Monday, October 8, 2012

នភាប្រាសាទ


គយគន់ប្រាសាទស្អាងស្អាតអស្ចារ្យ
លើខ្នងបព្វតាសីមាដីឧត្ដរ
ចម្លាក់ថ្មដារចនាបវរ
កណ្ដាលលំហរព្ធដ៏វេហា។

ទេសចរស្រីប្រុសចម្រុះជាតិសាសន៍
រីករាយខ្លាំងណាស់ព្រោះបានទស្សនា
សំណង់វិចិត្រប្រណីតស្ថាបនា
ដោយផ្ទាល់ហត្ថាដូនតាយើងសាង។

ស្ថាបត្យកម្មរយឆ្នាំជន្មា
តាំងពីយូរយារព្រះវិហារប្រាង្គ
សិលាចារិកបញ្ជាក់តឹកតាង
ខ្មែរអ្នកកសាងមិនអាងបំភ្លៃ។

ទេសភាពត្រកាលកណ្ដាលខ្នងតួ
សំយ៉ាកធ្លាក់ពួរដោយវល្លិ៍ឈើព្រៃ
តុបតែងលម្អនានភាល័យ
សម្លេងសត្វរៃអស់ក្តីនឿយណាយ។

សម្លឹងពីលើចុងឈើឡឹមៗ
រីកស្រស់ប៉ប្រិមញញឹមស្រស់ស្រាយ
ស្វាគមន៍ជូនពរទេសចរទាំងឡាយ
ឲ្យសុខសប្បាយឥតខ្វល់ខ្វាយអ្វី។

នាពយតាឌីជាទីសក្ការៈ
បន់ស្រន់ស្មោះស្ម័គ្រសូមសុខសួស្ដី
គ្រប់អ្នកដំណើរឡើងចុះប្រុសស្រី
សូមមានសិរីជោគជ័យដ៏រាប។

No comments:

Post a Comment