Sunday, June 30, 2013

គោបាត់....រៀបប្រឡង...


វេលាគោបាត់ទើបចាត់របង
ជិតដល់ប្រឡងសៅហ្មងខ្វល់ខ្វាយ
ពាក្យចាស់បូរាណបានបរិយាយ
ដល់សម័យអាយនៅតែត្រឹមត្រូវ។

កាលដែលនៅរៀនឃ្លានតែដើរលេង
វីវក់វង្វេងល្បែងហ្គេមដងផ្លូវ
មេរៀនសាលាគឺថាមិនសូវ
សម្ដីម៉ែឪពុំសូវស្ដាប់ទេ។

ប្រឡងមកដល់អំពល់ពេកពិត
ដូចភ្នែកងងិតឥតយល់អ្វីទេ
ជើងត្បូងលិចកើតអើតលបមើលគេ
លបលាក់គ្នាន់គ្នេសំណេរចម្លង។

សម្លឹងពីក្នុងអង្រឹង...




រាំងអស់បីថ្ងៃឡើងកម្ដៅ
ផ្ទៃមេឃខាងក្រៅប្រែជាហែង
សម្លឺងយូរៗចង់បែកផ្សែង
ចងអង្រឹងខ្វែងក្រោមម្លប់ឈើ។

វាយោក៏ស្ងប់មិនព្រមបក់
មាន់ទាដង្ហក់ក្បាលងីងើ
ភ្នែកវិលក្រឡាប់កាច់ឡើងលើ
រុះរើរកកលអស់ជីវិត។

ក្របីដេកល្បាប់ទំពាអៀង
គោឈរចំហៀងត្រដុសលិទ្ធ
មូសមមង់រុយទុំជុំជិត
គួចគិតមួរម៉ៅក្ដៅក្រហាយ។

ឆ្កែឆ្មាចូលដេកក្រោមទ្រើងឃ្លោក
ជ្រូកដើរឈ្មុសឈ្ងោកភ្លឺប្រឡាយ
ទំពាំងទូលដីគុម្ពខាងអាយ
ក្មេងៗកកាយជីករកក្ដាម។

កណ្ដុររត់មួយអែបរបង
ឆ្មាប៉ងចង់ស៊ីរត់ដេញតាម
កញ្ចាញ់ចេកភ័យលោត-រសាម
ស្រវាតោងច្បាមមែកជម្ពូ។

គីង្គក់ស្រែកក្រតក្រោមស្លឹកគ្រៃ
ជន្លេនរវៃដីធូរៗ
ចង្រិតបួនប្រាំខាំស្លឹកម្លូ
យូរៗស្រែកច្រេចឆ្លងឆ្លើយគ្នា។

Monday, June 24, 2013

ដេកឱប.........


ដេកឱបត្រង់ហ្នឹងទន្ធឹងមើលផ្លូវ
ចាំច្រើនរដូវចាំពៅមកវិញ
អូនទៅរកស៊ីទីក្រុងភ្នំពេញ
នឹងត្រឡប់វិញជាក់ជាមិនខាន។

ដេកឱបយូរទៅឡើងក្ដៅឧណ្ហៗ
ផ្ដាសាយរកគ្រុនទោរទន់ទាំងប្រាណ
រហិតរហៃនឹកថ្លៃកល្យាណ
តើដល់ថ្មើម៉ានទើបបានជួបគ្នា។

ដេកឱបក្បាលពោះព្រោះរង់ចាំស្រី
ចាំច្រើនរាត្រីចាំថ្លៃពុំងា
បាត់ដំណឹងសូន្យឬអូនមានគ្នា
បានជាបំភ្លេចស្នេហាជនបទ។

ដេកឱបត្រង់នោះវាស្ទុះម្ដងៗ
ចង់មានបំណងតែបងអំណត់
អន្ទះអន្ទែងចំបែងប្រាកដ
ខ្លួនអើយកំសត់គេអត់អាសូរ។

Sunday, June 23, 2013

ក្របីខ្ញុំ.....


ព្រហាមចាំងចែង


(បទពំនោល)

ថ្ងៃច័ន្ទពោរពេញរស្មី
ព្រហាមថ្ងៃថ្មី
គ្មានអ្វីបាំងបិទមេឃា។

ពពកពុំពពូនគ្នា
ដូចរាល់ទិវា
គឺជាវេលាស្រឡះ។

ភ្ញាក់ឡើងថ្ងៃរះភ្លឺច្បាស់
ចែងចាំងប៉ប្រះ
មកប៉ះចុងស្លឹករុក្ខា។

សម្លេងបក្សីបក្សា
ចេចចាចខ្ញៀវខ្ញារ
ចចារចចឹកចំណី។

វាលស្រែសត្វគោក្របី
បួងបោចស្មៅខ្ចី
ខាំឆីទំពារយ៉ាងឆ្ងាញ់។

ប្រុសសំណល់


ឃើញចន្ទ្រនឹកអូន


Saturday, June 22, 2013

តាក់ទីងណឹងណឹង


តាក់ទីងណឹងណឹង អូងគេងអង្រឹង សន្ធឹងជើងដៃ
នេះគឺអាទិត្យ សម្រាកមួយថ្ងៃ ទោះបីជាវ៉ៃ
ក៏មិនភ្ញាក់ដែរ។

តាក់ទីងណឹងណឹង ក្រោកពីអង្រឹង អូនម៉ឹមដោះម៉ែ
ទឹកដោះដំបូង មានជាហូរហែ អាយុគ្រប់ខែ
ទើបអូនលែងបៅ។

តាក់ទីងណឹងណឹង អីៗរឹងឆ្កឹង ចេញទឹកក្ដៅៗ
ហើយហូរតក់ៗ ស្រក់ចេញមកក្រៅ អាអូនមួរម៉ៅ
រមាស់ប៉េះគូថ។

Saturday, June 15, 2013

ភ្លៀងជិតភ្លឺ


ហ៊ីងយំទ្រហ៊ឹងក្រឡឹងផ្ទះ
ក្នុងថ្លុករង្វះឮច្បាស់សូរ
ហ៊ីងហងហ៊ីងហងឆ្លើយឆ្លងថ្ងូរ
ស្រែកផ្តោះផ្តងប្តូរស័ព្ទសូរសៀង។

ជន្លេនលូនឡើងបំប៉ើងដី
វារចេញរញ៉ីរកដីភ្លៀង
គ្រវីគ្រវាត់ព័ន្ធព័ទ្ធរាង
លូនលេងទឹកភ្លៀងកៀកកៀងគូ។

កណ្តូបចង្រិតរត់ត្រសុល
ផ្អើលអស់ទាំងខ្មុលខំឈ្មុលជួរ
លោតលេងប្រឡែង​ស្ញែងដៃគូ
យូរៗកង្កែបវ៉ែបឱបៗ។

Thursday, June 13, 2013

កុំប្រហែស


ចេញទៅឆ្ងាយជិតត្រូវប្រយ័ត្ន
បង្កាគ្រោះថ្នាក់លឿនលយហួស
ជាយថាហេតុស្លាប់របួស
ជ្រុលជ្រួសប៉ះពារចរាចរ។

វាធ្ងន់បន្តិចក៏មិនអី
អាចរាំងខ្ទប់ដីសម្រាមថ្ម
មិនឲ្យចូលភ្នែកពេលបើកបរ
វឹកវរអន្ដរធានបញ្ហា។

អ្នកខ្លះមិនពាក់ព្រោះអផ្សុក
ចង់បង្ហាញមុខស្រស់សង្ហារ
ឲ្យអ្នកដទៃបានទស្សនា
ខ្លះថាជិតៗមិនបាច់ពាក់។

ត្បិតថាទោះទៅទីជិតឆ្ងាយ
គប្បីខ្វល់ខ្វាយខ្លួនលោកអ្នក
មួកយើងមានស្រាប់ត្រូវតែពាក់
ជឿជាក់ថាមិនធ្ងន់ធ្ងរឡើយ។

Tuesday, June 11, 2013

ថ្ងៃលិច


ថ្ងៃលិចបាត់ សូរស័ព្ទក្អាត់ យំអឺងកង
ចង្រិតឆ្លង-ឆ្លើយរំពង ក្បែរផ្ទះស្រី
ផ្គរគ្រហឹម ភ្លៀងរលឹម សើមជោកដី
ជិះក្របី នឹកមមៃ ស្រីកល្យាណ។

ថ្ងៃលិចបាត់ បក្សីសត្វ ចូលទ្រនុំ
វិលជួបជុំ រួមសុខុម ញាតិសណ្តាន
អស់មួយថ្ងៃ ដែលចេញចាក លំនៅស្ថាន
ពេលនេះបាន រស់ជិតប្រាណ សុខសាន្តអើយ។



ពីក្មេង........


កុំខ្ពើមរអើមពីដើមដូចគ្នា
ឬក៏លើសវាផងក៏មិនដឹង
សំបោរកក្លាក់ក្អែល.កក្រឡឹង
មិនស្រស់ថ្លាចឹងដូចវានេះផង។

សារជាតិជាក្មេងលេងគ្រប់លេងសព្វ
ត្រឡិនត្រឡប់មិនចប់បំណង
បើកញើសគឃៀរឈ្ងៀមសាច់តែម្ដង
មិនចេះសៅហ្មងដូចជាចាស់ទេ។

ខ្ញុំធ្លាប់រត់លេងកាលនៅក្មេងវ័យ
អ្នកផងដ៏ទៃស្រដីដៀលជេរ
«យីអើ!អានេះកូនពីណាគេ

ស្អុយញើសម្លេះទេហើយក្អែលក៏ច្រើន»។

ឥតរស្មី


ស្នេហា


Saturday, June 8, 2013

ស្រីបោក


ណាត់គ្នាយ៉ាងច្បាស់ថាម៉ោងប្រាំបី
ទៅលេងកែបថ្មីទឹកដីកៀនស្វាយ
ចាំមើលផ្លូវនាងម៉ោងជាងដប់ប្លាយ
ក្រពះហេវបាយក្រហាយទាំងចិត្ត។

បើទៅមិនទៅក៏ត្រូវខលប្រាប់
ខំក្រោកប្រញ៉ាប់តាំងពីងងិត
តុបតែងអស់ទាស់របស់ប្រណីត
ពិតជាក្ដៅចិត្តព្រោះឥតបានការ។

ណ្ហើយចុះណាស្រីថ្ងៃក្រោយឈប់ជឿ
លែងមានជំនឿដឹងឮវាចា
ទោះបីផ្អែមល្ហែមថែមស្ករយ៉ាងណា
Tommy ឆ្លើយថា I don't belive


Thursday, June 6, 2013

សត្វ ក ខ


ក ក្របីស្រុកស៊ីស្មៅខ្ចី              
ខ ខ្លាក្រញ៉ីហែកសត្វឈ្លូស
គ គោដោយមេឆ្លេឆ្លាស្ទុះ          
ឃ ឃ្មុំជម្រុះចេញលំអង។

ង ងាវដេកងាប់ជាប់ផ្ទាំងថ្ម        
ច ចាបចេញចរហើរត្រសង
ឆ ឆ្មាឡើងដេកលើរបង            
ជ ជីងចក់ផងទុំរនុក។

ឈ ឈ្លើងបឺតឈាមជាអាហារ 
ញ ញាស់កូនទាមួយសំបុក
ដ ដង្កូវដួងខួងជើងតុ                
ឋ ឋិតមិនសុខគង់មរណា។

ឌ ឌាកិនីស្រីបីសាច                 
ឍ ឍមរាស្ងាចហង្សបក្សា
ណ ណូរីសត្វរោមស្រស់ថ្លា      
ត តុកកែហាមាត់បូលឆ្លង។

ថ ថ្លាន់ខ្លួនថ្លោសស៊ីសាច់មាន់   
ទ ទាទ្រលន់ធាត់លឹបខ្នង
ធ ធ្មុងកញ្ចុះចុកកន្លង    
ន នាងចាក់ក្រងសូត្ររវៃ។

ប បង្គួយស្រុកមាត់ច្រវែប         
ផ ផ្សោតហែលហែបលេងលកលៃ
ព ពីងពាងពងពេញក្នុងផ្ទៃ
ភ ភេលកលៃចាប់មច្ឆា។

ម មៀមភ្នែកធំយំពេលយប់      
យ យីហ៊ឺឈ្ងុបឈ្ងុយអាហារ
រ រមាសសត្វស៊ីបន្លា                  
ល លាយាត្រាពើងអ៊ែនខ្នង។

វ វ៉ែបភាសាសត្វកង្កែប             
ស សង្កើចបែបក្លិនឆ្អេះហ្មង
ហ ហង្សហោះហើរដើរញ៉ែងញ៉ង
ឡ កន្តេះឡង់លោតខ្វាត់ខ្វែង។

អ អស់ប៉ុណ្ណេះស្លេះត្រឹមហ្នឹង    
ប្រឹងប្រែងរិះគិតរិតចំបែង
មិនងាយរកបានឲ្យជាក់ស្ដែង   
ត្រូវតាមកន្លែង ក ខ អ។

Tuesday, June 4, 2013

ដើមរកាដែក


រកាដែកអើយនៅឡើយបន្លា
តើមាននរណាដែលថារេចរឹល
ពាក្យពោលជាល្បែងសើចលេងឡើងគឹល
អ្នកខ្លះមន្ទិលរឹលបាក់កំបុត។

មិនទាន់សឹកទេកុំរេបំភ្លេច
នៅស្រួចជានិច្ចចង់គេចមិនផុត
ដើមទណ្ឌរកាបន្លាដែកសុទ្ធ
ជាទីបំផុតប្រាកដអ្នកបាប។

សូមកុំសាកល្បងប៉ងអកុសល
កម្មនឹងឲ្យផលដល់ឥតបន្សាប
ព្រះពុទ្ធសាសនាភាសាបុណ្យបាប
លិចលង់ឆេះឆាបតាមកម្មបានសាង។

មហន្តរាយ


Monday, June 3, 2013

មហាក្សត្រខ្មែរ


ឃើញឆាយាល័ក្ខណ៍ ដូចបានជួបភ័ក្រ្ត ព្រះករុណា
សម្ដេចតាយាយ វីរក្សត្រា និងព្រះកូរណា
មហាក្សត្រខ្មែរ។

ដោយការគោរព រៀងរាល់ថ្ងៃយប់ ចង់ឃើញហូរហែ
យាងឆាយាល័ក្ខណ៍ គង់ប្រថាប់ក្បែរ ជាការដង្ហែ
ឥតបែរបោះបង់។

ទីសក្ការៈ បង្គំស្មោះស្ម័គ្រ ស្វាមីភក្តិផ្ចង់
ក្រាបប្រតិបត្តិ ហត្ថផ្គុំតម្រង់ ឆ្ពោះក្សត្រគ្រប់អង្គ
ក្រុងកម្ពុជា។

Sunday, June 2, 2013

ទូរស័ព្ទ


ទូរស័ព្ទ អ្នកប្រាប់នូវដំណឹង
ទូរស័ព្ទ ផ្ដល់ប្ដឹងគ្រប់ករណី
ទូរស័ព្ទ ទិវានិងរាត្រី
ទូរស័ព្ទ ប្រុសស្រីអត់មិនបាន។

ទូរស័ព្ទ ចំណេញពេលវេលា
ទូរស័ព្ទ ការងារទាំងប៉ុន្មាន
ទូរស័ព្ទ មិនខ្លាចគេរំខាន
ទូរស័ព្ទ ថ្មើរម៉ានក៏មិនទាស់។

ទូរស័ព្ទ អូនបងពាក្យស្នេហា
ទូរស័ព្ទ សេវាឥតមានលោះ
ទូរស័ព្ទ បណ្ដាញឆ្លើយឆ្លងឈ្លោះ
ទូរស័ព្ទ ពិរោះទ្រគោះស្ដី។

ទូរស័ព្ទ ទាក់ទងផ្ដល់គំនិត
ទូរស័ព្ទ ជំរិតលួចប្លន់ក្ដី
ទូរស័ព្ទ អាក្រក់ល្អមិនថ្វី
ទូរស័ព្ទ ពេលខ្លីរួចរាល់ស្រេច។

ទូរស័ព្ទ ប្រើត្រូវនាំឲ្យសុខ
ទូរស័ព្ទ គ្រប់ស្រុកវាចាំបាច់
ទូរស័ព្ទ បើប្រើផ្លូវល្អល្អាច់
ទូរស័ព្ទ សម្រេចគ្រប់ៗគ្នា។