Thursday, November 8, 2012

កឋិនវត្តខ្ញុំ


ដល់ថ្ងៃកឋិនមិនបានទៅស្រុក
ប្រាកដក្ដីសុខជួបញាតិគ្រប់គ្នា
ព្រោះជាប់ភារកិច្ចនៅព្រះវិហារ
អស់ច្រើនទិវាមិនបានវិលវិញ។

ពុទ្ធបរិស័ទចំណុះជើងវត្ត
ស្រុះស្រួលគត់មត់ចំណាយលុយទិញ
គ្រឿងត្រៃចីវររណ្ដាប់ម្តេចម៉ិញ
ឲ្យបានពេលលេញទៅតាមទម្លាប់។

ឆ្នាំទៅវត្តយើងអ្នកធំហែរចូល
បច្ច័យប្រមូលសន្ធឹកសន្ធាប់
ឆ្នាំនេះគ្មានអ្នកដង្ហែរមកភ្ជាប់
និស្ស័យឲ្យជាប់យកអានិសង្ឃ។

...ពីក្មេងទៅបុណ្យជាមួយពុកម៉ែ
កឋិនស្រុកស្រែត្រឹមតែជិះកង់
គ្មានម៉ូតូឡានហំហានតម្រង់
ផ្លូវក៏មិនត្រង់ក្ងិងក្ងង់បែនបត់។

យកគោក្របីមកជិះប្រណាំង
អ្នកណាដែលខ្លាំងបានឈ្នះប្រាកដ
ទទួលរង្វាន់មិនដែលឲ្យអត់
រង្វាន់មិនខ្សត់ត្រឹមនំបញ្ចុក។

ដុតគោមបង្ហោះសក្បុសពេញមេឃ
ទិដ្ឋភាពល្អពេកប្លែកភ្នែកអ្នកស្រុក
មានល្ខោនរបាំឆៃយ៉ាំចាក់ត្លុក

បំបាត់អផ្សុកក្មេងចាស់ប្រុសស្រី។

No comments:

Post a Comment