Wednesday, December 25, 2013

អាំងភ្លើង


(បទ វង្សវិចិត្រ)

ត្រជាក់បែបនេះនឹកឃើញកាលនៅកុមារ
មុនទៅសាលាដុតភ្លើងអាំងក្បែរចំបើង
កក់ក្ដៅខ្លាំងណាស់លក់មួយភាំងពេលភ្ញាក់ឡើង
ពុកដេញរត់ប៉ើងព្រោះហួសម៉ោងចូលសិក្សា។

ទម្លាប់អ្នកស្រែកាលពីដើមរៀងរាល់ព្រឹក
ពេលភ្ញាក់រឭកក្រោកពីដេកគ្រប់អាត្មា
បំពក់ភ្នក់ភ្លើងអាំងកម្ដៅក្នុងកាយា
នាកាលនោះណាអាវរងាវាក្រខ្សត់។

ដល់ពេលថ្ងៃរះទើបបំបែកចែកផ្លូវគ្នា
ទៅធ្វើការងាររៀងៗខ្លួនយ៉ាងអំណត់
ច្រូតកាត់ជញ្ជូនបែនបញ្ជាន់ទ្រាំនឿយហត់
ឲ្យតែប្រាកដជីវភាពល្អប្រសើរ។



Saturday, December 21, 2013

ល្អកូនស្រី!!


នេះបានត្រឹមត្រូវណាកូនស្រី
ទីជិតឆ្ងាយក្ដីត្រូវប្រយ័ត្ន
ទោះផ្លូវអ៊ូអរឬក៏ស្ងាត់
ប្រហែសវាបាត់ប្រយ័ត្នគង់។

គ្មានធ្ងន់ធ្ងរអ្វីនឹងមួកមួយ
ធាក់ពួយលឿនយឺតឈប់បង្អង់
បើជួបគ្រោះថ្នាក់សូម្បីកង់
ក៏រួញក្រញង់ជាមិនខាន។

ប្រសិនមានមួកវាប្រសើរ
វាស្រាលគ្រាន់បើអាចប៉ាន់ស្មាន
របួសមិនធ្ងន់ធ្ងរប៉ុន្មាន
ព្រោះបានមួកនេះជួយការពារ។

Friday, December 20, 2013

ដៃ ជើង មាត់ និងក្រពះ

ជើងថារាល់ថ្ងៃដើរលិចកើត
សស្លាក់ស្លស្លើតពុំឈប់ឈរ
រកបានអាហារមួយគំនរ
ដៃប្រមូលយក៍គ្មានសេសសល់។

នែវើយ!កុំចេះតែចោទផ្ដាស
ដៃអញនឿយណាស់ខ្វេះខ្វាយខ្វល់
ចំណីដែលរកបានមកដល់
តម្កល់ទុកស្រេចសម្រាប់មាត់។

វាពមត្របាក់ស៊ីយ៉ាងឆ្ងាញ់
ទាំងឯងទាំងអញជាទៀងទាត់
ខំរកសព្វថ្ងៃដើម្បើមាត់
មើលចុះវាធាត់ថ្ពាល់ឡើងហៀរ។

មាត់ឮដូច្នោះតបតថា
សម្លាញ់ហត្ថានិងបាទា
ខ្ញុំនេះខំហាខាំទំពារ
រាល់ពេលវេលាថ្គាមរោយចុក។

ប៉ុន្តែអាហារទាំងអស់នោះ
វាជ្រុះទម្លាក់ធ្លាក់ចូលប្លុក
ទៅក្នុងក្រពះរីកប៉ោងស្ដុក
អង្គុយច្រងុកឥតធ្វើអ្វី។

ដៃជើងស្ដាប់ហើយជំនុំថា
យើងគ្រប់អាត្មាមូលសម្ដី
ឈប់ធ្វើឈប់ដើរមាត់ឈប់ឆី
តើឯងអាងអីរស់តទៀត?។

ក្រពះកាលបើគ្មានអាហារ
សព៌ាង្គកាយាអស់ជីវជាតិ
ស្រកសាច់ស្គមស្គាំងសល់តែធាតុ
វិញ្ញាណប្រាសឃ្លាតមរណាហោង។

Monday, December 9, 2013

ភ្នែក


ភ្នែក ហត់នឿយណាស់រៀងរាល់ថ្ងៃ
ភ្នែក គ្មានសំចៃមួយពេលណា
ភ្នែក បើកសម្លឹងសព្វទស្សនា
ភ្នែក មានខ្លឹមសារក្នុងជីវិត។

ភ្នែក បានត្រឹមតែមិចម្ដងៗ
ភ្នែក មិនហ៊ានប៉ងនឹងធ្មេចជិត
ភ្នែក ត្រូវចាំដល់យប់ជ្រៅពិត
ភ្នែក ទើបងងិតបិទដេកទៅ។

ភ្នែក បើសិនគេមានរវល់
ភ្នែក ត្រូវអំពល់បើកនិត្យនៅ
ភ្នែក​ អត់ងងុយដល់យប់ជ្រៅ
ភ្នែក ជួនកាលទៅទ្រាំដល់ស្អែក។

ភ្នែក ពេលស្រវ៉ាំងមើលមិនច្បាស់
ភ្នែក ត្រូវបានម្ចាស់ត្អូញត្អែស្រែក
ភ្នែក! អញឥឡូវយ៉ាប់ចម្លែក
ភ្នែក ត្រូវគេចែកកែវពង្រីក។

ច្រមុះ

កាលនោះច្រមុះវាស្រដី
ប្រុសស្រីរស់ដោយសារអ្នកណា?
ដង្ហើមចេញចូលមូលសង្ខារ
គឺខ្ញុំនេះណាអ្នករ៉ាប់រង។

ក្លិនឆ្អេះឆ្អាបស្ងុយឈ្ងុយក្រអូប
ក្លិនថ្ពាល់រាល់រូបគ្រប់គ្នាផង
ខំស្រូបស្រង់ក្លិនមិនខានម្តង
ក្លិនមិនទំនងផងទាំងឡាយ។

នៅពេលដែលភ្នែកមើលមិនច្បាស់
គឺប្រាកដណាស់ខ្ញុំខ្វល់ខ្វាយ
អ្នកទ្រវ៉ែនតាទ្រុឌក្រហាយ
គ្មានសុខសប្បាយម្ដងណាឡើយ។


Sunday, December 8, 2013

ត្រចៀក


ត្រចៀកនេះហត់នឿយម៉្លេះមិនស្រួលអី
រឿងចាស់ថ្មីដែលគេស្ដីរៀបរ៉ាយរ៉ាប់
ទោះជាយល់ឬមិនយល់ឲ្យតែប្រាប់
ប្រុងប្រៀបស្តាប់យូរឬឆាប់ប្រឹងចងចាំ។

គេចង់ស្រួលរវៃមួលញាប់ហត្ថា
ស្រៀវអស្ចារ្យលូកលុញត្បាររាល់ខែឆ្នាំ
ត្រចៀកព្រឺរមាស់ឈឺសែនរងកម្ម
សុខចិត្តទ្រាំឲ្យគេខ្វេះខ្វាយតាមចិត្ត។

ពេលត្រូវការពាក់វ៉ែនតាសម្រួលភ្នែក
ក៏រំលែកយកដែកដងពាក់គាបកិត
ចូលជាប់ទ្រុឌមុតជាំសាច់ស្អុះស្អាប់ស្អិត
ភ្នែកដេកបិទយប់ងងិតជួនភ្លេចដោះ។

សូរសំនៀងបទចម្រៀងគ្រប់ដំណើរ
ពាក្យសសើរជេរបញ្ចោរអសុរោះ
ត្រចៀកហ្នឹងខំប្រឹងថតយកទាំងអស់
ស្ត្រីបុរសស្រៀវស្រណោះត្រង់ត្រចៀក។

Sunday, December 1, 2013

កេរ្តិ៍តំណែលដ៏ផូរផង់


ក្បាច់ចម្លាក់ដាប់គូរឆ្លាក់យ៉ាងប្រណីត
ល្អវិចិត្រជាស្នាដៃមហស្ចារ្យ
ពូជពង្សខ្មែររក្សាថែតដូនតា
គ្មានសាសន៍ណាមានដំណែលល្អដូច្នេះ។

កោតសសើរនូវដំណើរអភិរក្ស
រៀនចម្លាក់ជាតំណតចំណេះ
ឲ្យកូនចៅចងចាំនៅមិនរបេះ
សិក្សាចេះជាបន្តបន្ទាប់ទៅ។

Saturday, November 30, 2013

រស់ឆ្ងាយពីគេ...


ចិត្តចង់នាំស្រីឡើងទៅលើ
នៅផ្ទះដែលទើចុងឈើខ្ពស់
យើងទាំងពីរនាក់ស្ម័គ្ររួមរស់
គ្មានគេមកឈ្លោះបំបែកបាន។

មិនមានជណ្ដើរឬបង្អោង
អ្នកណាចង់តោងមករំខាន
មិនអាចសោះឡើយកុំនឹកស្មាន
មានតែពីរប្រាណអូននិងបង។

ដល់ពេលយើងឃ្លានធ្វើយ៉ាងណា?
សូមអូនមេត្តាជួយគិតផង
បើឲ្យលោតចុះខ្ទេចឆ្អឹងខ្នង
ណ្ហើយចុះនួនល្អងដេកអត់ទៅ។


ល្ហុងឈ្មោល


ល្ហុងដំណាំខ្មែរ រាល់រដូវខែ ហូរហែដាំដុះ
អ្នកស្រុកចូលចិត្ត ក្មេងចាស់ស្រីប្រុស មិនមានទាស់ខុស
រសជាតិទុំខ្ចី។

រីពូជល្ហុងឈ្មោល ដើមដូចបង្គោល ឫសចូលចាក់ដី
ចេញផ្កាកញ្ចុំ ពុំបានផលអ្វី ផ្កាចាស់ផ្លាស់ថ្មី
ជ្រុះដីពុំសល់។

ចំណែកល្ហុងញី ផ្កាហើយក្ដឹបមីរ ពេញទីបានផល
ទន់ដើមចង់បាក់ ដាក់បង់បាញ់កល់ ចេញផ្លែគ្មានសល់
ផលគ្រប់វេលា។

ផ្កាត្នោតឈ្មោលវិញ អាចស្រក់បំពេញ បំពង់យោលយារ
ធ្វើទឹកជូរផ្អែម ក្លែមជួសស្រាបៀរ ល្ហុងឈ្មោលដូចជា
វាឥតប្រយោជន៍។


ទិវាអេដស៍


ត្រូវតែរួមគ្នាលុបបំបាត់
ទប់ស្កាត់ជំងឺអេដស៍សាមាន្យ
កុំឲ្យវាឆ្លងចូលដល់ប្រាណ
អាស្រូវដិតដានក្នុងជីវិត។

មិនគួរខ្មាស់អៀនពេលរោគា
ប្រើថ្នាំពន្យាធូរស្រាលពិត
លាក់បាំងពេលដែលអេដស៍រួមរិត
នោះពិតរីងរៃក្ស័យជីវី។

លេបថ្នាំពន្យាជាកំណត់
ប្រាកដតាមដានស្មានសញ្ញី
មិនឲ្យខកខានម្ដងជាពីរ
វិធីនៃពេទ្យជំនាញប្រាប់។

បើសិនដុនដាបដល់មរណា
នាំឲ្យទុក្ខាការឈឺចាប់
ដល់ក្រុមគ្រួសារគ្រប់លំដាប់
ជីវភាពយ៉ាកយ៉ាប់គ្មានលំនឹង។

ឯកូនប្រុសស្រីត្រូវវេទនា
កំព្រាព្រាត់ប្រាស់អត់ទីពឹង
ពេលថ្ងៃសញ្ជប់យប់សញ្ជឹង
អនាគតនឹងទៅយ៉ាងណា?។

កុំភ្លេច!! ស្រោមអនាម័យ!!!


Friday, November 29, 2013

Nokia 3310


ណូគាសាមបីដប់
មិនទាន់ចប់រជ្ជកាលវា
គុណភាពក៏ធានា
ធ្លាក់ប៉ះពារមិនងាយបែក។

ហ្វេសប៊ុកបើកអនឡាញ
មិនសូវសាញល្បឿនពេលឆែក
ដើរលឿនមិនប្រកែក
សំបកដែកកញ្ចក់ជ័រ។

សម្លេងរោទិ៍ខ្លាំងណាស់
ភ្ញាក់ដល់ម្ចាស់ម៉ាស៊ីនញ័រ
គ្រលរអូប៉ាកល័រ (bass)
ដូចត្រាក់ទ័រខ្ទរកិនថ្នល់។

បើលេងអិនធីណិត
អស់ពីចិត្តឥតកង្វល់
ដោនឡូតខ្វោកមកដល់
គឺបានផលចំណេញណាស់។




Wednesday, November 27, 2013

ចរាចរ


(ភុជង្គលីលា)

គ្រោះថ្នាក់បុកបាក់ប៉ះពារ
រៀងរាល់ទិវា
គ្មានគ្រាស្រាកស្រាន្ត។
ប្រហែសរបេះមិនខាន
បង់ភាពសុខសាន្ត
រំខានជីវភាព។
បើកបរសីលធម៌រៀងរាប
លៃលកស្ទង់ស្ទាប
ប្រៀបធៀបច្បាប់ល្បឿន។
ស្រវ៉ឹងជម្រុញចិត្តលឿន
មិនអាចដាស់តឿន
កើនល្បឿនគ្រោះថ្នាក់។
តោងតែយកចិត្តទុកដាក់
គោរពឥតអាក់
ច្បាប់ច-រាចរ។


ម៉ៅមាសបង


ខ្មៅអើយខ្មៅស្រស់ ខ្មៅគ្មានចន្លោះ កៀនកោះត្រង់ណា
ខ្មៅសព្វកន្លែង ចង្កេះចង្កា ដៃជើងកនិដ្ឋា
ខ្មៅមហាក្រៃ។

ត្បិតខ្លួនអូនខ្មៅ ចិន្ដាបងដៅ ចៅរ៉ៅរកថ្លៃ
ទំនាក់ទំនង ផ្គូផ្គងនិស្ស័យ ខ្មៅស្រស់ចរណៃ
ថ្លៃគិតយ៉ាងណា?។

បើអូននាងព្រម ឃើញថាសមល្មម លួងលោមស្នេហា
ខ្មៅឆ្លើយមួយម៉ាត់ បងចូលចាត់ការ ចែចូវមេបា
ការក្រោយខែច្រូត៕

Saturday, November 23, 2013

ស្អាតជានិច្ច


កូនចៅមិននៅផ្ទះ
បោសជម្រះខ្លួនឯងហើយ
បើខ្ជិលពុំស្អាតឡើយ
ស្មៅកន្ត្រើយសម្រាមដី។

ទុកដូចការហាត់ប្រាណ
វានឹងបាននូវសិរី
ទីធ្លាក៏នៅថ្មី
ជនប្រុសស្រីគេចូលចិត្ត។

បើមានសុខភាពល្អ
គឺបវររុងល្អវិសិដ្ឋ
រោគាមិនដាមដិត
គ្រួសារស្ថិតសុខមង្គល។

គុម្ពោធព្រៃងងិត
មិនបានគិតទុក្ខអំពល់
កើតមូសហើរវិលវល់
ខាំចុចជល់ដល់ជំងឺ។

Thursday, November 21, 2013

ព្រះវិហារ


ឧត្ដរាទិសាសីមាដែន
ដងគីរីបត់បែនផែនខ័ណ្ឌចែក
ទេសខ្មែរ-សៀមសងខាងភ្នំដងរែក
ពុំមានប្លែកថ្ងៃស្អែកបន្តទៅ។

ព្រហាមរះភ្លឺច្បាស់ព្រះសូរិយា
រស្មីថ្លាបំភ្លឺយ៉ាងសន្ធៅ
ព្រះវិហារប្រាសាទស្ថិតស្ថេរនៅ
ក្នុងព្រៃជ្រៅខ្នងភ្នំជុំបព៌ត។

សូមស្វាគមន៍ទេសចរណ៍ជាតិអន្តរ-
ដោយស្មោះស្ម័គ្ររមណីយយ៉ាងប្រាកដ
ប្រាង្គទាំងប្រាំគោបុរៈរចនាបទ
ផ្លូវឡើងចុះមិនហត់មានរថយន្ត។

ផ្កាសណ្ដែកខ្មោច


នឹកឃើញពេលមួយនៅឯព្រៃ
ថ្ងៃនោះលកលៃរកបន្លែ
គេធ្វើទឹកគ្រឿងរបៀបស្រែ
ខានហូបយូរខែក៏នឹកចង់។

ត្រួយល្ងៀងពេលល្ងាខ្ចីស្រស់ៗ
បេះអស់បន្តដើរតម្រង់
សំដៅផ្កាស្នោរីកលឿងខ្ញង់
លូកដៃព្រោះចង់ទាញបេះបោច។

ស្រាប់តែមានគេស្រែកប្រាប់ថា
អាណាដែលស៊ីសណ្ដែកខ្មោច
ទាំងក្លិនរសជាតិវាអសោច
កុំអីជ្រុលបោចធ្វើអន្លក់។

Thursday, November 7, 2013

ស្រងេះស្រងោចស្រងល់ចិត្ត


កណ្ដោចកណ្ដែងកណ្ដាលដួងចិត្ត
អាណោចអាណិតអនាថពេកក្រៃ
ស្រងេះស្រងោចស្រងល់ដួងចៃ
ស្រមើស្រមៃស្រមុយជិតជាប់។

រវើរវាយរវីរវល់
អំពីអំពល់អំពើពុំគាប់
ស្រវេស្រវាស្រវាំងភ្នែកជាប់
គំនិតគំនាប់កំណួចតែថ្លៃ។

រសេះរសោះរសាប់រសាប់រសល់
ច្របូកច្របល់ច្របាច់ជើងដៃ
មមើមមាយមមីទាំងថ្ងៃ
អាឡោះអាល័យស្រណោះស្រណោក។

រំពៃរំពឹងរំពងសូរសៀង
សំណោកសំនៀងសំណាកទុក្ខសោក
លន្លង់លន្លោចលន្លឹមមិនក្រោក
សំណល់សំណោកសំណៅរងកម្ម។

សាលក្រម


ភ្លៀងនឹក!


ភ្លៀងធ្លាក់មិនឈប់សញ្ជប់នឹក
នឹកអូនទាំងព្រឹកនឹកពុំបាត់
បាត់ច្រើនថ្ងៃខែហូរហែស្ងាត់
ស្ងាត់សូន្យបង់បាត់ព្រាត់ប្រាសប្រាណ។

ប្រាណធ្លាប់កៀកកែលម្ហែចិត្ត
ចិត្តស្ថេរនៅស្ថិតឥតរំខាន
ខានជួបមួយថ្ងៃទ្រាំមិនបាន
បានឃើញកល្យាណចិន្ដាស្ងប់។

ស្ងប់ស្ងាត់បាត់សូន្យអូនឃ្លាតទៅ
ទៅតាមចិត្តពៅពុំទាន់ស្កប់
ស្កប់ស្កល់ឆ្អែតឆ្អន់គ្រាបញ្ចប់

ចប់អស់ត្រឡប់ហួសពេលហើយ។

ភ្លៀងលាក្ដាមខ្យង


ស្រទុំជុំទិសតាំងពីព្រឹក
ភ្លៀងធ្លាក់សន្ធឹមគគ្រឹកសូរ
ក្នុងលូសម្លេងឈូទឹកហូរ
លាយស្នួរផ្គរលាន់ខ្ជាន់មិនដាច់។

ចាស់ថារន្ទះវានឹងបាញ់
ចំក្បាលត្រីក្រាញ់ខ្លាញ់ពេញសាច់
ភ្លៀងលាក្ដាមខ្យងឆ្លងឆ្នាំផ្ដាច់
សម្រេចរដូចស្រូវវស្សា។

រួចពីនេះទៅនៅកក្ដិក
ធ្លាក់ខ្យល់រដឹកស្ពឹកហត្ថា
ប្រមូលផលរួចរាល់ហើយណា
ដណ្ដឹងគ្នាការផ្អើលពេញភូមិ។

ភូមិកាព្យ

Tuesday, November 5, 2013

ល្វា


រុក្ខជាតិដើមដុះគ្មានបន្លា
មានផ្លែនិងផ្កាដូចគេឯង
ផ្លែភ្លឺរលោងគួរឲ្យស្ញែង
ពាក្យចាស់លោកថ្លែងល្អតែក្រៅ។

បើសិនជាគេបំពាក់សក់ (១)
លើផ្លែច្រមក់ឲ្យក្រឡៅ
វាក្លាយជាសត្វមានកូនបៅ
តែមិនស៊ីស្មៅដូចក្របី (២)។

កុំត្រាប់ផ្លែល្វាជារុក្ខា
រូបរាងស្រស់ថ្លាគួរបេតី
តាមពិតដង្កូវលាក់ខ្លួនឆី
គ្មានសេសសល់អ្វីសាច់ខាងក្នុង។

គួរឲ្យអាណិតជាតិជាល្វា
តើមានកម្មពៀរអ្វីបែបហ្នុង
ផ្លែរលីងក្រៅគគ្រិចក្នុង
អំឡុងដុះមកខុសគេឯង។

(១) សក់អក្សរ ស។ ល--ស។
(២) ស្វា។ ល្វា--ស្វា។