Tuesday, March 19, 2013

ខ្ទមអនុស្សា

នឹកខ្ទមចាំពោតមាត់ទន្លេ
បងនិងមាសមេតែងណាត់គ្នា
អង្គុយសាសងសួរសន្ទនា
គឺជាលក្ខណៈក្មេងស្រុកស្រែ។

កាលនោះមិនទាន់វ័យជំទង់
អូនល្អទ្រើសទ្រង់គួរចង់ស្នេហ៍
ផ្ទះអូនផ្ទះបងនៅខាងក្បែរ
សម្លេងពុកម៉ែឮរំលង។

ចេញពីសាលាហូបបាយរួច
បងហួចស៊ីញ៉ូជិតរបង
ឃើញអូនលាងចានញាប់ដៃផង
អង្គុយបែរខ្នងធ្វើមិនដឹង។

បងស្រូតរូតរះទៅដល់ខ្ទម
ថ្ងៃជ្រេរទាបល្មមម្លប់ត្រឈឹង
បក្សីខ្ញៀវខ្ញារលាន់ទ្រហ៊ឹង
គោចងកណ្ដឹងដូចតន្ត្រី។


No comments:

Post a Comment