Thursday, September 20, 2012

បក្សា


កុកក្រសារក្រៀល ហើរលើទីវាល ទៅកើតទៅលិច
កុកក្រកកុកគ្រោង​ ក្រួចត្រដេវវិច សំកាំងហើរហិច
ចុះចឹកចំណី។

រលកទ្រាំងបូល ស្ទាំងស្ទុះហក់ចូល ចាប់មាន់នៅដី
ប្រវឹកមាន់ទឹក ហែលវឹកចាប់ត្រី ក្បែរគុម្ពឫស្សី
មាន់ព្រៃទទា។

ស្មោញទុំលើស្មោង ប្រយិតប្រតោង សម្លឹងគង្គា
ត្លុមបើកភ្នែកត្លែ ក្រាបក្បែរគល់ធ្មា វិធីពួកវា
រកអាហារឆី។

ចាបពូកចាបតេត សំកុកសង្កេត ចាបស្រុកបក្សី
ពេលឃើញដង្កូវ គ្រាប់ស្រូវលើដី ស្ទុះចូលរញ៉ី
ប្រញ៉ាយដណ្ដើម។

គ្រលេងគ្រលោង ទុំឈរព្រាតព្រោង ខ្នងក្របីផើម
សារិកាកែវវង សម្រួលដង្ហើម រួចហើយចាប់ផ្ដើម

ច្រៀងយ៉ាងគ្រលួច។

No comments:

Post a Comment