Friday, October 5, 2012

អូនភ្លេចអស់ហើយ


សាយ័ណ្ហទន់ទេរជ្រេរព្រះទិនករ
ស្បៃពពកសប្រែពណ៌ជាខ្មៅ
វាយោបក់ផាត់រសាត់លឿនស្លៅ
យាត្រាសំដៅលំនៅមេឃា។

បីដូចជាក្បូនច្រានរូបអូនទៅ
ឲ្យបងនិងពៅត្រូវព្រាត់ប្រាស់គ្នា
ភពស្នេហ៍លិចលង់ក្នុងព្យុះសង្ឃរា
នេះជាកម្មពៀរវេរាអតីត។

សេចក្ដីស្នេហាថ្លៃថ្លាកន្លង
ស្នេហ៍អូននិងបងប៉ងស្ម័គ្រជួបជិត
ជាគូវាសនាកាយារួមរិត
រួមរស់នែបនិត្យឥតមានបែកបែរ។

នឹកស្មានមិនត្រូវជម្រៅចិត្តស្រី
ផ្លាស់ប្ដូរយកថ្មីភក្ដីប្រួលប្រែ
បែកចិត្តពីបងនួនល្អងផ្លាស់ស្នេហ៍
ក្រឡាស់គេចកែប្រែប្រៃល្វីងសាប។

អូនភ្លេចស្មាស្ដាំចំណាំធ្លាប់កើយ
ភ្លេចស្មៅកន្រ្តើយភ្លឺថ្នាលសំណាប
ភ្លេចដើមស្រូវទុំទោរទន់ដួលដាប
ភ្លេចបទកំណាព្យកាព្យបងជូនស្រី។

ភ្លេចពាក្យឆ្លើយឆ្លងសាសងវាចា
ភ្លេចពាក្យស្នេហារៀងរាល់រាត្រី
ភ្លេចអស់សម្បថស្បថស្បែសម្ដី

ភ្លេចអស់ហើយអ្វីដែលស្រីធ្លាប់ធ្វើ។

No comments:

Post a Comment