Wednesday, July 31, 2013

ពេលដែល


ពេលថ្ងៃគឺវាក្ដៅ                    ពេលយប់ដៅដល់ត្រជាក់
ពេលជិះវារលាក់                  ពេលទម្លាក់លាន់ឮសូរ។
ពេលដេក-លក់ភ្លេចអស់         ពេលស្រណោះខ្សឹកខ្សួលថ្ងូរ
ពេលខូចត្រូវផ្លាស់ប្ដូរ             ពេលដែលហូរគឺពេញហៀរ។
ពេលក្រវាលំបាក                  ពេលស្រួលស្រាកទើបធូរធារ
ពេលភ្លៀងតែងរងា               ពេលសន្ធ្យាវាងងិត។
ពេលឆ្អែតគឺបាត់ឃ្លាន            ពេលដែលហ៊ានបាត់ខ្លាចពិត
ពេលភ្លក្សអណ្ដាតលិទ្ធ           ពេលដែលគិតត្រូវពិចារ-។
ពេលស្នេហ៍គាប់ក្នុងចិត្ត          ពេលអាណិតឈឺចិន្ដា
ពេលស្អប់មិនស្ដីថា                ពេលសោកាក្ដៅក្រហាយ។
ពេលបាត់នឹកអាឡោះ            ពេលដែលអស់ក៏នឹកស្ដាយ
ពេលស្អប់នាំនឿយណាយ       ពេលឃ្លាតឆ្ងាយគង់បំភ្លេច។
ពេលស្និទ្ធចិត្តចង់ជួប             ពេលរួមរួបមិនចង់គេច
ពេលរះមិនទាន់លិច              ពេលណាភ្លេចមិនដែលនឹក។
ពេលនេះមិនទៀងទាត់          ពេលប្រាស់ព្រាត់នឹករឭក
ពេលយប់បន់ឲ្យព្រឹក             ពេលវរវឹកសុំឲ្យស្ងប់។

អង្អែល


អង្អែល បីបមថ្នាក់ថ្នមចិត្ត
អង្អែល ស្នាលស្និទ្ធឥតបែកបែរ
អង្អែល ប្រលោមឆោមមាសស្នេហ៍
អង្អែល នែបក្បែរមិនប្រែប្រួល។

អង្អែល តិចៗក្ដិចប្រឡែង
អង្អែល សម្ដែងភាពសុខស្រួល
អង្អែល កៀកកើយផ្អែកផ្ដេកផ្ដួល
អង្អែល រំជួលជ្រួលក្នុងប្រាណ។

អង្អែល មិនអស់ពីចិន្ដា
អង្អែល សង្សារសែនសុខសាន្ត
អង្អែល ទោះពេលយូរប៉ុន្មាន
អង្អែល ពុំបានអស់ចិត្តឡើយ។

អង្អែល អង្អែលមិនជិនណាយ
អង្អែល ឆោមឆាយឲ្យបានស្បើយ
អង្អែល បំពេរបានល្ហែល្ហើយ
អង្អែល គេងកើយក្នុងហត្ថា។

Tuesday, July 23, 2013

មូស


សម្លេងង៉ឺៗលាន់ឮមិនដាច់
យារទះលាន់ផាច់ប្រកាច់តាមដៃ
ស្រវេស្រវាខ្វេរខ្វារខ្វៃៗ
រួចរស់ក្សិណក្ស័យចូលព្រៃមួយគ្រា។

មូសដែកគោលខ្លាបង្ការគ្រុនឈាម
គ្រុនចាញ់គម្រាមឆក់យកជន្មា
យប់ថ្ងៃប្រយ័ត្នមធ្យ័តការពារ

កុំឲ្យពួកវាពានពារព្យាបាទ។

ស្នេហ៍វ័យចំណាស់!!


Thursday, July 18, 2013

រលឹមយប់នេះ


រលឹម ពុំបាត់តាំងពីព្រលប់
រលឹម មិនឈប់លប់អស់កម្ដៅ
រលឹម រលរសើមជោរខាងក្រៅ
រលឹម ជោកស្មៅនៅក្បែររបង។

រលឹម សស្រិចលិចចុះតក់ៗ
រលឹម ហូរស្រក់ដក់ដានគោចង
រលឹម រាត្រីមមៃកន្លង

រលឹម ផ្គរផងប៉ងគួចគិតឆ្ងាយ។

រ័ត្នន៍ សេនា

មន្តស្នេហ៍ហត្ថា


អាឡោះចុងដៃអាល័យក្លិនស្ងួន
ស្រណោះដងខ្លួនអង្រួនរកគ្នា
រាត្រីត្រជាក់ខ្យល់ធ្លាក់រងា
ពិដោរគន្ធានៅជាប់នាសា។

ស្រណោកស្រណោះអាឡោះក្លិនដៃ
ស្រមើស្រមៃគ្មានថ្ងៃមួយណា
អាចបំភ្លេចបានកល្យាណហត្ថា
ប្រហើរដូចផ្កាបុប្ផាម្អមស្រែ។

អាឡោះសាច់ដៃហ្មត់ខៃគ្មានហ្មង
រលើបរោមផងទំនងពេញស្នេហ៍
ចង់នៅក្រវែលអង្អែលលម្ហែ

ស្និទ្ធស្នាលស្នាមស្នេហ៍មិនប្រែដោះដៃ។

Tuesday, July 16, 2013

ស្រីជប៉ុន


ពោលពាក្យសួស្ដីស្រស់ស្រីប៉ប្រិម
ធ្មេញសស្មើត្រឹមញញឹមប្រិមប្រិយ
«ខុននិឈិវ៉ាក់» ឆ្លើយតបសម្ដី
រួចហើយឆ្លើយ «ហៃ, អារីកាតូ»។

ខ្ញុំមិនចេះស្ដាប់ត្រឹមធ្វើជើងដៃ
រញ៉េរញ៉ៃភាសាស៊ីញ៉ូ
ចេញកាយវិកាសញ្ញាផ្លាស់ប្ដូរ
ចិត្តចង់នៅប្រូជជែកចចារ។

តែគួរឲ្យស្ដាយនាងឈ្ងោកឱនក្បាល
ស្រដីស្រាលៗ «Sayonara»
ខ្ញុំដឹងថានាងចង់និយាយថា
លាសិនហើយណាសង្ហាបងអើយ។


ស្រមៃ...


Saturday, July 13, 2013

ភ្លៀងធ្លាក់


ភ្លៀងធ្លាក់ ត្រជាក់កាយា
ភ្លៀងធ្លាក់ ចិន្ដាស្រមៃ
ភ្លៀងធ្លាក់ នៅតែអាល័យ
ភ្លៀងធ្លាក់ កាលថ្ងៃភ្លេចសោះ។

ភ្លៀងធ្លាក់ នៅតែម្នាក់ឯង
ភ្លៀងធ្លាក់ ចំបែងស្រណោះ
ភ្លៀងធ្លាក់ គួចគិតអាឡោះ
ភ្លៀងធ្លាក់ មិនអស់អត្ថន័យ។

ភ្លៀងធ្លាក់ បើអូននៅក្បែរ
ភ្លៀងធ្លាក់ មាសស្នេហ៍កុំភ័យ
ភ្លៀងធ្លាក់ ធ្វើឲ្យមមៃ
ភ្លៀងធ្លាក់ បងលៃជូនពៅ

ភ្លៀងធ្លាក់ ពេលនេះសូន្យឈឹង
ភ្លៀងធ្លាក់ ថ្មើហ្នឹងម្ដេចទៅ
ភ្លៀងធ្លាក់ ពុំមានបងនៅ
ភ្លៀងធ្លាក់ ស្រីពៅយ៉ាងណា។

Friday, July 12, 2013

ពូយឹតមីងយារ


ស្រណោះផ្គរលាន់ល្ងាចថ្ងៃសៅរ៍
ពពកបាំងក្តៅពីមេឃា
ថ្លែងពីពូយឹតនិងមីងយារ
គាត់ប្រកែកគ្នារឿងស្លក្តាម។

ពូយឹតថាឯងមិនចេះស្ល
ស្លក្តាមស្រម៉វាស្រង៉ាម
បើសិនក្តាមថ្មមានខ្លាញ់ក្រាម
ស៊ីច្រើនរិតញ៉ាមម៉េចមិនស្ល។

មីងយារថាចឹងពូជគាត់ឯង
តែងអួតក្តែងៗរឿងសម្ល
ប៉ុន្មានលើកហើយឲ្យគាត់ស្ល
ក្តាមគ្រោងក្តាមថ្មស៊ីមិនបាន។

ពូយឹតថាអញមានតំណម
បើស្លបង់ម្អមធ្វើទុក្ខប្រាណ
ប្រាប់ហើយប្រាប់ទៀតស្តាប់មិនបាន
ចង់លើកឆ្នាំងចានជះចូលទឹក។

ប្រកែកចុះឡើងគ្មានអ្នកឃាត់
ស្រាប់តែឮមាត់សើចកក្អឹក
យប់ឡើងដេកឱបគ្នាទើសព្រឹក
ស្អែកឡើងរឭកធ្វើធម្មតា។


Thursday, July 11, 2013

ទិដ្ឋភាពព្រឹកនេះ!


ព្រហាមភ្លឺច្បាស់ឱភាសស្រស់ថ្លា
បក្សីបក្សាចចារចេចចាច
រីករាយប៉ប្រិមញញឹមសម្ងាច
សន្សើមបាចសាចរោយរាចរុក្ខជាតិ។

មាន់គករងាវអំពាវហៅញី
ឲ្យចូលមកស៊ីចំណីនៅបៀត
រង់ចាំឱកាសនឹងអាលឆ្លាស់ឆ្លៀត
កៀងចូលកន្លៀតរួចឆ្លៀតអីៗ។

ឆ្កែលោតប្រឡែងសម្ដែងឫកពា
ឆ្មាលបចាប់ទាធ្វើជាចំណី
តែបានមេមាន់ច្រាសជាន់ក្រញ៉ី
ផាយរត់ឃ្មាតខ្មីហុយដីទ្រលោម។

ឯនាយគោញីបួងស៊ីចំបើង
កន្ទុយកោងឡើងបំប៉ើងបាញ់នោម
លាមកមួយដុំប្រជុំរុយរោម
ខ្នងសុទ្ធរបោមចោមចោះបឺតឈាម។

ក្របីដេកថ្លុកកុកទុំលើខ្នង
មាត់ទំពាផងទំនងមិនស្ងៀម
ឈ្លើងស្រែបីបួនភ្ជាប់ខ្លួនតោងទាម
ជញ្ជក់អង្កៀមយកឈាមក្របី។

ក្មេងៗមួយក្រុមដើរផ្ដុំក្នុងស្រែ
ឡេះឡោះហូរហែញ៉ែញ៉ងសម្ដី
សប្បាយខ្ញៀវខ្ញារកង្វារក្នុងដៃ
ខ្វារក្ដាមពីរបីរូងដីធូរៗ។


Wednesday, July 10, 2013

អរិភាព


មានក្រតិចច្រើនក្ដៅត្រជាក់
ឡើងចុះជ្រៅរាក់សនិងខ្មៅ
ថ្លាល្អក់លក់ទិញក្នុងនិងក្រៅ
រីករាយសោកសៅខ្លៅនិងប្រាជ្ញ។

ស្អុះស្អាប់រងាជាឬឈឺ
យប់ថ្ងៃថ្លង់ឮស្លូតនិងកាច
ឆ្លាតល្ងង់ត្រង់វៀច​ហ៊ាននិងខ្លាច
កំសាកអង់អាចល្ងាចនិងព្រឹក។

សុខទុក្ខមុខក្រោយខ្ពស់និងទាប
ទួលរាបប្រៃសាបដេករឭក
លឿនយឺតតូចធំរួសឬស្ពឹក
សើចយំស៊ីផឹកភ្លេចនឹកនា។