Wednesday, September 25, 2013

ពេលល្ងាច


ពេលល្ងាចមកដល់ទ័លគំនិត
ធ្លាប់ជុំញាតិមិត្តជិតឆ្ងាយខ្លួន
ជជែកសាស័ព្ទចាប់ចុងចួន
ក្រអៅក្រអួនស្ងួនចិន្តា។

ពេលល្ងាចមកដល់ឆ្ងល់ពេកណាស់
ក្រពះឆ្លៀតឆ្លាស់ពើតឆ្លេឆ្លា
បែបដល់វេលាវាត្រូវការ
ច្រកជ្រាំអាហារទើបលំនឹង។

ពេលល្ងាចមកដល់យល់អផ្សុក
ចង់ទៅសំកុកគិតសញ្ជឹង
គយគន់រំពៃព្រៃអូរស្ទឹង
ដល់ងងិតឈឹងអស់រស្មី។

ពេលល្ងាចមកដល់ជល់កែវមួយ
ដើម្បីលើកស្ទួយថ្លើមពិសី
ក្រពះពោះវៀនឃ្លានក្លែមអី
ហៅមកអូនស្រីថ្លៃប៉ុន្មាន។

ពេលល្ងាចមកដល់ខ្វល់អ្វីអេះ?
នឹកអូនខ្លាំងម៉្លេះរិះរកស្មាន
បើសិននៅក្បែរប្រែប្រុងប្រាណ
នែបនិត្យកល្យាណបានម៉ាថ្ងៃ។

ពេលល្ងាចមកដល់យល់ជិតយប់
ព្រលប់ព្រលប់យប់រាត្រី
បញ្ចេញសំនៀងសៀងតន្ត្រី
បំពេរក្មួយស្រីដីស្រុកស្រែ៕

ការងារព្រះអាទិត្យ


តាំងពីព្រលឹមទល់ព្រលប់
បងដើរឥតឈប់ព្រោះការងារ
បំភ្លឺអស់ភពមិនរួញរា
ខិតចូលសន្ធ្យាទើបស្រាន្តស្រាក។

ព្រឹកឡើងមិនទាន់បានហូបអី
រូតរះឃ្មាតខ្មីខ្លាចគេផាក
ចោទថាយើងខ្ជិលបញ្ឈប់ផ្អាក
នោះនឹងពិបាករកការធ្វើ។

សូរ្យឡង់ត្រិច


ថ្ងៃជ្រេរពីត្រង់តម្រង់ឡង់ត្រិច(១)
មិនគេចបន្តិច
ច្បាស់ជាបុកភ្នំ
ពេលនោះថ្ងៃឯងសង្រេងទួញយំ
បែកក្បាលយ៉ាងធំថ្មភ្នំធ្លាក់ប៉ះ។

ថ្ងៃជ្រេរពីត្រង់តម្រង់លឿនស្លៅ
បញ្ចេញកម្តៅឲ្យក្តៅខ្លាំងណាស់
មនុស្សសត្វជ្រកម្លប់ព្រោះថ្ងៃផ្ដេសផ្ដាស់
គ្មានត្រជាក់ខ្លះស្អុះស្អាប់ពុំស្រាក។

ថ្ងៃជ្រេរពីត្រង់តម្រង់សម័យ
សាយណ្ហល្ងាចថ្ងៃកែខៃសម្រាក
បន់ឲ្យដល់យប់នឹងបានឈប់ផ្អាក
សម្រួលសម្រាកពីរនាក់ស្រីស្នេហ៍។

ថ្ងៃជ្រេរពីត្រង់តម្រង់គោចរ
អូសរាជរថបរមិនហ៊ានងាកបែរ
បើមិនរះលេចគេកាត់ប្រាក់ខែ
ពេលនោះស្រីស្នេហ៍នឹងប្រែសាវា។

ថ្ងៃជ្រេរពីត្រង់តម្រង់គោលដៅ
ខ្មៅអើយស្រីខ្មៅពៅចាំបងណា
ពេលដែលរៀមលិចបញ្ចប់កិច្ចការ
យើងនឹងយាត្រាទៅញ៉ាំផ្កាយដុត។

(១) ពាក្យគន្លាស់។Top of Form
Bottom of Form


Tuesday, September 24, 2013

សុបិន


យប់ម៉ិញសុបិនថាខ្លួនបាន
លម្ហែកំសាន្តមាត់សមុទ្រ
បង្គាបង្កងក្ដាមថ្មដុត
យីហ៊ឺគាបត្បុតក្លែមស្រាបៀរ។

ហើយមានស្រីស្អាតចោមហែហូរ
ម៉ៃយ៉ូលីអូសំយ៉េះហៀរ
ដងខ្លួនល្វតល្វន់ទន់រេរា
នាំគ្នាមកនែបនិត្យជិតកាយ។

ភ្នែកនាងតូចៗខួចទាំងថ្ពាល់
ពេលដែលបានយល់ភ័ក្រ្តឆោមឆាយ
ព្រឺរោមបះសក់ស្លុតចិត្តកាយ
មាត់ដូចសណ្ដាយត្រីទន្លេ។

ទន់ទេរ...


សាយ័ណ្ហទន់ទេរ អាគកជាន់មេ ម្ចាស់ស្រែកជេរមាន់
មីញីទាកាប ក្រាបក្រោយបង្គន់ អាឈ្មោលឡើងជាន់
ដើរព័ន្ធជើងដួល។

សាយ័ណ្ហទន់ទេរ កូនគោបៅមេ រមៀលរមួល
ក្របីឈ្មោលញី ស៊ីស្មៅក្បែរទូល ជាន់កូនជ្រូកដួល
ជ្រួលរត់រងោក។

សាយ័ណ្ហទន់ទេរ ចាបហិចហើររេ ទុំលើទ្រើងឃ្លោក
ព្រាបសមួយហ្វូង ជិតអណ្ដូងលោក ចចឹកឆ្ងក់ឈ្ងោក
ខ្លះទុំលើកុដិ។

សាយ័ណ្ហទន់ទេរ ក្បែរមាត់ទន្លេ គេបេះពោតដុត
ក្មេងៗចាប់ត្រី មកគាបនិងត្បុត ភ្លើងរលត់ផុត
ឆ្អិនពោតទាំងត្រី។

សាយ័ណ្ហទន់ទេរ សម្លេងម៉ាញ៉េ រសៀលម៉ោងបី
អ្នកចាំចម្ការ ចាក់បទចេញថ្មី ខេមរៈសិរី
ជួយដោះចែញុំ។

សាយ័ណ្ហទន់ទេរ ងាកមុខបែររេ សម្លឹងទៅភ្នំ
ពពកខ្មៅស រសាត់ជិតជុំ ជាប់នឹងជើងភ្នំ
ព្រៃខៀវស្រងាត់។

ពេលសាយណ្ហ..


ថ្ងៃបាក់រសៀល ក្របីននៀល ដេកត្រាំក្នុងថ្លុក
គោទំពារអៀង ភ្នែកដៀងមើលកុក ឈរទុំច្រង៉ុក
លើខ្នងក្របី។

ថ្ងៃបាក់រសៀល មេឆ្កែពពាល ខាំពាំចំណី
ទៅពួនទំពារ ក្រោយគុម្ពឫស្សី កូនវាទាំងបី
រញ៉ីតាមបៅ។

ថ្ងៃបាក់រសៀល លើចុងឈើទាល ក្អែកបូលឡូវ
ទទាស្រែកយំ ក្បែរសត្វតាវ៉ៅ លើដើមស្រឡៅ
ធំខ្ពស់ស្រឡះ។

ថ្ងៃបាក់រសៀល កុកក្រកនិងក្រៀល ហើរលើអាកាស
មេឃចាំងពន្លឺ ពពកដេរដាស ល្ងាចនេះគឺច្បាស់
នឹងធ្លាក់ទឹកភ្លៀង។

Monday, September 23, 2013

ប្រេតបិណ្ឌ ៥


ចូលថ្ងៃប្រាំរោចរនោចបិណ្ឌភ្ជុំ
ពួកប្រេតតូចធំឈរយំសង្វេគ
ស្រែកទួញកើតទុក្ខទឹកមុខស្លាំងស្លេក
ហេវហត់ខ្លាំងពេកឃ្លានស្រេកអាហារ។

មិនឃើញញាតិមិត្តមកជិតខ្លួនសោះ
គួរឲ្យអាឡោះស្រណោះខ្លោចផ្សារ
សល់ដប់ថ្ងៃទៀតអស់ពេលហើយណា
យមបាលត្រូវការបញ្ជាកោះហៅ។

បើទោះជារស់នៅទីឯឆ្ងាយ
គប្បីខ្វល់ខ្វាយខ្លះផងកូនចៅ
ប្រគេនចង្ហាន់តម្រង់ឆ្ពោះដៅ
បានដល់ញាតិផៅក្រុមប្រេតនៃខ្លួន។

ឲ្យបេះដូងបងវិញ!!


ហេតុអី?ដាច់ចិត្តចាកចោលបង
ឲ្យរៀមសៅហ្មងរងខ្លោចផ្សា
ឈឺចិត្តស្អិតទ្រូងរូងសោកា
ដោយសារសម្ដីស្រីសុំលា។

ហេតុអី?ដាច់ចិត្តឥតស្រណោះ
បំភ្លេចសូន្យសោះអស់នឹកនា
អនុស្សាវរីយពីរអង្គា
ធ្លាប់រួមជាគ្នាគ្រាកន្លង។

ហេតុអី?ក៏អូនមិនអាណិត
អាសូរដល់ចិត្តរៀមរ៉ាផង
ឆក់យកបេះដូងរបស់បង
ផ្ដាច់ទាំងចំណងស្នេហាយើង។

ប្រេតអផ្សុក


ប៉ុន្មានថ្ងៃសោះ ដូចនឹអាឡោះ អាល័យពួកប្រេត
ដែលបានដោះលែង ទៅរកចម្អែត ស៊ីឲ្យបានឆ្អែត
នៅស្ថានកណ្ដាល។

ធ្លាប់តែរាល់ថ្ងៃ ទាត់ធាក់ចាក់វ៉ៃ តាមទោសធ្ងន់ស្រាល
វេលាទំនេរ ក៏ទេម្ដងម្កាល ចិត្តត្រកត្រអាល
ធ្វើទារុណកម្ម។

ភ្ជុំបិណ្ឌនិស្ស័យ កំណត់កត់ថ្ងៃ វេលាដប់ប្រាំ
ពួកប្រេតបានរួច ទុក្ខទោសទណ្ឌកម្ម ខ្ទះខ្លាញ់ធ្លាប់ត្រាំ
ក៏ត្រូវផ្អាកដែរ។

អផ្សុកមែនវ៉ី មិនដឹងធ្វើអី ចាំបើកប្រាក់ខែ
បបួលយមបាល មិត្តភក្តិនៅក្បែរ ទៅស៊ីសាច់ឆ្កែ
ឯផ្ទះយមរាជ។

Friday, September 20, 2013

ឧទ្ទិសអំពីចម្ងាយ


ឆ្នាំនេះខកខានមិនបានទៅទៀត
ទៅភ្ជុំជួបញាតិដែលឃ្លាតគ្នាយូរ
វិញ្ញាណដូនតាច្បាស់ជារអ៊ូ
រទាំរទូមួរហ្មងឥតល្ហែ។

ត្បិតមិនបានទៅកូនចៅនៅនេះ
ពុំមានសន្ទិះទ្រឹស្តិ​ស្មូរគេចកែ
ឆ្លៀតចូលបច្ច័យកម្រៃហូរហែ
ទៅវត្តជិតក្បែរមិនទេខកខាន។

ឧទ្ទិសកុសលបានដល់គ្រប់គ្នា
រដោះកម្មពៀរវេរារួចបាន
ឆាប់ចាប់កំណើតទៅកើតក្នុងឋាន
សុគតិភពសាន្តគ្រប់ប្រាណទៅហោង។

ប្រេតក្រោកមិនទាន់គេ

ក្រោកមិនទាន់គេ ម៉ែអើយអ្នកមេ គេស៊ីគ្មានសល់
ខំដើរប្រមូល រកកាកសំណល់ សំណែនសេសសល់
ក្រោមខ្ទមអ្នកតា។

លូកដៃទៅចាប់ ស្រាប់តែលាន់ផ្លាប់ ប្រកាច់ដាច់ផ្ងារ
ខ្ញុំត្រូវមួយជើង របស់អ្នកតា ចុកចាប់ឈឺផ្សារ
អាអ្នកតាឈ្លើយ។

ពួកគេទៅទាន់ បានហូបគ្រប់គ្រាន់ ធ្វើហីរំភើយ
ខ្លះសល់វេចខ្ចប់ វិលវិញព្រងើយ ឱ!ខ្លួនខ្ញុំអើយ
នេះហើយទ្រមក់។

យប់ម៉ិញជួបមិត្ត សម្លាញ់ឆ្ងាយជិត មកពីនរក
នាំគ្នាប្រម៉ឹក ផឹកស៊ីច្រៀងជក់ ទម្រាំដេកលក់
ម៉ោងពីរម៉ោងបី។

ងងុយយ៉ាងខ្លាំង ល្វើយអស់កម្លាំង លក់លែងដឹងអី
គេបោះបាយបិណ្ឌ ធ្លាក់ស្រោចលើដី កម្មឯងដឹងអី
ក្រោកទៅមិនទាន់។

យប់នេះប្រឹងប្រែង ត្រូវតែស្វះស្វែង ឲ្យបានរួសរាន់
ព្រោះបទពិសោធន៍ បង្ហាញគ្រប់គ្រាន់ ដេកក្រោកមិនទាន់
អាសន្នក្រពះ។

Thursday, September 19, 2013

ប្រេតមកដល់


អស់ញាតិប្រុសស្រី ជម្រាបសួស្ដី ខ្ញុំមកដល់ហើយ
កន្លងមួយឆ្នាំ រងកម្មពុំស្បើយ ពេលនេះបានល្ហើយ
រួចទុក្ខទោសភ័យ។

យមបាលបើកទ្វារ ពួកប្រេតគ្រប់គ្នា ស្វះស្វែងលកលៃ
ហេវហត់ខ្លាំងណាស់ បាក់ពោះសន្ធៃ គយគន់រំពៃ
ចំណីអាហារ។

ទៅវត្តកុំខាន ឲ្យយើងខ្ញុំបាន បាយបិណ្ឌផងណា
ត្រឹមដប់ប្រាំថ្ងៃ យមរាជកត់ត្រា វិលវិញយាត្រា
ណាញាតិសន្ដាន។

សម្បត្តិសុខ..


សម្បុកសម្បត្តិ សម្បុកមានសត្វ សម្បត្តិមានសុខ
សម្បូរសប្បាយ ចំណីស៊ីចុក ចំណាយស្រណុក
សុខព្រោះប្រយ័ត្ន។

សម្បត្តិសម្បុក សម្បត្តិមានសុខ សម្បុកមានសត្វ
ប្រហោងរបេះ ប្រហែសវាបាត់ ប្រយ៉ែងគេក្លាត់
ប្រយ័ត្នគេក្លែង។

សម្បត្តិសម្បូរ សម្បត្តិហៀរហូរ សម្បូរកន្លែង
ចាកផុតលំបាក តោកយ៉ាកចំបែង សម្បើមជាក់ស្ដែង
សម្បែងគេហា។

សម្បូរសម្បត្តិ សម្បូរទាំងសត្វ សម្បត្តិត្រៀបត្រា
មាន់ទាក្របី ជ្រូកសាច់មច្ឆា ដំណាំរុក្ខា
ផលាសន្ធឹក។

សម្បូរសម្បើម សម្បូរទ្រព្យដើម សម្បើមគគ្រឹក
ចំណាយចំណូល ចូលទាំងយប់ព្រឹក ព្រលឹមរឭក
នឹកឃើញសម្បូរ។

សុភាសិត (១)



ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ
មានផ្លូវប្រឡាយទើបទឹកហូរលក
ទំពក់វាទៅផ្លែព្នៅវាមក
មានកើតពីរកសន្សំទុកនៅ។

ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យត្រង
ផ្លូវវៀចគួរប៉ងផ្លូវត្រង់កុំទៅ
ទីទឹកត្រជាក់ត្រីកុះកុំនៅ
ភ្លើងឆេះឆាបទៅត្រូវហុយចេញផ្សែង។

ខិតខំធ្វើគុណមួយរយសំពៅ
ទោសមួយចូលនៅអាស្រូវជាក់ស្ដែង
កាំបិតមិនអាចចិតដងខ្លួនឯង
ហារស្លាក់ខ្ជាក់ស្លែងស្តោះហើយលេបវិញ។

សំណាបយោងដីស្រីយោងបុរស
ធ្វើគុណសប្បុរសនាំទោសទោម្នេញ
មាយាដកខ្ញីគេស្តីជម្រេញ
ទុកមិនចំណេញដកចេញមិនខាត។

ភូតនៅលើហោរចោរនៅលើជាង
ពាក្យចាស់រៀបរៀងទំនៀមបទបាទ
ដំរីជើងបួនគង់មានពេលប្លាត
អ្នកប្រាជ្ញអស់ខ្នាតភ្លេចភ្លាំងអសារ។

គោលឿនសឹកកស្រីល្អសឹកគូថ
អ្នកច្រើនលេងភូតគង់ចាញ់អាត្មា
លូកជើងរាទឹកមិនកាន់ច្រវា
ចង់បានផ្លែផ្កាយកភ្លើងដុតគល់។

កុំកាប់បំពង់រង់ចាំទឹកភ្លៀង
វាធ្លាក់មិនទៀងពពកវិលវល់
ដំរីក៏ខ្វាក់ទម័កឆ្កួតពល
រិតតែអំពល់រុលទៅមិនបាន។

សម្តីសរជាតិមាយាទសរពូជ
មិនអាចគេចរួចពីភ្នែកសណ្តាន
លេងក្មេងបាក់យសលេងពស់មិនបាន
ចឹកប៉ូកក្ស័យប្រាណខានបានរស់នៅ៕

Wednesday, September 18, 2013

ថើប


អង្រឹងមួយ...


អង្រឹងមួយពីរនាក់បញ្ជាក់ស្នេហ៍
អង្រឹងមួយថ្នមថែស្នេហ៍ភក្ដី
អង្រឹងមួយប្រលោមលួងលោមស្រី
អង្រឹងមួយរាត្រីចន្ទ្រភ្លឺថ្លា។

អង្រឹងមួយពីរនាក់ត្រជាក់ចិត្ត
អង្រឹងមួយកៀកកិតស្និទ្ធកាយា
អង្រឹងមួយផ្ដោះផ្ដងចងវាចា
អង្រឹងមួយស្នេហាថ្លាកន្លង។

អង្រឹងមួយពីរនាក់ឥតប្រួលប្រែ
អង្រឹងមួយលម្ហែអូននិងបង
អង្រឹងមួយវេញធ្លុងជាចំណង
អង្រឹងមួយអូនបងចងភ្ជាប់គ្នា។

អាសូរអំពូល


បើមិនពុះពារដកខ្លួនឯង
ខ្លាចក្រែងក្ដៅផ្ទុះមិនស្រួលទេ
កើតអគ្គីភ័យត្រូវគេជេរ
ថាបំផ្លាញគេឲ្យវេទនា។

ដោតឯងមួយយប់រហូតភ្លឺ
គ្មាននរណាឈឺក្បាលគ្រប់គ្នា
ក្ដៅឡើងផ្សែងហុយសែនគ្រាំគ្រា
តើមានមនុស្សម្នាណាគិតខ្ញុំ។

Tuesday, September 17, 2013

ភ្ជុំបិណ្ឌ


ថ្ងៃសុក្រ១រោច ភទ្របទរនោច ខានស្អែកនេះណា
វេលាភ្ជុំបិណ្ឌ នៃពុទ្ធសាសនា វេរភត្តាហារ
គ្រប់ថ្ងៃដប់ប្រាំ។

យមបាលបានដោះ លែងប្រេតទាំងអស់ ដែលជាប់ទោសកម្ម
រងទុក្ខវេទនា អស់កាលមួយឆ្នាំ ខ្ទះខ្លាញ់ដេកត្រាំ
រងកម្មខ្លោចផ្សា។

ដើរត្រាច់រង្គាត់ សង្វែងសាត់ព្រាត់ តាមវត្តសាលា
ក្បែរសំយ៉ាបផ្ទះ រំពៃនេត្រា រកញាតិកា
ប្រាំពីរសន្ដាន។

ប្រេតមានសាច់ញាតិ លៃលកឆ្លាស់ឆ្លៀត ចង្ហាន់ពេញចាន
ប្រគេនព្រះសង្ឃ វេរឲ្យខ្លួនបាន ឆ្អែតស្កប់ស្កល់ប្រាណ
ម្ហូបចំណីនំ។

គួរឲ្យអនិច្ចា ប្រេតអនាថា រងនូវទុក្ខធំ
មិនបានជួបញាតិ ក្នុងពេលបិណ្ឌភ្ជុំ អង្គុយទួញយំ
ស្រេកឃ្លានអាហារ។

សូមឧទ្ទិសផល ឲ្យបានទៅដល់ ពួកប្រេតកំព្រា
បានឆីចម្អែត ឆ្អែតឆ្អន់គ្រប់គ្នា កុំឲ្យវេទនា
ក្នុងគ្រានេះផង។

រស់ឥតន័យ



ឱរាផ្សាចុក អង្គុយសំកុក ទល់មុខទន្លេ
ម្ដេចក៏សូន្យឈឹង ព្រលឹងមាសមេ បាត់យូរម្លេះទេ
មាសស្នេហ៍វរមិត្ត។
ឱរាសៅហ្មង តូចចិត្តកន្លង ស្រីមិនមកជិត
មានតែលោតទឹក លែងនឹកខ្វល់គិត មិនស្ដាយជីវិត

រស់នៅឥតន័យ។

ប្រាសាទ


ប្រាសាទបាខែង,ប្រាង្គបាយ័ន
ប្រាសាទនាគព័ន្ធ,ប្រាង្គសួរព្រ័ទ្ធ
ភិមានអាកាស,អង្គរវត្ត
បាពួន,ព័ន្ធព័ទ្ធថែវថ្មដារ។

ប្រាសាទប្រែរូប,គុកតាគង់
លានស្ដេចគន្លង់,បន្ទាយឆ្មារ
ព្រះងោក,ព្រះឃ្លាំង,ប្រាសាទចារ
ចៅសាយទេវតា,គុកអង្គរធំ។

ព្រះបាលិលេយ្យ,ប្រសាទជ្រឹង
បាពួន,ឈរធ្មឹងប្រាង្គតាព្រហ្ម
ប្រាសាទលាក់នាង,គុកស្វាយធំ
ប្រាសាទបាទជុំ,បន្ទាយក្ដី។

មេបុណ្យខាងលិច,ប្រាង្គតាសោម
ប្រាសាទភ្នំក្រោម,បន្ទាយស្រី
មេបុណ្យខាងកើត,បន្ទាយក្ដី
បាខែង,តាណី,ប្រាង្គក្រវ៉ាន់។

បន្ទាយសំរែ,ព្រះពិធូរ
គ្រឹះគុកតាហូ,ប្រាង្គព្រះខ័ន
បក្សីចាំក្រុង,វាំងវរ្ម័ន
ធម្មនន្ទ,គុកចាន់,ប្រាសាទកី។

ប្រាសាទបាយក្អែក,តាព្រហ្មកិល
បន្ទាយអំបិល,គោកតាស្រី
ប្រាសាទព្រៃក្មេង,ឥន្ទកោសិយ
ឆ័ត្រមហាឫស្សី,តាគមធំ។

ប្រាសាទតុប១ និងតុប២
ប្រាសាទប៉ាទ្រី,បន្ទាយធំ
ប្រាសាទអូរពង,គ្រឹះទឹកជុំ
ត្រពាំងជុកធំ,គុកស្លាកែត។

នេះជាឈ្មោះប្រាសាទខ្លះៗ ក្នុងចំណោមប្រាសាទបុរាណខ្មែរ
ប្រហែល ២៣៣​ ស្ថិតក្នុងខេត្តសៀមរាប។ តែប្រាសាទខ្លះបែក
បាក់នៅសល់តែគ្រឹះក្នុងដីតែប៉ុណ្ណោះ។
(ដកស្រង់ចេញពីសៀវភៅសារពើភ័ណ្ឌបុរាណប្រាសាទខ្មែរ
រៀបរៀងចងក្រងដោយ រ័ត្នន៍ សេនា ឆ្នាំ ១៩៩៥)។


Monday, September 16, 2013

ស្ដាយ....


ស្ដាយ ទីកន្លែងតែងណាត់ជួប
ស្ដាយ ធ្លាប់រួមរួបជួបជិតជុំ
ស្ដាយ ម្លប់ត្រឈឹងមាត់បឹងធំ
ស្ដាយ សៀងរងំស័ព្ទបក្សី។

ស្ដាយ ព្រះគង្គាថ្លាត្រជាក់
ស្ដាយ សន្សើមធ្លាក់ពេលរាត្រី
ស្ដាយ រានកង់ចាស់ធ្លាប់ដឹកដី
ស្ដាយ ពាក្យសម្ដីស្ដីចចារ។

ស្ដាយ ពេលព្រលប់យប់មកដល់
ស្ដាយ ខ្យល់រហើយប៉ះកាយា                  
ស្ដាយ មិនបានជួបដូចប្រាថ្នា
ស្ដាយ ហួសនឹងថាហាស្រដី។

ព្រះវិហារ



ជំនោរធ្លាក់ត្រជាក់អ័ព្ទជិតជុំ
ព័ទ្ធព័ន្ធភ្នំជំរុំដងព្រឹក្សា
សម្លេងផ្គរគ្រលរខ្ទរសោតា
ហ្វូងម្រឹគាយាត្រាលបលាក់កាយ។

ចុងរុក្ខាបក្សាសត្វបក្សី
ស្វះស្វែងរកចំណីដោយសប្បាយ
ដណ្ដើមគ្នាប្រញឹកចឹកប្រញាយ
ហោះហិចហើរជិតឆ្ងាយពុំមានហ្មង។

រៃកណ្ដឹងប្រឹងស្រែកសម្រែកច្រៀង
បន្លឺស័ព្ទចម្រៀងសៀងឆ្លើយឆ្លង
លាន់ឮរ៉ែនៅក្បែរអូរទឹកផង
ឃ្មុំត្រសងត្រឹបត្រងលម្អងផ្កា។

គង្គាហូរត្រជាក់ធ្លាក់រិញៗ
លុះរលេញចេញតាមដុំសិលា
បានជួបផ្ទាល់មិនអស់ចិត្តទស្សនា
ចម្រុះផ្កាបុប្ផាព្រះវិហារ។