Wednesday, August 28, 2013

ស្ទឹងលាភ


ស្ទឹង ធ្លាប់ណាត់ជួប
ស្ទឹង ទីជំនួប
ស្ទឹង រួបរួមចិត្ត
ស្ទឹង បណ្ដុះស្នេហ៍
ស្ទឹង ថែស្នាមស្និទ្ធ
ស្ទឹង ពេញអាណិត
ស្ទឹង ឥតបែកបែរ។

ស្ទឹង ជួយសម្ភី
ស្ទឹង យើងទាំងពីរ
ស្ទឹង ទីលម្ហែ
ស្ទឹង ល្បួងលួងលោម
ស្ទឹង ប្រលោមស្នេហ៍
ស្ទឹង គ្មានកែប្រែ
ស្ទឹង ថែស្នេហា។

ស្ទឹង ទីសប្បាយ
ស្ទឹង សើចក្អាកក្អាយ
ស្ទឹង ឆ្ងាយសោកា
ស្ទឹង ទីមនោរម
ស្ទឹង ជុំសុខា
ស្ទឹង ព្រេងវាសនា
ស្ទឹង មហាលាភ។

Saturday, August 17, 2013

ថ្ងៃលិច


ថ្ងៃលិចបាត់ សូរស័ព្ទក្អាត់ យំអឺងកង
ចង្រិតឆ្លង-ឆ្លើយរំពង ក្បែរផ្ទះស្រី
ផ្គរគ្រហឹម ភ្លៀងរលឹម សើមជោកដី
ជិះក្របី នឹកមមៃ ស្រីកល្យាណ។

ថ្ងៃលិចបាត់ បក្សីសត្វ ចូលទ្រនុំ
វិលជួបជុំ រួមសុខុម ញាតិសណ្តាន
អស់មួយថ្ងៃ ដែលចេញចាក លំនៅស្ថាន

ពេលនេះបាន រស់ជិតប្រាណ សុខសាន្តអើយ។

ក្ដាមក្ដៅចិត្តដល់ក

ចង់សួររកមុខអ្នកណាខ្លះ?
ចូលចិត្តខ្លាំងណាស់រឿងស៊ីក្ដាម
ពួកយើងទឹកភ្នែកហូររហាម
មួយគ្រួសារក្ដាមងាប់គ្មានសល់។

កុម្មង់រកសុទ្ធតែក្ដាមថ្ម
ហើយនៅរស់ល្អហោចស្រងល់
អណាងាប់ៗហីមិនខ្វល់
ស្ងោរដុតក្រហល់ក្រហាយណាស់។

ឥឡូវបើខ្លាំងចេញមុខមក
លូកដៃចាប់យកទៅលោកម្ចាស់
នឹងកៀបឲ្យដាច់បើហ៊ានប៉ះ
ឲ្យរាងលែងផ្ដាស់ស៊ីតែក្ដាម។


Friday, August 16, 2013

កូនលោក


អាយុស្មើគ្នាទាំងពីរនាក់
ស្លៀកពាក់ចីវរក៏ដូចគ្នា
កោរសក់ហែរនាគចូលវិហារ
ព្រះឧបជ្ឈាយ៍បំបួសឲ្យ។

យើងត្រូវប្ដេជ្ញាខំរៀនសូត្រ
រហូតចេះដឹងមិនអន់ខ្សោយ
មានកិត្តិយសទៅថ្ងៃក្រោយ
ផ្ដល់ឲ្យប្រយោជន៍យ៉ាងស័ក្តិសម។

ទ្រទ្រង់សាសនាប្រសើរឡើង
កាន់តែថ្កុំថ្កើងខ្ពស់ឧត្ដម
កាន់ធម៌វិន័យច្បាប់ក្រឹត្យក្រម
ចូលរួមរៀបចំអភិវឌ្ឍន៍។

Sunday, August 4, 2013

សំណាងល្អ


គោបាត់ទើបធ្វើរបង


កូនទូក


ទូកតូចកំសត់អត់អ្នកអុំ
កាលមុនធ្លាប់ជិះពីរនាក់មុំ
ពេលថ្ងៃរៀបលិចឮមាត់ត្លុំ
ក្នុងទឹកបឹងម្ដុំជាប់វាលស្រែ។

ក្រសាលក្រសោបឱបលម្ហែ
ប្រឡែងប្រលោមឆោមមាសស្នេហ៍
វារីបុប្ផារាយបង្ហែ
នៅក្បែរហត្ថារៀមរ៉ាបង។

កូនទូកត្រសែតអណ្ដែតផង
តបទចម្រៀងច្រៀងឆ្លើយឆ្លង
ឡែបខាយពាក្យពេចន៍លេចផ្ដោះផ្ដង
អស់ក្ដីសៅហ្មងផងទាំងឡាយ។

ឮតែសំណើចសើចក្អាកក្អាយ
ប្រឡូកប្រឡែងលេងសប្បាយ
រីករាយក្នុងចិត្តខ្វល់ខ្វាយ
អស់ក្ដីនឿយណាយឆ្ងាយពីប្រាណ។