Friday, September 20, 2013

ប្រេតក្រោកមិនទាន់គេ

ក្រោកមិនទាន់គេ ម៉ែអើយអ្នកមេ គេស៊ីគ្មានសល់
ខំដើរប្រមូល រកកាកសំណល់ សំណែនសេសសល់
ក្រោមខ្ទមអ្នកតា។

លូកដៃទៅចាប់ ស្រាប់តែលាន់ផ្លាប់ ប្រកាច់ដាច់ផ្ងារ
ខ្ញុំត្រូវមួយជើង របស់អ្នកតា ចុកចាប់ឈឺផ្សារ
អាអ្នកតាឈ្លើយ។

ពួកគេទៅទាន់ បានហូបគ្រប់គ្រាន់ ធ្វើហីរំភើយ
ខ្លះសល់វេចខ្ចប់ វិលវិញព្រងើយ ឱ!ខ្លួនខ្ញុំអើយ
នេះហើយទ្រមក់។

យប់ម៉ិញជួបមិត្ត សម្លាញ់ឆ្ងាយជិត មកពីនរក
នាំគ្នាប្រម៉ឹក ផឹកស៊ីច្រៀងជក់ ទម្រាំដេកលក់
ម៉ោងពីរម៉ោងបី។

ងងុយយ៉ាងខ្លាំង ល្វើយអស់កម្លាំង លក់លែងដឹងអី
គេបោះបាយបិណ្ឌ ធ្លាក់ស្រោចលើដី កម្មឯងដឹងអី
ក្រោកទៅមិនទាន់។

យប់នេះប្រឹងប្រែង ត្រូវតែស្វះស្វែង ឲ្យបានរួសរាន់
ព្រោះបទពិសោធន៍ បង្ហាញគ្រប់គ្រាន់ ដេកក្រោកមិនទាន់
អាសន្នក្រពះ។

No comments:

Post a Comment