Sunday, June 30, 2013

សម្លឹងពីក្នុងអង្រឹង...




រាំងអស់បីថ្ងៃឡើងកម្ដៅ
ផ្ទៃមេឃខាងក្រៅប្រែជាហែង
សម្លឺងយូរៗចង់បែកផ្សែង
ចងអង្រឹងខ្វែងក្រោមម្លប់ឈើ។

វាយោក៏ស្ងប់មិនព្រមបក់
មាន់ទាដង្ហក់ក្បាលងីងើ
ភ្នែកវិលក្រឡាប់កាច់ឡើងលើ
រុះរើរកកលអស់ជីវិត។

ក្របីដេកល្បាប់ទំពាអៀង
គោឈរចំហៀងត្រដុសលិទ្ធ
មូសមមង់រុយទុំជុំជិត
គួចគិតមួរម៉ៅក្ដៅក្រហាយ។

ឆ្កែឆ្មាចូលដេកក្រោមទ្រើងឃ្លោក
ជ្រូកដើរឈ្មុសឈ្ងោកភ្លឺប្រឡាយ
ទំពាំងទូលដីគុម្ពខាងអាយ
ក្មេងៗកកាយជីករកក្ដាម។

កណ្ដុររត់មួយអែបរបង
ឆ្មាប៉ងចង់ស៊ីរត់ដេញតាម
កញ្ចាញ់ចេកភ័យលោត-រសាម
ស្រវាតោងច្បាមមែកជម្ពូ។

គីង្គក់ស្រែកក្រតក្រោមស្លឹកគ្រៃ
ជន្លេនរវៃដីធូរៗ
ចង្រិតបួនប្រាំខាំស្លឹកម្លូ
យូរៗស្រែកច្រេចឆ្លងឆ្លើយគ្នា។

No comments:

Post a Comment