Tuesday, April 30, 2013

គេចខ្លួន


រង់ចាំ



រង់ចាំ រហូតបងវិលវិញ
រង់ចាំ ទន្ទេញតែឈ្មោះបង
រង់ចាំ មើលផ្លូវប្រុសស្នេហ៍ស្នង
រង់ចាំ នួនល្អងមកជួបជួន។

រង់ចាំ រង់ចាំរាល់រាត្រី
រង់ចាំ​​ សម្ដីថ្លៃប្រុសស្ងួន
រង់ចាំ ទាល់តែក្សិណក្ស័យខ្លួន
រង់ចាំ ជួបជួនលុះជាតិមុខ។

រង់ចាំ ទទួលក្ដីស្នេហា
រង់ចាំ រៀមរ៉ាជួយដោះទុក្ខ
រង់ចាំ ដូចភ្លេងមានទំនុក
រង់ចាំ ទៅមុខរហូតជួប។

ក្ដៅ




ក្ដៅ នោះហៅក្ដៅ
ក្ដៅ ឲ្យហ្មងសៅ
ក្ដៅ មិនធម្មតា
ក្ដៅ មុខក្ដៅមាត់
ក្ដៅ សព្វកាយា
ក្ដៅ ឥតឧបមា
ក្ដៅ ហួសហារស្ដី។

ក្ដៅ ពីរបី.ត
ក្ដៅ ដូចលើឡ
ក្ដៅ ដូចដុតត្រី
ក្ដៅ កូនក្ដៅក្មួយ
ក្ដៅ ប្រុសក្ដៅស្រី
ក្ដៅ អស់អ្វីៗ
ក្ដៅ ព្រៃក្ដៅសត្វ។

ក្ដៅ ហួសប្រមាណ
ក្ដៅ ទ្រាំពុំបាន
ក្ដៅ មិនព្រមបាត់
ក្ដៅ លោប្រហែស
ក្ដៅ ពុំប្រយ័ត្ន
ក្ដៅ ឆេះស្ងាត់ៗ
ក្ដៅ រលាយទ្រព្យ។

អង្គារអង្គុយ......


អង្គារអង្គុយគិត
ប្រុងគំនិតគិតគូរការ
អង្គារអង្គុយចារ
ចេញចំណារចារកំណាព្យ។
អង្គារអង្គុយស្ងៀម
លើកប៊ិចបៀមអង្កៀមស្ងាប
អង្គារអង្គុយខាប
កកាយកាព្យខាបតាក់តែង។
អង្គារអង្គុយឈ្ងោក
ងុយងក់ងោកឈ្ងោកសម្ដែង
អង្គារបំបែកបែង
ល្បិចល្បោយល្បែងលេងចុងចួន។
អង្គារអង្គុយចាំ
តាមចំណាំចាំតែងក្បួន
អង្គារជាជាប់ជួន
សុខសមសួនខ្លួនកាយចិត្ត។
អង្គារអង្គុយធ្មឹង
ស្មឹងស្មាធិធ្មឹងប្រឹងរិះគិត
អង្គារត្រួតពិនិត្យ
ផ្ដួចផ្ដើមគិតផ្ដិតកិច្ចការ។
អង្គារអង្គុយគង
តាមទំនងគងទាក់ខ្លា
អង្គារទល់ចង្កា
ចោលនេត្រាចេញទៅក្រៅ។
អង្គារអង្គុយល្ហែ
ថ្ងៃដាច់ខែក្បែរគោលដៅ
អង្គារអង្គុយក្ដៅ
ព្រោះកម្ដៅក្ដៅខ្លាំងក្រៃ។
អង្គារអង្គុយស្ងាត់
សូមប្រយ័ត្នអគ្គីភ័យ
អង្គារនាពេលថ្ងៃ
ភ្លើងព្រែផ្សៃឆេះគ្មានសល់។

Friday, April 26, 2013

ក្តៅណាស់ក្តៅណាស់




ក្តៅណាស់ក្តៅណាស់ស្ទើរស្ទះដង្ហើម
កន្សែងជោគសើមដោយសារតែញើស
ក្តៅចង់ឆ្អិនសាច់ប្រកាច់ទែងទើស
គ្រាន់តែហូរញើសអស់ជាងដប់ផ្តិល។

ក្តៅណាស់ក្តៅណាស់ណាលោកម្ចាស់អ្ហើយ
ងូតទឹករួចហើយនៅហូររអិល
បើមានទឹកកកច្បាស់ជារត់ប្រិល
ដេកស្រាតសំដិលខ្ជិលងើបដើរចេញ។

ក្តៅណាស់ក្តៅណាស់ក្តៅពីរបីត
ក្តៅដូចក្នុងឡភ្លើងឆេះប្រិញៗ
ក្តៅម្នុស្សក្តៅសត្វរុក្ខជាតិងាប់ស្ញេញ
ម្នាក់ៗបញ្ចេញឃើញធ្មេញសស្ញាច។

ក្តៅណាស់ក្តៅណាស់ក្តៅចាស់ក្តៅក្មេង
ក្តៅមានហាងឆេងក្តៅគួរឲ្យខ្លាច
ក្មេងធន់ក្តៅឥឡូវស្រែកចាច
ដោយសារអំណាចអង់អាចកម្តៅ។

ក្តៅណាស់ក្តៅណាស់បងប្អូនប្រយ័ត្ន
ថែទ្រព្យសម្បត្តិប្រយ័ត្នសោកសៅ
ចូរកុំប្រហែសពេលចេញទៅក្រៅ
ក្រែងនាំហ្មងសៅភ្លើងអគ្គីភ័យ

Thursday, April 18, 2013

ត្រៀមសាបព្រោះ!


ឪផ្ដើមធ្វើថ្នាលហើយ
មិនយូរឡើយចាប់ភ្ជួររាស់
ពង្រាបដោយរនាស់
ឲ្យម៉ែព្រោះបាចគ្រាប់ស្រូវ។

មានទឹកនៅដើមឆ្នាំ
ភ្លៀងសស្រាំនឹងមានផ្លូវ
ធ្វើស្រែដើមរដូវ
ទិន្នផលស្រូវក៏ធូរធារ។

ពូជស្រាលកណ្ដាលធ្ងន់
ត្រៀមគ្រប់គ្រាន់ទាន់វេលា
ពួកកូនចាំដេញទា
កុំឲ្យវាហួរស្រូវពូជ។

Wednesday, April 17, 2013

យប់ស្ងាត់



យប់យន់សែនស្ងាត់ស្ងាត់ជ្រងុំ
សូរចង្រិតយំយំឆ្លើយឆ្លង
គីង្គក់វាក្រតក្រតគិតប៉ង
បំណងគួចផ្សងផ្សងគូស្នេហ៍។

សុនខប្រឹងព្រុសព្រុសចេញក្រៅ
មេឃងងិតខ្មៅខ្មៅហូរហែ
ពពកបាំងបិទបិទព្រះខែ
សន្ធ្យាស្រុកស្រែស្រែចម្ការ។

កូនល្អ



ពុកម៉ែទៅធ្វើការរោងចក្រ
យកប្រាក់មកផ្គត់ផ្គង់គ្រួសារ
ពួកខ្ញុំក៏បានទៅសាលា
សិក្សារៀនសូត្រយកចំណេះ។

ទំនេរមិនដើរលេងផ្ដេសផ្ដាស់
ប្ដូរផ្លាស់គ្នាដេញក្របីសេះ
កុំឲ្យវាចូលមកប្រឡេះ
បោចបេះបន្លែយាយតាដាំ។

ត្រកួនត្រសក់និងននោង
ចេញផ្លែរយោងចំចូលឆ្នាំ
ពេលល្ងាចម៉ែកាត់យកបួនប្រាំ
ផ្ទាប់ផ្អកចិញ្ច្រាំសាច់បីជាន់។

ពេលដែលទំនេរនៅផ្ទះតា
ជួយដេញឆ្កែឆ្មាជ្រូកទាមាន់
កុំឲ្យវាឈ្មុសកកាយជាន់
ខ្ទឹមផ្ទីអាចន៍មាន់ស្លឹកគ្រៃបាស។