Thursday, July 11, 2013

ទិដ្ឋភាពព្រឹកនេះ!


ព្រហាមភ្លឺច្បាស់ឱភាសស្រស់ថ្លា
បក្សីបក្សាចចារចេចចាច
រីករាយប៉ប្រិមញញឹមសម្ងាច
សន្សើមបាចសាចរោយរាចរុក្ខជាតិ។

មាន់គករងាវអំពាវហៅញី
ឲ្យចូលមកស៊ីចំណីនៅបៀត
រង់ចាំឱកាសនឹងអាលឆ្លាស់ឆ្លៀត
កៀងចូលកន្លៀតរួចឆ្លៀតអីៗ។

ឆ្កែលោតប្រឡែងសម្ដែងឫកពា
ឆ្មាលបចាប់ទាធ្វើជាចំណី
តែបានមេមាន់ច្រាសជាន់ក្រញ៉ី
ផាយរត់ឃ្មាតខ្មីហុយដីទ្រលោម។

ឯនាយគោញីបួងស៊ីចំបើង
កន្ទុយកោងឡើងបំប៉ើងបាញ់នោម
លាមកមួយដុំប្រជុំរុយរោម
ខ្នងសុទ្ធរបោមចោមចោះបឺតឈាម។

ក្របីដេកថ្លុកកុកទុំលើខ្នង
មាត់ទំពាផងទំនងមិនស្ងៀម
ឈ្លើងស្រែបីបួនភ្ជាប់ខ្លួនតោងទាម
ជញ្ជក់អង្កៀមយកឈាមក្របី។

ក្មេងៗមួយក្រុមដើរផ្ដុំក្នុងស្រែ
ឡេះឡោះហូរហែញ៉ែញ៉ងសម្ដី
សប្បាយខ្ញៀវខ្ញារកង្វារក្នុងដៃ
ខ្វារក្ដាមពីរបីរូងដីធូរៗ។


No comments:

Post a Comment