Friday, December 21, 2012

ជីវភាពស្រុកស្រែ

  
ទម្លាប់អ្នកស្រែពេលដែលបញ្ចប់
ច្រូតកាត់គ្រប់សព្វបោកបែនបញ្ជាន់
ការងាររួចហើយបានស្បើយគ្រប់គ្រាន់
មិនសូវរួសរាន់ប្រញាប់ប្រញាល។

ក្រៅពីធ្វើស្រែបន្លែដាំដុះ
ដំណាំចម្រុះបណ្ដុះក្នុងថ្នាល
ចិញ្ចឹមជ្រូកមាន់ទារាប់សិបក្បាល
បានជួយសម្រាលម្ហូបទិញពីផ្សារ។

សេសសល់ពីហូបលក់យកកម្រៃ
ចាយប្រចាំថ្ងៃនៅក្នុងគ្រួសារ
ឥតព្រួយខ្វល់ខ្វាយពីរឿងថវិកា
ព្រោះតែឧស្សាហ៍មិនសូវទំនេរ។

ថ្វីត្បិតមិនមានធនធានស្ដុកស្ដម្ភ
ក៏ល្មមសក្តិសមរស់ច្រឡំគេ
ជីវភាពអ្នកស្រែត្រូវចេះគ្នាន់គ្នេរ
មានតែដីទេត្រូវរេកែច្នៃ។

កូនបានរៀនសូត្រគ្រប់ឆ្នាំរដូវ
មិនបាច់លក់ស្រូវចំណាយរាល់ថ្ងៃ
ធ្វើបុណ្យដាក់ទានមានប្រាក់ចងដៃ
មានទាំងបច្ច័យត្រៀមកុំឲ្យខ្វះ។

ថ្ងៃល្ងាចជួបជុំក្នុងក្រុមគ្រួសារ
បរិភោគអាហារឱជារសណាស់
បងប្អូនជិតខាងស្រីប្រុសក្មេងចាស់

រាប់អានគ្នាណាស់ភូមិឃុំសុខសាន្ដ។

No comments:

Post a Comment