Wednesday, December 12, 2012

វិបត្តិស្រាស


តំបន់និគមភូមិឃុំជនបទ
ជួបជុំប្រាកដមិនអត់ពិធី
គ្រឿងក្លែមសុរាចចារផឹកស៊ី
អស់ដបមួយពីរវក់វីចាស់ក្មេង។

ពីដើមស្រាសបិតអង្ករស្រែ
លាយមេដំបែផ្សែផ្សំផ្សេងៗ
ស្រេចហើយទើបបិតសម្រិតសម្រេង
បង្ហូរដូចប្រេងចេញពីខាងក្នុង។

សម័យទំនើបគេទើបមានល្បិច
ដាក់មេបន្តិចពន្លិចលាយឆុង
ទឹករាប់សិបលីត្រច្រកចូលប៊ីដុង
រៀបចំបម្រុងបង្កើតជាស្រា។

អ្នកទិញយកផឹកមិននឹកអំពល់
គិតតែពីជល់ទាល់តែដាច់ផ្ងារ
ទទួលរងគ្រោះក៏ព្រោះដោយសារ
តែជាតិសុរាដាក់មេគីមី។

ស្ទើរតែរាល់ថ្ងៃគេផ្សាយឲ្យដឹង
ប្រាប់ជាដំណឹងប្ដឹងសព្វទិសទី
ឮតែរងគ្រោះព្រោះការផឹកស៊ី
ស្រុកមួយស្រុកពីរគ្រប់ទីកន្លែង។

ហៃ!អស់បងប្អូនកូនក្មួយប្រយ័ត្ន
នាំគ្នាបំបាត់កំចាត់ស្រាស្លែង
ហូបស្រាដែលដឹងប្រភពជាក់ស្ដែង
ទើបអស់ចំបែងរែងផុតទុក្ខភ័យ។

No comments:

Post a Comment