Wednesday, March 27, 2013

សាវ័ក


ព្រះសង្ឃអង្គសាវ័ក
លោកជាអ្នកទ្រទ្រង់ត្រូវ
ព្រះធម៌តម្រង់ផ្លូវ
ចៀសអាស្រូវសាងកុសល។

ព្រះសង្ឃជាថ្នាលស្រែ
បណ្ដុះថែបុណ្យយកផល
ស្រែបុណ្យនឹងហុចផ្ដល់
ត្រឡប់ដល់អ្នកដាំដុះ។


Tuesday, March 26, 2013

អាឡូ បងនៅណា?



ឆាប់មកជួបអូននៅឯណេះ
កន្លែងពិសេសណាស់ណាបង
ត្រជាក់ខ្លាំងណាស់ស្រួលខ្លួនផង
មានទាំងក្ដាមខ្យងវារផ្កាប់ផ្ងារ។

ចំណែកខាងបងមិនអន់ដែរ
មច្ឆាហូរហែហែលត្រៀបត្រា
បើរឿងត្រជាក់មិនបាច់ថា
ឡើងរឹងចង្កាញ័រទាំងថ្គាម។

ភ្ញាក់ឡើងកូនប្រុស



មកពីកូនឯងដេកទ្រមក់
ទើបពុកចងថ្ពក់នាឡិកា
កំណត់ម៉ោងរោទិ៍ជាប់សោតា
ភ្ញាក់ទៅសាលាឲ្យទាន់គេ។

យប់ឡើងម៉ោងដប់មិនទាន់គេង
រវល់រឿងលេងគ្មានទំនេរ
មើលតែរឿងភាគរបស់គេ
ហាមមិនស្ដាប់ទេតសម្ដី។

ល្មមភ្ញាក់ខ្លួនហើយណាកូនប្រុស
មើលពិន្ទុចុះត្រឹមពីរបី
គួរតែកូនខ្មាស់មិត្តប្រុសស្រី
កូនលេខសែបីគេលេខមួយ។

កូនត្រូវខិតខំប្រឹងរៀនសូត្រ
រហូតពុកម៉ែអស់ក្ដីព្រួយ
ឪចង់ឃើញកូនមានថ្ងៃមួយ
ក្លាយជាជំនួយជួយគ្រួសារ។

គោរពច្បាប់ទាំងអស់គ្នា



ចរាចរយានច្រើនសេ្អកស្កះ

ទាំងក្មេងទាំងចាស់ជិះខ្វាត់ខ្វែង
ហួសល្បឿនកំណត់ប្រឹងសម្ដែង
ខ្លះជ្រែសម្ញែងបង្អួតស្រី។

អ្នកខ្លះស្រវ៉ឹងយ៉ាងធ្ងន់ធ្ងរ
បាត់បង់ជំហរជ្រុលវិថី
បុកខូចទ្រព្យគេទាំងរាត្រី
ប៉ាតណាប៉ាតណីវ៉ៃអ្នកថត។

ចិញ្ចើមផ្លូវថ្នល់សល់តិចតួច
គិតឲ្យតែរួចលួចសំចត
មិនទៅឲ្យដល់ទីចំណត
គេប៉ះពាផតតាំងមួរម៉ៅ។

អាងឡានទំនើបបើកយប់ថ្ងៃ
ល្បឿនគ្មានសំចៃលឿនស្លុងស្លៅ
កណ្ដាលទ្រូងផ្លូវមិនអែបក្រៅ
បុកផាំងខលហៅតាមទូរស័ព្ទ។

អត់មានកញ្ចក់អត់ទាំងមួក
ដួលព្រូសបែកព្រួកឈាមកកខាប់
យកទៅសង្គ្រោះមិនប្រញ៉ាប់
ដេកស្លាប់គួរឲ្យអាសូរក្រៃ។

មេត្តាយោគយល់ដល់ផងគ្នា
ផ្សះផ្សាជានាអធ្យាស្រ័យ
បើគោរពច្បាប់រៀងរាល់ថ្ងៃ
គ្រោះថ្នាក់ក្សិណក្ស័យនឹងថមថយ។

កុំចង់ឌឺ!


Monday, March 25, 2013

ពីតូចដូចគ្នា

កុំខ្ពើមរអើមពីដើមដូចគ្នា
ឬក៏លើសវាផងក៏មិនដឹង
សំបោរកក្លាក់ក្អែល.កក្រឡឹង
មិនស្រស់ថ្លាចឹងដូចវានេះផង។

សារជាតិជាក្មេងលេងគ្រប់លេងសព្វ
ត្រឡិនត្រឡប់មិនចប់បំណង
បើកញើសគឃៀរឈ្ងៀមសាច់តែម្ដង
មិនចេះសៅហ្មងដូចជាចាស់ទេ។

ខ្ញុំធ្លាប់រត់លេងកាលនៅក្មេងវ័យ
អ្នកផងដ៏ទៃស្រដីដៀលជេរ
«យីអើ!អានេះកូនពីណាគេ
ស្អុយញើសម្លេះទេហើយក្អែលក៏ច្រើន»។

រង់ចាំឥតន័យ




រង់ចាំឥតន័យ

រង់ចាំតាមពាក្យសន្យា
ពេលណាអូនព្រមមកជួប
រង់ចាំរហូតដល់ខួប
មិនជួបមិនចេញទៅណា។

រង់ចាំចាំជួបមាសមេ
ឬគេរេចិត្តសាវា
រង់ចាំរែងអន្ទះសា
ខ្លោចផ្សាក្រោមក្ដៅភ្លៀងខ្យល់។

រង់ចាំបណ្ដាំចុងក្រោយ
សូមឆ្លើយឲ្យអស់ចម្ងល់
រង់ចាំចម្លើយតាមខ្យល់
បានដល់យល់ក្នុងចិន្តា។

រង់ចាំចាំមើលផ្លូវអូន
ស្ងាត់សូន្យស្រពោនទាំងផ្កា
រង់ចាំចាំឥតខ្លឹមសារ
ចំណីអាហារក៏អត់។

សម្មាអាជីវោ


រដូវជំនន់ ភ្លៀងធ្លាក់ជោរជន់ រកបានគ្រាន់បើ
ទទួលចាំអូស ដឹកអ្នកដំណើរ អ្នកជិះអ្នកដើរ
គឺដឹកទាំងអស់។

ដឹកម៉ូតូកង់ ឥវ៉ាន់បាវថង់ មិនអែអង់សោះ
គូស្នេហ៍ដើរលេង ដឹកបានទាំងអស់ ដឹកគ្មានចន្លោះ
គ្រហស្ដព្រះសង្ឃ។

ដល់ទឹករីងស្ងួត អត់មានអីអូត ដើររើសដបថង់
របស់បាក់បែក
ដែលគេបោះបង់ តម្រែតម្រង់
វ៉ៃចេញអេតចាយ។

Sunday, March 24, 2013

ប្រាសាទ


ម៉ែគេ

ត្រូវការចំណីឆីចូលពោះ
បក្សីទើបញាស់ពោះទទេ
ហាមាត់រហង់រង់ចាំមេ
គ្មានអ្នកផ្សេងទេជួយមើលថែ។

កូនគ្មានម៉ែឪត្រូវអំណត់
រងការកំសត់ទុក្ខពុំល្ហែ
មិនដែលសុខសាន្តបានលម្ហែ
អ្នកផ្សេងមើលថែរេមិនទៀង។

ខិតខំតស៊ូប្ដូរកម្លាំង
ប្រយុទ្ធតតាំងបាំងព្យុះភ្លៀង
ប្រាថ្នាទៅមុខសុខមិនល្អៀង
ពង្វាងឲ្យអស់គ្រោះទុក្ខភ័យ។

កុំដូចកូនសត្វបាត់មេបា
អាហារក៏គ្មានខំលកលៃ
នេះគឺជីវិតពិតគ្មានន័យ
រំពៃរំពឹងតាមវាសនា។

សុំថតមួយ



អត់ទោសអូនស្រីប្រណីផងចុះ
សុំថតមួយប៉ុស្តិ៍ណាស្រស់មាសមេ
ព្រោះអីរូបមុំស័ក្តិសមលើសគេ
អូនល្អម្លេះទេរៀមសែនស្នេហា។

ពេលបានជួបជិតគឺរិតតែស្រស់
ល្អស្អាតទាំងអស់គ្មានទាស់ត្រង់ណា
តាំងពីរោមស្លាបចំពុះចង្កា
ក្រចកជីវ៉ាក៏ថ្លាមុតស្រួច។

គិតម៉េច?



ពិបាកចិត្ត អង្គុយគិតក៏ពុំយល់
ពិបាកចិត្ត សែនអំពល់ខ្វល់ចិត្តណាស់
ពិបាកចិត្ត ថ្ងៃនេះត្បិតមិនស្រឡះ
ពិបាកចិត្ត ស្មុគ្រស្មាញណាស់ឱព្រះអើយ។

គិតមិនចេញ ទុក្ខទោរម្នេញពេញទាំងប្រាណ
គិតមិនចេញ នៅរំខានមិនបានស្បើយ
គិតមិនចេញ អាប់អួចិត្តឥតស្រាន្តឡើយ
គិតមិនចេញ សន្ដានអ្ហើយជួយគិតផង។



គួរវិលវៃ វិលចូលព្រៃលំនៅដើម
គួរវិលវៃ ហើយចាប់ផ្ដើមបំភ្លេចហ្មង
គួរវិលវៃ ទៅស្ដាប់រៃច្រៀងសាសង
គួរវិលវៃ ជួបប្អូនបងជាតិញាតិផៅ។