Wednesday, November 28, 2012

អកអំបុក


យប់នេះបូណ៌មីថ្ងៃដប់ប្រាំកើត
កក្កិតផុតខ្នើតអើតមូលក្រឡង់
តារានឹងរះត្រចះត្រចង់
ពន្លឺផូរផង់ថ្លាយង់រស្មី។

គ្រប់ខេត្តស្រុកឃុំប្រជុំជនក្រុង
រៀបចំបម្រុងអំបុកស្រូវថ្មី
ស្ករត្នោតអំពៅផ្លែល្ពៅដូងខ្ចី
ទៀនធូបបារីសម្ភីស្អិតស្អាង។

យប់ម៉ោងដប់ពីរពិធីចូលដល់
ដុតទៀនតម្កល់បន្ទាល់សម្អាង
ហោរាគន់គូរទៀនហូរតំណាង
បង្ហាញភស្ដុតាងមានភ្លៀងឬអត់?។

សូត្រនមស្ការព្រះរតនត្រ័យ
ងើយមុខលើកដៃស្រមៃប្រាកដ
ឆ្គោះដួងព្រះចន្ទ្រប្រកាន់សន្មត់
ធ្វើតាមបែបបទសុំសុខសប្បាយ។

រួចរាល់ពិធីវក់វីខ្ញៀវខ្ញារ
ស្រវេស្រវាប្រញឹកប្រញាយ
ចាប់យកអំបុកបញ្ចុកក្អាកក្អាយ
មិត្តភក្តិរាងអាយជិតឆ្ងាយគ្រប់គ្នា។

អ្នកខ្លះរាំរែកស្រែកហ៊ោរអឺងកង
រីករាយកន្លងក្នុងពេលសន្ធ្យា
ព្រះរាជពិធីនៃជនកម្ពុជា

ជូនពរជយាជារៀងដ៏រាប។

No comments:

Post a Comment