Thursday, May 30, 2013

រសៀលសាយណ្ហ


រសៀល មេឃស្លុបពពកខ្មៅ
រសៀល កម្ដៅថយបន្តិច
រសៀល ងងិតទិសឯលិច
រសៀល សស្រិចរលឹមចុះ។

រសៀល ឲ្យដីមានសំណើម
រសៀល សើមៗបំបាត់ស្អុះ
រសៀល ភ្លៀងលិចមិនទាស់ខុស
រសៀល ភ្លៀងចុះព្រោះដល់ខែ។

រសៀល ជិតផុតចុងពិសាខ
រសៀល ឥតស្រាកក្ដៅឲ្យល្ហែ
រសៀល អ្នកស្រុកពឹងលើស្រែ
រសៀល ពុកម៉ែរង់ចាំភ្លៀង។

Wednesday, May 22, 2013

កង់ខ្ញុំ


អនិច្ចាកម្ម ផ្អែកទុកម្ភៃឆ្នាំ ដូចដាំដើមឈើ
ទៅលេងស្រុកម្ដង ឃើញដុះដល់លើ ឈរសម្លឹងមើល៍
ធ្វើឲ្យស្រណោះ។

កង់អើយធ្លាប់ជិះ ទៅនោះទៅនេះ គ្រប់ទីទាំងអស់
មិនគួរដើមឈើ គាបឡើងលើសោះ ឲ្យខ្ញុំស្រណោះ
មិនអស់អាល័យ។

បើយើងជួយឯង នឹងត្រូវចំបែង ជីវិតឈើក្ស័យ
ណ្ហើយចុះឯងទ្រាំ ទម្រាំដល់ថ្ងៃ ដើមឈើក្សិណក្ស័យ
យើងលៃជួយឯង។


Tuesday, May 21, 2013

កាលនោះ....


ឃើញកង់ដាក់ផ្កានឹកស្រមៃ
កាលឆ្នាំប៉ែតប្លាយមានកង់មួយ
ជិះចេញម្ដងៗគឺរញ្ជួយ
ភ្នែកនរណាមួយមិនសម្លឹង?។

ផ្កាជ័ររំយោលស្រោមកែបដៃ
កញ្ចក់អាថ្លៃបញ្ឈរឆ្កឹង
រ៉ឺងៗស៊ីញ៉ូដោយកណ្ដឹង
ធាក់ជ្រែក្រឡឹងបង្ហាញរាង។

ពេលមានបុណ្យទានវត្តនានា
ជិះកាច់កុងកៀរវាតវង់វាង
ចាស់ៗថាវើយកុំកាច់រាង
អានាប្រយ័ត្នដួលហុយដី។

មានកង់នោះមួយមិនធម្មតា
ដូចមានហុងដា ០១៣
ឆ្វែលគ្រប់ទិសទីរាល់រាត្រី
ដើរឌីតស្រីៗចិត្តប្រាំបួន។

មិនមែនភ្នំពេញនៅតាមខេត្ត
ដើមទសវត្សប៉ែតទើបរួចខ្លួន
គ្មានឡានម៉ូតូជិះសមសួន
អាស្ងួនកង់ផ្កាមហាឡូយ។

រសៀលទោរទន់!!!


រសៀលទន់ទេរ គោឈ្មោលដោយមេ ពាសពេញផ្លូវថ្នល់
ក្មេងក្មាងឆ្លេឆ្លា ខ្លាចកើតរចល់ នាំគ្នាខ្វាយខ្វល់
ព្រោះគោពាក់គ្នា។

រសៀលទន់ទាប លលកនិងព្រាប ទុំដើមពុទ្រា
បូលថ្ងូរទ្រហឹង សម្លឹងរកគ្នា ប្រហែលពួកវា
មានរឿងខ្វល់ខ្វាយ។

រសៀលទន់សូរ្យ អ្នកជិះម៉ូតូ ជ្រុលចូលប្រឡាយ
ពេលដែលងើបឡើង តាំងស្រែកជេរម៉្រាយ ថាអ្នកណាកាយ
ប្រឡាយកាត់ថ្នល់។

រសៀលទោរទន់ មើលន៎!មេមាន់ មាយាកិច្ចកល
ព្រោះឃើញអាគក វាដើរមកដល់ កូនៗវាឆ្ងល់
ម៉ែ!ម៉េចកាច់រាង?។

រសៀលបាំងផ្លូវ ចាបចុះចឹកស្រូវ នៅស្រែចំហៀង
សត្វសារិកា បក្សាស្រែកច្រៀង ពិរោះសំនៀង
ជ្រៀងជ្រេររសៀល។

រសៀលចង់រសាយ!


រសៀលរសាប់រសេះរសោះ
រសៀលបាត់អស់កម្លោះក្រមុំ
រសៀលក្រោយភូមិគេអង្គុយផ្ដុំ
រសៀលរូបខ្ញុំចាំលបមើលលេង។

រសៀលគូស្នេហ៍រសេមរសាម
រសៀលដៃច្បាមវីវក់វង្វេង
រសៀលក្រោមម្លប់មាត់ទឹកថ្លាឈ្វេង
រសៀលលូកលេងទៅវិញទៅមក។

រសៀលឯងចាស់រសាប់រសល់
រសៀលចង់ឆ្អល់អារម្មណ៍នឹកភ្នក
រសៀលបើបានស្រស់កែវពន្លក
រសៀលមកជ្រកម្លប់ឈើពីរនាក់។

រសៀលប្រហែលមិនខុសពីក្មេង
រសៀលកឹបកេងកើយភ្លៅម្ដងម្នាក់
រសៀលដល់យប់ព្រលប់ត្រជាក់
រសៀលជឿជាក់គ្មានអ្នកណាដឹង។

Monday, May 20, 2013

សំកុករង់ចាំអ្វី?


សំកុក រង់ចាំឥតន័យ
សំកុក លកលៃថ្ងៃយប់
សំកុក សញ្ជឹងគ្មានឈប់
សំកុក ដល់យប់ងងិត។

សំកុក អត់មានខ្លឹមសារ
សំកុក ទុក្ខារួមរិត
សំកុក អស់ន័យជីវិត
សំកុក គួរគិតមិនដល់។

សំកុក ទោម្នេញម្នាក់ឯង
សំកុក ចំបែងខ្វាយខ្វល់
សំកុក គ្មានអ្វីសេសសល់
សំកុក រចល់ឱរា។

សំកុក ក្ដុកក្ដួលក្នុងចិត្ត
សំកុក ក្រៀមស្វិតខ្លោចផ្សា
សំកុក អស់ន័យខ្លឹមសារ
សំកុក នរណាជួយបាន?។

សំកុក សំកុកសំកុក
សំកុក ឈឺចុកក្នុងប្រាណ
សំកុក មិនចង់រំខាន

សំកុក ឲ្យបានក្ដីស្ងប់។

កុំចេះតែថាញៀនហ្វេសប៊ុក


កុំចេះតែថាញៀនហ្វេសបុក
គ្រាន់តែអផ្សុកបើខានលេង
មិនថាចាស់ក្មេងចង់វង្វេង
ពេលលេងផ្ដោះផ្ដងសងឆ្លងឆ្លើយ។

កុំចេះតែថាញៀនហ្វេសប៊ុក
ចាត់ទុកលម្ហែឲ្យបានស្បើយ
បើមិនបានបើកចិត្តមិនល្ហើយ
មិនស្រួលសោះឡើយណាបងប្អូន។

កុំចេះតែថាញៀនហ្វេសបុក
ក្នុងស្រុកក្រៅស្រុកមិនសាបសូន្យ
ទទួលចំណេះច្រើនរាប់ផ្លូន
ជាក្បូនចម្លងឆ្លងផែនដី។

កុំចេះតែថាញៀនហ្វេសប៊ុក
បានឃើញទាំងមុខតបសម្ដី
សាកសួរសុខទុក្ខមិត្តប្រុសស្រី
ស្រុកជិតឆ្ងាយក្ដីដឹងទាំងអស់។

កុំចេះតែថាញៀនហ្វេសប៊ុក
ជួនកាលកើតទុក្ខសោះកក្រោះ
ព្រោះរឿងស្នេហាប្រែដៃដោះ
ក្រមុំកម្លោះពោះ-មេម៉ាយ។

កុំចេះតែថាញៀនហ្វេសប៊ុក
Profile ប្ដូរមុខរូបក្លែងក្លាយ
មិនបាច់បារម្ភខ្លាចអន្តរាយ
លេងសើចសប្បាយតាមតែចិត្ត។

កុំចេះតែថាញៀនហ្វេសប៊ុក
ចម្រើនច្រើនមុខគឺមានពិត
បើសិនសុចរិតផ្លូវគំនិត
មិនដូចគេគិតថាផ្ដេសផ្ដាស់។

ក្របីមេខ្ញុំ!


ធ្លាប់ជិះក្របី ឲ្យស៊ីស្មៅខ្ចី ដីស្រែមាត់ស្ទឹង
សន្ទូងបៃតង វាលលាតសន្ធឹង តភ្ជាប់ទៅនឹង
ជើងមេឃខៀវខ្ចី។

ស្រូវស្រែល្អណាស់ លាស់ស្លឹកខ្ចីចាស់ ចេញកួរវែងខ្លី
ចូលខែកក្ដឹក កឋិនវត្តថ្មី ជួយច្រូតស្រូវស្រី
ដាល់អំបុកហូប។

រដូវរំហើយ មិនចង់ឃ្លាតឡើយ នាសាស្រង់ស្រូប
លម្អងផ្កាស្រូវ ពិដោរក្រអូប​ រត់ចាប់កណ្ដូប
ស្រូបក្លិនម្អមស្រែ

គួរឲ្យសសើរ


គួរឲ្យសសើរសិស្សនិស្សិត
ទឹកលិចដល់ផ្សិតនៅខិតខំ
រៀនសូត្រហ្វេសប៊ុកមកផ្សែផ្សំ
ជាការរៀបចំផ្សំចំណេះ។

រៀនហើយរៀនទៀតរៀនមិនឈប់
ពីព្រឹកទល់យប់ខ្លួនឡើងឆ្អេះ
ទឹកជំនន់ឡើងលើចង្កេះ
បើមិនទាន់ចេះគឺមិនឈប់។

ផ្នែកវិទ្យាសាស្ត្រនិងហ្គេមសាស្ត្រ
ព្រលឹមភ្លឺច្បាស់ដល់ព្រលប់
ទាល់តែម្ចាស់ផ្ទះស្រែកថាគ្រប់!!!
ម៉ោងកាន់តែយប់ត្រូវបិទទ្វារ។

គ្រាំចិត្ត


ស្រែ និងសឹក!


Sunday, May 19, 2013

អ្នកលាងម៉ូតូ


សម្លេងម៉ាស៊ីនទ្រហ៊ឹងរោទិ៍
ដៃកាន់ទុយោបាញ់ដុះលាង
ខោអាវសើមជោកដូចត្រូវភ្លៀង
មាត់ច្រៀងរហ៊ឹមកំដរចិត្ត។

ធុងទឹកសាប៊ូនិងកំណាត់
លុបលាងដុសខាត់ឲ្យប្រណីត
បារម្ភម្ចាស់គេមិនពេញចិត្ត
ដីប្រឡាក់ស្អិតកាយជម្រះ។

បាញ់ទឹកសម្អាតគ្មានសេសសល់
ទម្លាក់កំណល់យ៉ាងរូតរះ
យកកន្សែងស្ងួតជូតឲ្យជ្រះ
សើចសមអស់ស្ទះ «បាទ!២០០០»។

Saturday, May 18, 2013

ខ្ទមស្រែ


ឃើញខ្ទមយាមស្រូវនៅនឹកចាំ
កន្លងយូរឆ្នាំចាំពុំភ្លេច
សាយណ្ហសម័យថ្ងៃរៀបលិច
ណាត់ជួបជានិច្ចគេចមិនបាន។

អង្គុយលម្ហែឯក្នុងខ្ទម
គ្រែឫស្សីល្មមថ្នមកល្យាណ
យើងច្រៀងផ្ដោះផ្ដងសងកំសាន្ដ
ឥតអ្នករំខានយ៉ាងរងំ។

ស្បថមិនប្រួលប្រែបែរបែកឡើយ
អូនហើយនិងបងប៉ងជួបជុំ
ជម្រាបពុកម៉ែកែផ្សំផ្គុំ
ក្រោយពេលបុណ្យភ្ជុំសមពេលា។

ប៉ុន្តែគូព្រេងក្លែងគូកម្ម
បានប៉ុន្មានឆ្នាំកម្មផ្ដន្ទា
ឲ្យស្នេហ៍ប្រែភ្លាត់ព្រាត់ពីគ្នា
ពុំងារផ្លាស់ទៅសែនអាល័យ។

ខ្ទមអើយកំសត់អត់រូបស្ងួន
សែនស្រណោះខ្លួនពួនខ្លោចចៃ
រលាយរលត់ផុតនិស្ស័យ
ត្រឹមយប់ស្រមៃថ្ងៃរឭក។

Thursday, May 16, 2013

ម៉ូតូឌុប!!


ចុះកូយរៀងផែស៊ីហែលំដាប់
ធ្លាក់ភ្លឹបស៊ីផ្លាប់កាប់មិនរួញរា
កឺបកាយហ៊្វូលូការ៉េសាមបៀ
ជជែកដាក់គ្នាទារលុយឡូឡា។

អ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះ
អ្នកលេងល្បិចចេះឈ្នះជាធម្មតា
អត់បានដឹកម៉ូយអស់ថវិកា
ដល់ផ្ទះកាលណាភរភរិយា។

ម៉ែប្រពន្ធអើយប៉ុន្មានថ្ងៃនេះ
វាខ្សត់អ្នកជិះម្លេះទេម៉ែវា
អង្គុយសំកុកមិត្តភក្តិគ្រប់គ្នា
ពេញមួយទិវានិយាយគ្នាលេង។

Tuesday, May 14, 2013

ភ្នែក



ភ្នែក ហត់នឿយណាស់រៀងរាល់ថ្ងៃ
ភ្នែក គ្មានសំចៃមួយពេលណា
ភ្នែក បើកសម្លឹងសព្វទស្សនា
ភ្នែក មានខ្លឹមសារក្នុងជីវិត។

ភ្នែក បានត្រឹមតែមិចម្ដងៗ
ភ្នែក មិនហ៊ានប៉ងនឹងធ្មេចជិត
ភ្នែក ត្រូវចាំដល់យប់ជ្រៅពិត
ភ្នែក ទើបងងិតបិទដេកទៅ។

ភ្នែក បើសិនគេមានរវល់
ភ្នែក ត្រូវអំពល់បើកនិត្យនៅ
ភ្នែក​ អត់ងងុយដល់យប់ជ្រៅ
ភ្នែក ជួនកាលទៅទ្រាំដល់ស្អែក។

ភ្នែក ពេលស្រវ៉ាំងមើលមិនច្បាស់
ភ្នែក ត្រូវបានម្ចាស់ត្អូញត្អែស្រែក
ភ្នែក! អញឥឡូវយ៉ាប់ចម្លែក
ភ្នែក ត្រូវគេចែកកែវពង្រីក។

Friday, May 10, 2013

ប្រុសៗគិត


យី!ពួកប្រុសៗពេលឃើញស្រី
ល្អស្រស់ប្រិមប្រីយ៍ដើរមកកាត់
នេត្រាក្រឡាប់ដៀងឆ្វៀលឆ្វាត់
ញញឹមស្ងៀមស្ងាត់មិនឈប់សោះ។

ក្នុងចិត្តគិតចេញផ្សេងៗគ្នា
«ឫកពាដំណើរដើរឥតខ្ចោះ
សាច់ថ្ពាល់រលីងរលោងស្រស់
សក្តិសមទាំងអស់តែម្ដងហើយ»។

«សក់វែងអន្លាយសាយគ្របស្មា
គឺមិនធម្មតាទេលោកអ្ហើយ
ខ្យល់នាំក្លិនប៉ះនាសាហើយ
ក្រអូបពុំស្បើយពិដោរស្រី»។

«ចិញ្ចើមងរខ្ទើតដូចសត្វខ្ទួយ
អូនឈ្មោះអាមួយឬអាម៉ី
តែបើតាមស្មានឈ្មោះលក្ស្មី
ហើយគឺជាស្រីឥណ្ឌាហ្មង»។

Wednesday, May 8, 2013

កុំជក់បារី


ពីមុនមុខឯងពេញជាស្រស់
ឥឡូវខូងអស់ផតណាស់ហើយ
ប្រាប់ថាឈប់ជក់មិនជឿឡើយ
មុខជ្រួញមិនស្បើយដោយសារផ្សែង។

បារីធ្វើឲ្យខូចសុខភាព
វារួមរិតគាបរាងកាយឯង
សសៃប្រសាទសួតចំបែង
គ្រោះថ្នាក់នឹងថ្លែងមិនអស់ទេ។

ល្មមឈប់ជក់ហើយវើយអាវ៉ា
ត្រូវចេះរក្សាខ្លួនដូចគេ
ឆ្លៀតហាត់កីឡាបើទំនេរ
កុំសូវដើរជេរមាន់ច្រើនពេក។

ស្នេហា


សេចក្ដីស្នេហាមិនរើសវណ្ណៈ
ទ្រព្យធនបុណ្យស័ក្តិឋានៈជាតិសាសន៍
ជួបគ្នាយូរឆាប់ស្គាល់ច្បាស់មិនច្បាស់
គ្រាន់តែមកប៉ះស្មោះស្ម័គ្រជឿជាក់។

អាក្រក់ឬល្អខ្មៅសមិនគិត
ព្រោះមានគំនិតជាប់ស្និទ្ធជំពាក់
កាំបិតពូថៅកាំភ្លើងដែកផ្គាក់
ពុំអាចទប់ទាក់រាំងស្ទះបានឡើយ។

មិនរើសកន្លែងឬក៏វេលា
ពេលបានជួបគ្នាចិន្ដាធូរស្បើយ
រីករាយសប្បាយចិត្តកាយល្ហែល្ហើយ
ឥតខ្វល់ខ្វាយឡើយពីរឿងដទៃ។

ស្នេហាបាំងបិទងងិតនេត្រា
ទោសៈហិង្សាកើតទុក្ខរីងរៃ
ជួបជុំជឿបែកបាក់កលល្បិចលកលៃ
កើតទុក្ខទោសភ័យព្រោះក្ដីស្នេហា។

Sunday, May 5, 2013

រទេះកំសត់


រទេះគោមួយធ្លាប់ជួយដឹកស្រូវ
ស្រែអូនឆ្ងាយផ្លូវបរទៅមិនរា
ទោះភ្លៀងរលឹមញញឹមធានា
រួចរាល់ការងារនៅនាជនបទ។

កឋិនវត្តយើងអូនឡើងជិះក្បែរ
អង្គុយលម្ហែសាងស្នេហ៍កំសត់
សម្លេងឡុកឡាក់រលាក់ប្រាកដ
និយាយស្បែស្បថកំណត់វាសនា។

ច្រើនឆ្នាំកន្លងអូនបងបែកបាក់
អូនមករោងចក្របានប្រាក់ហ៊ឺហារ
សាច់អូនសខ្ចីប្រុសថ្មីសង្ហារ
ភ្លេចអ្នកចម្ការវាសនាអ្នកស្រែ។

Thursday, May 2, 2013

ធម្មជាតិស្រុកស្រែ




ផ្ទះតូចច្រឡឹងសមនឹងភូមិឋាន
ជម្រកសុខសាន្តដ៏សែនមនោរម្យ
រំចេកឫស្សីឈើព្រៃតូចធំ
ដាំដុះជិតជុំជ្រុំជារបង។

ដំណាំហូបផ្លែនៅក្បែរខាងផ្ទះ
ចេកល្ហុងពោតម្រះពុំមានខ្វះផង
សម្លេងបក្សាចចារអឺងកង
ក្នុងទឹកក្ដាមខ្យងហែលឆ្លងត្រៀបត្រា។

ធម្មជាតិស្រុកស្រែដីខ្មែរឆើតឆាយ
បាននែបនិត្យកាយរីករាយចិន្ដា
មិនចង់បែកឃ្លាតចង់បៀតទស្សនា
រាល់ប្រាំងវស្សាចម្ការស្រូវស្រែ។