Wednesday, July 31, 2013

ពេលដែល


ពេលថ្ងៃគឺវាក្ដៅ                    ពេលយប់ដៅដល់ត្រជាក់
ពេលជិះវារលាក់                  ពេលទម្លាក់លាន់ឮសូរ។
ពេលដេក-លក់ភ្លេចអស់         ពេលស្រណោះខ្សឹកខ្សួលថ្ងូរ
ពេលខូចត្រូវផ្លាស់ប្ដូរ             ពេលដែលហូរគឺពេញហៀរ។
ពេលក្រវាលំបាក                  ពេលស្រួលស្រាកទើបធូរធារ
ពេលភ្លៀងតែងរងា               ពេលសន្ធ្យាវាងងិត។
ពេលឆ្អែតគឺបាត់ឃ្លាន            ពេលដែលហ៊ានបាត់ខ្លាចពិត
ពេលភ្លក្សអណ្ដាតលិទ្ធ           ពេលដែលគិតត្រូវពិចារ-។
ពេលស្នេហ៍គាប់ក្នុងចិត្ត          ពេលអាណិតឈឺចិន្ដា
ពេលស្អប់មិនស្ដីថា                ពេលសោកាក្ដៅក្រហាយ។
ពេលបាត់នឹកអាឡោះ            ពេលដែលអស់ក៏នឹកស្ដាយ
ពេលស្អប់នាំនឿយណាយ       ពេលឃ្លាតឆ្ងាយគង់បំភ្លេច។
ពេលស្និទ្ធចិត្តចង់ជួប             ពេលរួមរួបមិនចង់គេច
ពេលរះមិនទាន់លិច              ពេលណាភ្លេចមិនដែលនឹក។
ពេលនេះមិនទៀងទាត់          ពេលប្រាស់ព្រាត់នឹករឭក
ពេលយប់បន់ឲ្យព្រឹក             ពេលវរវឹកសុំឲ្យស្ងប់។

No comments:

Post a Comment