Tuesday, March 26, 2013

គោរពច្បាប់ទាំងអស់គ្នា



ចរាចរយានច្រើនសេ្អកស្កះ

ទាំងក្មេងទាំងចាស់ជិះខ្វាត់ខ្វែង
ហួសល្បឿនកំណត់ប្រឹងសម្ដែង
ខ្លះជ្រែសម្ញែងបង្អួតស្រី។

អ្នកខ្លះស្រវ៉ឹងយ៉ាងធ្ងន់ធ្ងរ
បាត់បង់ជំហរជ្រុលវិថី
បុកខូចទ្រព្យគេទាំងរាត្រី
ប៉ាតណាប៉ាតណីវ៉ៃអ្នកថត។

ចិញ្ចើមផ្លូវថ្នល់សល់តិចតួច
គិតឲ្យតែរួចលួចសំចត
មិនទៅឲ្យដល់ទីចំណត
គេប៉ះពាផតតាំងមួរម៉ៅ។

អាងឡានទំនើបបើកយប់ថ្ងៃ
ល្បឿនគ្មានសំចៃលឿនស្លុងស្លៅ
កណ្ដាលទ្រូងផ្លូវមិនអែបក្រៅ
បុកផាំងខលហៅតាមទូរស័ព្ទ។

អត់មានកញ្ចក់អត់ទាំងមួក
ដួលព្រូសបែកព្រួកឈាមកកខាប់
យកទៅសង្គ្រោះមិនប្រញ៉ាប់
ដេកស្លាប់គួរឲ្យអាសូរក្រៃ។

មេត្តាយោគយល់ដល់ផងគ្នា
ផ្សះផ្សាជានាអធ្យាស្រ័យ
បើគោរពច្បាប់រៀងរាល់ថ្ងៃ
គ្រោះថ្នាក់ក្សិណក្ស័យនឹងថមថយ។

No comments:

Post a Comment