្វល់អ្វីអេះ?
នឹកអូនខ្លាំងម៉្លេះរិះរកស្មាន
បើសិននៅក្បែរប្រែប្រុងប្រាណ
នែបនិត្យកល្យាណបានម៉ាថ្ងៃ។

ពេលល្ងាចមកដល់យល់ជិតយប់
ព្រលប់ព្រលប់យប់រាត្រី
បញ្ចេញសំនៀងសៀងតន្ត្រី
បំពេរក្មួយស្រីដីស្រុកស្រែ៕

No comments:

Post a Comment