Sunday, October 28, 2012

រៀល


បុស្បូវ


ផ្ទាំងថ្មតូចធំ រាត់រាយជិតជុំ ជំរំព្រឹក្សា
គង្គាត្រជាក់ ហូរធ្លាក់ទឹកថ្លា គយគន់ទស្សនា
ចិន្ដាប្រពៃ។

ទឹកជ្រោះបុស្បូវ ហូរធ្លាក់ដោយផ្លូវ ត្រជាក់ពេកក្រៃ
ដុងដែនគីរី ជាប់ព្រំដែនថៃ បានឃើញមួយថ្ងៃ
ស្រមៃមួយឆ្នាំ។

គង្គាថ្លាឈ្វេង នាំគ្នាងូតលេង គេងបណ្ដែតត្រាំ
អាហារចំណី មានឆីប្រចាំ រៀងរាល់ខែឆ្នាំ
ប្រចាំរដូវ។

ភ្នំជាប់ជួនគ្នា ភ្នំព្រះវិហារ តាថាវបុស្បូវ
តាសឹមភ្នំទ្យព្យ ជាប់ហែរដងផ្លូវ វាលឥន្ទ្រីយ៍ត្រូវ

នៅក្នុងដីខ្មែរ។

Saturday, October 27, 2012

អនុស្សាពីក្មេង


កាលបងនាំស្រីជិះក្របីទៅ
ដើរកាត់ទឹកជ្រៅរដូវវស្សា
ឆ្នាំប៉ែតសិបបីក្នុងវ័យកុមារ
ចុងខែកក្កដាសាលាវ៉ាកង។

ម្អមដុះពេញស្រែបង្ហែរៀងគ្នា
ពិដោរគន្ធាជាប់នាសាផង
មិត្តភក្តិក្មេងៗរត់លេងត្រសង
ចំអន់នួនល្អងនិងបងរាល់ថ្ងៃ។

ច្រើនឆ្នាំកន្លងរូបបងបែកឆ្ងាយ
នៅនឹកនៅស្ដាយមិនអស់អាល័យ
ថ្វីបើឃ្លាតពិតចិត្តគិតស្រមៃ

ចំពោះស្រីថ្លៃគ្មានថ្ងៃបំភ្លេច។

Friday, October 26, 2012

ឫស្សី


ឫស្សីឪដាំតាមរបង
ច្រើនឆ្នាំកន្លងលូតលាស់ធំ
ច្រូងច្រាងខ្ពស់ទាបរីកបែកគុម្ព
ស្អេកស្កះជិតជុំគេហដ្ឋាន។

ឫស្សីជួយបាំងទប់ទល់ខ្យល់
បន្ថយកង្វល់ទាំងប៉ុន្មាន
វេលាខ្យល់ខ្លាំងបក់រុញច្រាន
គឺបានឫស្សីរាំងរក្សា។

ឫស្សីដើមចាស់កាប់មកច្នៃ
ប្រើប្រាស់រាល់ថ្ងៃតាមត្រូវការ
ជីវភាពជនបទស្រែចំការ
នៃជនខេមរាទាំងប្រុសស្រី។

ឫស្សីទំពាំងដុះចេញមក
កាច់យកមកចិតស្លបង់ត្រី
ផ្សែផ្សំបន្សាបបន្លែខ្ចី
រសគ្មានទាស់អ្វីឆីគ្មានសល់។

ឫស្សីដាំឆ្ងាយភ្លឺស្រែផ្លូវ
និងដំណាំស្រូវឬផ្លូវថ្នល់
ឫសបន្លាវានាំកង្វល់

ឲ្យយើងខ្វាយខ្ចល់មុតរាល់ថ្ងៃ។

រសៀលទន់ទេរ


រសៀលទន់ទេរ គោឈ្មោលដោយមេ ពាសពេញផ្លូវថ្នល់
ក្មេងក្មាងឆ្លេឆ្លា ខ្លាចកើតរចល់ នាំគ្នាខ្វាយខ្វល់
ព្រោះគោពាក់គ្នា។

រសៀលទន់ទាប លលកនិងព្រាប ទុំដើមពុទ្រា
បូលថ្ងូរទ្រហឹង សម្លឹងរកគ្នា ប្រហែលពួកវា
មានរឿងខ្វល់ខ្វាយ។

រសៀលទន់សូរ្យ អ្នកជិះម៉ូតូ ជ្រុលចូលប្រឡាយ
ពេលដែលងើបឡើង តាំងស្រែកជេរម៉្រាយ ថាអ្នកណាកាយ
ប្រឡាយកាត់ថ្នល់។

រសៀលទោរទន់ មើលន៎!មេមាន់ មាយាកិច្ចកល
ព្រោះឃើញអាគក វាដើរមកដល់ កូនៗវាឆ្ងល់
ម៉ែ!ម៉េចកាច់រាង?។

រសៀលបាំងផ្លូវ ចាបចុះចឹកស្រូវ នៅស្រែចំហៀង
សត្វសារិកា បក្សាស្រែកច្រៀង ពិរោះសំនៀង

ជ្រៀងជ្រេររសៀល។

Wednesday, October 24, 2012

សត្វស្លាបស្រុកខ្ញុំ


កុកស,កុកសាប់,កុកក្រក,កុកគ្រោង
គ្រលេងគ្រលោង,លលក,ប្រវ៉ឹក
ចាបស្រុក,ចាបព្រៃ,ត្រសេក,ចចឹក
មៀម,ត្លុម,ករវិក,មាន់ទឹក,ទទា។

រន្ទេប,ទីទុយ,ព្រាប,ជ្រឹង,ប្រចៀវ
ត្រដេវវិច,ទៀវ,គ្រួច,ស្មោញជុំគ្នា
រនាល,ក្រសារ,ក្អែក,ទុង,ទោម,ទា
ខ្លែង,ត្មាតរេរាពីលើអាកាស។

Monday, October 22, 2012

វិលវល់


វីវក់វិលវល់កលវង្វេង
ងោកងងុយគេងលែងឮអ្វី
ស្រងេះស្រងោចហោចសេចក្ដី
លែងចង់ស្រដីស្តីវាចា។

ជ្រួលច្រាល់ច្របល់ខ្វល់ពេកពិត
មិនដឹងគំនិតគិតយ៉ាងណា
បទភ្លេងពិរោះអស់ខ្លឹមសារ
ហ៊ឹងក្នុងសោតាថាលែងឮ។

ដៃមុតកាំបិតឥតពើតផ្សា
ពុំដឹងកាយាថាចុកឈឺ
ទឹកកកត្រជាក់ហាក់លែងព្រឺ

នេះជាជំងឺឈឺយ៉ាប់ណាស់។

នាពេលសាយ័ណ្ហ


សាយ័ណ្ហទន់ទាបថ្ងៃរៀបលិច
ចែងចាំងរំលេចមេឃប្រឿងៗ
ពពកលាយពណ៌ដ៏រុងរឿង
ក្រហមមាសលឿងល្អឆ្អិនឆ្អៅ។

ពេលបាននែបនិត្យចិត្តធូរស្បើយ
អារម្មណ៍ល្ហែល្ហើយអស់ហ្មងសៅ
នឹកឃើញគ្រានោះស្រស់ឆោមឆ្លៅ
អង្គុយលើស្មៅកើយភ្លៅបង។

រៀបរាប់រ៉ាយរ៉ាប់ស័ព្ទស្នេហា
ផ្អែមល្ហែមវាចាណានួនល្អង
រមូររមូលផ្តួលផ្តោះផ្តង
ឆ្លៀតឆ្លាស់ឆ្លើយឆ្លងពាក្យបងអូន។

រហូតយប់យន់ទន់ត្រជាក់
សន្សើមផ្ដើមធ្លាក់រាត្រីសូន្យ
ចន្រ្ទមូលក្រឡង់ដូចភក្រ្តអូន
តារារាប់ផ្លូនចេញរស្មី។

Saturday, October 20, 2012

ព្រះភក្រ្តប៉ប្រិម...


ព្រះភក្រ្តប៉ប្រិមញញឹមស្រស់
ញញឹមស្ម័គ្រអស់ពីសេចក្ដី
ទៅជនរួមជាតិទាំងប្រុសស្រី
រាជការមន្ត្រីរាស្ត្រគ្រប់ស្រុក។

ព្រះភក្រ្តប៉ប្រិមញញឹមស្រស់
ញញឹមដោយស្មោះប្រទានសុខ
កូនចៅចៅទួតបានស្រណុក
ជួបតែក្ដីសុខគ្រប់វេលា។

ព្រះភក្រ្តប៉ប្រិមញញឹមស្រស់
ញញឹមល្អអស់គ្រប់អង្គា
គ្មានក្សត្រប្រទេសណានានា
ស្មើក្រុងកម្ពុជាយើងនេះឡើយ។

ព្រះភក្រ្តប៉ប្រិមញញឹមលា
កូនចៅគ្រប់គ្នាពេលនេះហើយ
យាងទៅរហូតព្រះអង្គអ្ហើយ

គ្មានថ្ងៃណាឡើយយាងត្រឡប់។

Thursday, October 18, 2012

ជាងដប់ឆ្នាំមុន


រឭកគ្រាមុនកាលជាងដប់ឆ្នាំ
ខ្ញុំនៅចងចាំគ្មានភ្លេចបន្តិច
នៅក្នុងឱកាសព្រះសវនកិច្ច
ទ្រង់បង្គាប់ស្រេចឲ្យទូលបង្គំ។

នាំរាស្ត្រក្រីក្រមួយក្រុមចូលគាល់
ឱកាសបានផ្ទាល់រាជវាំងឧត្ដម
ព្រះភក្រ្តាទ្រង់ទតមើលមកចំ
ព្រឱស្ឋសែនសមញញឹមស្មោះស្ម័គ្រ។

អង្គសម្ដេចយាយអង្គសម្តេចតា
ព្រះរាជឱង្ការដោយក្តីថ្នមថ្នាក់
នាំកូនចៅដើរមើលរាជដំណាក់
បន្ទូលលើកដាក់ដំណើរដើមផង។

ពីនេះពីនោះក្នុងភាពសាមញ្ញ
ព្រះទ័យស្រលាញ់ពេញចិត្តកន្លង
ដល់ជនរួមជាតិទីជិតឆ្ងាយផង

បានជួបផ្ទាល់ម្តងសែនរំភើបក្រៃ។

ព្រះមឈូសមាស


អង្គសម្ដេចតា


Tuesday, October 16, 2012

ព្រះករុណា


សម្ដេចម៉ែម្ចាស់


ទូលព្រះបង្គំ លើកហត្ថឡើងផ្គុំ កម្បង់អញ្ជលី
ឧទ្ទិសបួងសួង ផ្សាយសព្វទិសទី ទុកជាសញ្ញី
ថ្វាយព្រះបរមសព។

សម្ដេចម៉ែម្ចាស់ ព្រួយព្រះទ័យណាស់ ស្រពោនពុំស្ងប់
គ្រប់ពេលធ្លាប់តែ ដង្ហែរត្រឡប់ បម្រើគ្រប់សព្វ
សម្ដេចបិតា។

កូនចៅគ្រប់គ្នា សូមក្រាបវន្ទា រំលែកសោកា
ពីហ្លួងម្ចាស់ម៉ែ បានសាយទុក្ខា សូមព្រះកាយា

សុខភាពមាំមួន។

Friday, October 12, 2012

នឹក


នឹកភូមិកំណើតនឹកស្រុកនឹកស្រែ
នឹកពុកនឹកម៉ែយាយតាមីងមា
នឹកបងនឹកប្អូននឹកញាតិគ្រប់គ្នា
នឹកសេះនឹកលានឹកគោក្របី។

នឹកវត្តសាលានឹកសន្ទូងស្រូវ
នឹកភ្លឺស្រែផ្លូវនឹកក្តាមខ្យងត្រី
នឹកអូរត្រពាំងនឹកគុម្ពឫស្សី
នឹកសព្វអ្វីៗកាលវ័យកុមារ។

នឹកពេលភ្ជុំបិណ្ឌនឹកឥតស្រាកស្រាន្ត
នឹកលោកពីរប្រាណខានជួបភក្ត្រា
នឹកព្រោះនៅឆ្ងាយមាតាបិតា

នឹកឃើញកាលណាឱរាអួលអាក់។

ស្អែកបានជួបមុខ


Monday, October 8, 2012

នភាប្រាសាទ


គយគន់ប្រាសាទស្អាងស្អាតអស្ចារ្យ
លើខ្នងបព្វតាសីមាដីឧត្ដរ
ចម្លាក់ថ្មដារចនាបវរ
កណ្ដាលលំហរព្ធដ៏វេហា។

ទេសចរស្រីប្រុសចម្រុះជាតិសាសន៍
រីករាយខ្លាំងណាស់ព្រោះបានទស្សនា
សំណង់វិចិត្រប្រណីតស្ថាបនា
ដោយផ្ទាល់ហត្ថាដូនតាយើងសាង។

ស្ថាបត្យកម្មរយឆ្នាំជន្មា
តាំងពីយូរយារព្រះវិហារប្រាង្គ
សិលាចារិកបញ្ជាក់តឹកតាង
ខ្មែរអ្នកកសាងមិនអាងបំភ្លៃ។

ទេសភាពត្រកាលកណ្ដាលខ្នងតួ
សំយ៉ាកធ្លាក់ពួរដោយវល្លិ៍ឈើព្រៃ
តុបតែងលម្អនានភាល័យ
សម្លេងសត្វរៃអស់ក្តីនឿយណាយ។

សម្លឹងពីលើចុងឈើឡឹមៗ
រីកស្រស់ប៉ប្រិមញញឹមស្រស់ស្រាយ
ស្វាគមន៍ជូនពរទេសចរទាំងឡាយ
ឲ្យសុខសប្បាយឥតខ្វល់ខ្វាយអ្វី។

នាពយតាឌីជាទីសក្ការៈ
បន់ស្រន់ស្មោះស្ម័គ្រសូមសុខសួស្ដី
គ្រប់អ្នកដំណើរឡើងចុះប្រុសស្រី
សូមមានសិរីជោគជ័យដ៏រាប។

Friday, October 5, 2012

ស្នេហ៍វ័យចំណាស់!


ផ្ទុយ


ស្រីផ្ទុយនឹងប្រុស ត្រូវផ្ទុយនឹងខុស សផ្ទុយនឹងខ្មៅ
ឆ្ងាយផ្ទុយនឹងជិត ក្នុងផ្ទុយនឹងក្រៅ ឆ្អិនផ្ទុយនឹងឆៅ
ខ្លៅផ្ទុយនឹងប្រាជ្ញ។

យប់ផ្ទុយនឹងថ្ងៃ ជើងផ្ទុយនឹងដៃ ស្លូតផ្ទុយនឹងកាច
ឡើងផ្ទុយនឹងចុះ ហ៊ានផ្ទុយនឹងខ្លាច ធំផ្ទុយតូចតាច
រស់ផ្ទុយនឹងស្លាប់។

ដើមផ្ទុយនឹងចុង ស្រែផ្ទុយនឹងក្រុង យូរផ្ទុយនិងឆាប់
សើចផ្ទុយនិងយំ រាវផ្ទុយនិងខាប់ ល្ហើយផ្ទុយស្អុះស្អាប់
ជាប់ផ្ទុយនឹងធ្លាក់។

សុខផ្ទុយនឹងទុក្ខ ក្រោយផ្ទុយនឹងមុខ ក្តៅផ្ទុយត្រជាក់
បងផ្ទុយនិងប្អូន លក់ផ្ទុយនឹងភ្ញាក់ ជ្រៅផ្ទុយនិងរាក់
មេឃផ្ទុយនឹងដី។

បើកផ្ទុយនឹងបិទ ឃ្លាតផ្ទុយនឹងស្និទ្ធ វែងផ្ទុយនឹងខ្លី
ធ្ងន់ផ្ទុយនឹងស្រាល ចាស់ផ្ទុយនឹងថ្មី សងផ្ទុយនឹងខ្ចី
ថ្លៃផ្ទុយនឹងថោក។

ប្រែប្រួលអស់


គោជិះម៉ូតូរេវិលវល់
មនុស្សអូសនង្គ័លភ្ជួររាស់ស្រែ
ក្របីដេរប៉ាក់យកប្រាក់ខែ
ឯឆ្មារនិងឆ្កែរត់តាក់ស៊ី។

ជ្រូកបើកហាងបាយលក់ម្ហូបគ្រប់
មានស៊ូគីស៊ប់និងឆាមី
ស្វាលោតម៉ុងសាយលេងប៉ាហ៊ី
សេះអង្គុយស៊ីនំភីហ្សា។

ទាលេងហ្វេសប៊ុកមុខទូរទស្សន៍
មាន់ទៅចុះឈ្មោះសុំរៀបការ
កង្កែបគីង្គក់ហាត់កីឡា
រួចណាត់សង្សារទៅផឹកស៊ី។

ហ៊ីងនាំគ្នាច្រៀងបៀរហ្គាដែន
បង្គួយនិងថ្លែនពែនលែបៀរ
កណ្ដុរប្រាំមួយរត់រេរា

នៅក្បែរមាត់ទ្វារទារលុយតុង។

អូនភ្លេចអស់ហើយ


សាយ័ណ្ហទន់ទេរជ្រេរព្រះទិនករ
ស្បៃពពកសប្រែពណ៌ជាខ្មៅ
វាយោបក់ផាត់រសាត់លឿនស្លៅ
យាត្រាសំដៅលំនៅមេឃា។

បីដូចជាក្បូនច្រានរូបអូនទៅ
ឲ្យបងនិងពៅត្រូវព្រាត់ប្រាស់គ្នា
ភពស្នេហ៍លិចលង់ក្នុងព្យុះសង្ឃរា
នេះជាកម្មពៀរវេរាអតីត។

សេចក្ដីស្នេហាថ្លៃថ្លាកន្លង
ស្នេហ៍អូននិងបងប៉ងស្ម័គ្រជួបជិត
ជាគូវាសនាកាយារួមរិត
រួមរស់នែបនិត្យឥតមានបែកបែរ។

នឹកស្មានមិនត្រូវជម្រៅចិត្តស្រី
ផ្លាស់ប្ដូរយកថ្មីភក្ដីប្រួលប្រែ
បែកចិត្តពីបងនួនល្អងផ្លាស់ស្នេហ៍
ក្រឡាស់គេចកែប្រែប្រៃល្វីងសាប។

អូនភ្លេចស្មាស្ដាំចំណាំធ្លាប់កើយ
ភ្លេចស្មៅកន្រ្តើយភ្លឺថ្នាលសំណាប
ភ្លេចដើមស្រូវទុំទោរទន់ដួលដាប
ភ្លេចបទកំណាព្យកាព្យបងជូនស្រី។

ភ្លេចពាក្យឆ្លើយឆ្លងសាសងវាចា
ភ្លេចពាក្យស្នេហារៀងរាល់រាត្រី
ភ្លេចអស់សម្បថស្បថស្បែសម្ដី

ភ្លេចអស់ហើយអ្វីដែលស្រីធ្លាប់ធ្វើ។