Thursday, December 13, 2012

ចំណាកស្រុក


បង្វិចបាឡូស្ពាយនៅខ្នង
ភ័យផងអរផងរត់ឆ្លងដែន
បង់ឲ្យមេខ្យល់អស់រាប់សែន
ក្រាបលូនបត់បែនសភាពការណ៍។

ម្ដងជាពីរដងបានសម្រេច
បង្វេសរួចស្រេចចូលសីមា
ដល់ទឹកដីគេសែនខ្លោចផ្សារ
តម្រួតរាជការចាប់ទៅឃុំ។

ធ្វើការស៊ីឈ្នួលលើសាគរ
រងខ្យល់ភ្លៀងផ្គររលកធំ
ឈឺថ្កាត់រងកម្មទ្រហោយំ
ក៏ពុំមានអ្នកជួយខ្លួនបាន។

ច្រើនខែកន្លងប៉ងបញ្ចប់
ចង់វិលត្រឡប់វិលវិញថ្កាន
កម្រៃរកបានទាំងប៉ុន្មាន
លាក់ទុកក្នុងប្រាណខ្លាចគេដឹង។

ឡើងដល់ដីគោកជួបអភ័ព្វ
តម្រួតចាប់ជាប់តាមបណ្ដឹង
ឆ្លងដែនខុសច្បាប់គឺតឹងរ៉ឹង
គេប្ដឹងរួចយកទៅដក់គុក។

ជម្រិតយកអស់គ្មានសល់ប្រាក់
រួចដឹកមកដាក់នៅជួរមុខ
ជាប់ព្រំប្រទល់ឲ្យរងទុក្ខ
ទឹកមុខស្លេកស្លាំងខ្លោចផ្សារក្រៃ។

ដល់ផ្ទះពុកម៉ែសោកខ្សឹកខ្សួល
រត់មកទទួលដោយអាល័យ
គ្មានសល់អ្វីសោះនៅក្នុងដៃ

ព្រោះប្រាក់កម្រៃរលាយសូន្យ។

No comments:

Post a Comment