Tuesday, February 5, 2013

ថ្វាយព្រះភ្លើង

វេលាកំណត់ប្រាកដច្បាស់
ឥតមានប្ដូរផ្លាស់កម្មវិធី
ម៉ោងដប់ប្រាំបី(១)គ្រប់ពេញទី
ពិធីថ្វាយភ្លើងព្រះបរមសព។

ភ្លើង(២)ដែលត្រូវយកមកប្រើការ
ប្រសើរថ្លៃថ្លាមានប្រភព
ពីព្រះសូរិយាមកបង្គ្រប់
ព្រាហ្មបួងសួងជប់សុំអគ្គី។

១០១ ណាត់កាំភ្លើងធំ
បានរៀបចំផ្គុំមាត់នទី
ត្រៀមបាញ់ក្នុងពេលផ្ដើមពិធី
ថ្វាយព្រះអគ្គីសម្ដេចតា។

ប្រមុខដឹកនាំអន្តរជាតិ
រាជ-រដ្ឋទូតញាតិអស់បណ្ដា
យាងអញ្ជើញចូលរួមអាត្មា
វន្ទាខមាទោសចុងក្រោយ។

រាស្ដ្រខ្មែរទាំងឡាយក្ដុកក្ដួលចិត្ត
អណោចអាណិតពោលដង្ហោយ
សូមព្រះវិញ្ញាណនាជាតិក្រោយ
សូមឲ្យដល់ឋានព្រះបរមសុខ។

​​​     (១) តាមជំនឿខ្មែរ និងក្បួនរបស់ព្រាហ្មហោរាសាស្ត្រថាលេខ ៩ គឺល្អ។
            ដូច្នេះការថ្វាយព្រះភ្លើងត្រូវប្រព្រឹត្តទៅនៅម៉ោង ១៨ គត់។
​​     (២) ប្រពភភ្លើងដែលត្រូវយកមកថ្វាយព្រះសព មិនយកភ្លើងដែលយើង
            ប្រើរាល់ថ្ងៃនេះទេ គឺជាការធ្វើពិធីបួងសួងសុំរបស់ព្រាហ្មព្រះរាជវាំង
            ពីព្រះអាទិត្យ ។ គេធ្វើប្រដាប់ទាញយកកម្ដៅថ្ងៃ (ប្រើកញ្ចក់ក្រាស់
            ដើម្បីទាញយក)។ 

No comments:

Post a Comment