Friday, September 21, 2012

នាឡិកា


ទ្រនិចគិត«ម៉ោង»មោទនភាព
និយាយរាប់រៀបប្រាប់គេឯង
ថាយើងជាអ្នកបញ្ជាក់ថ្លែង
ចង្អុលជាក់ស្តែងរៀងរាល់ថ្ងៃ។

មនុស្សម្នាទាំងអស់លើពសុធា
ដឹងពេលវេលាកុំសង្ស័យ
មិនមែនប៉ាន់ស្មានតាមស្រមៃ
វាជាស្នាដៃយើងអ្នកប្រាប់។

ទ្រនិច«នាទី»តបវិញថា
គឺយើងនេះណាដែលហៅយ៉ាប់
ដើរពេញមួយជុំយ៉ាងប្រញ៉ាប់
ចំណាប់ឯងដើរត្រឹមមួយកាំ។

ដំណើរយឺតៗបែបទំនេរ
ខ្ញុំឯណេះទេដែលសស្រាំ
គ្រប់ពេលវេលាត្រូវរងកម្ម
រាប់ថ្ងៃខែឆ្នាំគ្មានបញ្ចប់។

ឯ«វិនាទី»ពេលស្តាប់ឮ
ឱរ៉ាចុកឈឺស្ទើរសន្លប់
ត្រឹមតែប៉ុណ្ណឹងឯងធុញថប់
ពិតជាឆ្កួតឡប់មិនដឹងអី។

រូបយើងប្រើល្បឿនលឿនគ្មានស្បើយ
អត់ហ៊ានឈប់ឡើយខ្លាចគេស្តី
ថាខ្ជិលខ្លាំងណាស់ដើរខ្លីៗ
គេបោះទៅដីរបងក្រៅ។

ពួកឯងទាំងពីរដើរធម្មតា
កុំស្រែកឡូឡានាំឲ្យក្តៅ
បើសិនជាធ្វើឲ្យមួរម៉ៅ

យើងក្ដៅឈប់ដើរវីវរធំ។

Thursday, September 20, 2012

បក្សា


កុកក្រសារក្រៀល ហើរលើទីវាល ទៅកើតទៅលិច
កុកក្រកកុកគ្រោង​ ក្រួចត្រដេវវិច សំកាំងហើរហិច
ចុះចឹកចំណី។

រលកទ្រាំងបូល ស្ទាំងស្ទុះហក់ចូល ចាប់មាន់នៅដី
ប្រវឹកមាន់ទឹក ហែលវឹកចាប់ត្រី ក្បែរគុម្ពឫស្សី
មាន់ព្រៃទទា។

ស្មោញទុំលើស្មោង ប្រយិតប្រតោង សម្លឹងគង្គា
ត្លុមបើកភ្នែកត្លែ ក្រាបក្បែរគល់ធ្មា វិធីពួកវា
រកអាហារឆី។

ចាបពូកចាបតេត សំកុកសង្កេត ចាបស្រុកបក្សី
ពេលឃើញដង្កូវ គ្រាប់ស្រូវលើដី ស្ទុះចូលរញ៉ី
ប្រញ៉ាយដណ្ដើម។

គ្រលេងគ្រលោង ទុំឈរព្រាតព្រោង ខ្នងក្របីផើម
សារិកាកែវវង សម្រួលដង្ហើម រួចហើយចាប់ផ្ដើម

ច្រៀងយ៉ាងគ្រលួច។

Thursday, September 13, 2012

ភ្នំពេញ ស្វាយរៀង


ទៅលេងស្វាយរៀងឆៀងចូលក្រុងកែប
ជិះកាត់ស្រុកឆែបអែបព្រះវិហារ
ឈប់ទិញត្រីងៀតឆ្លៀតខ្ចប់ពងទា
នៅរលៀប្អៀរនាស្អាងកោះធំ។

ហួសកូបនិម្មិតជិតស្ពានព្រែកហូរ
ចុះងូតទឹកអូរជោរជន់លើភ្នំ
ចេញពីកោះត្រល់ដល់ស្រុកស្វាយជ្រុំ
ស្រុកសូត្រនិគមនៅពុំឆ្ងាយសោះ។

ប្រហែលមួយម៉ោងដល់មោងឫស្សី
រំលងភូមិបីដល់ដីព្រៃប្រស់
ទៅមុខបន្តិចគឺពេជ្រនិលស្មោះ
ហើយជាប់ស្អាងកៅនោះភ្នំកង្រី។

ឈប់ទិញទឹកផឹកភ្នំព្រឹក្សកៀនស្វាយ
ថ្ងៃត្រង់ញ៉ាំបាយបារាយណ៍ស្ទូចត្រី
វាលរេញព្រៃនប់ឈប់ជក់បារី

រសៀលម៉ោងបីដល់ដីស្វាយរៀង។

Tuesday, September 11, 2012

នារីអ៊ុតកាត


ភ្លៀង.....


ភ្លៀង ពេលរសៀលវាលល្ហល្ហាច                      
ភ្លៀង ដូចបាចសាចប្រោះព្រំលោក
ភ្លៀង ស្រោចដំណាំឲ្យជាំជោក            
ភ្លៀង លិចដីគោកដែលហួតហែង។

ភ្លៀង ទឹកដាក់ស្រែម៉ែពុកអរ                
ភ្លៀង ធ្លាក់បន្តគ្រប់កន្លែង
ភ្លៀង ឲ្យសន្ទូងគុម្ពបែកបែង                            
ភ្លៀង ដូចសម្ដែងនាគរាជឫទ្ធិ។

ភ្លៀង អើយប្រមើលមើលឲ្យច្បាស់                   
ភ្លៀង កុំផ្ដេសផ្តាស់កើតភ័យភិត
ភ្លៀង តំបន់ណាដែលរាំងពិត               
ភ្លៀង គួរតែគិតចិត្តអ្នកស្រុក។

ភ្លៀង ធ្លាក់ឲ្យល្មមសមគ្រប់គ្រាន់                      
ភ្លៀង កុំបន្ទាន់ជន់សម្រុក
ភ្លៀង អើយត្រូវទៀងអ្នកស្រែសុខ
ភ្លៀង កាចអ្នកស្រុកទុក្ខរាល់ឆ្នាំ។

ភ្លៀង ថ្ងៃរៀបលិចធ្មេចភ្នែកនឹក            
ភ្លៀង ធ្លាក់គគ្រឹកនឹកបណ្តាំ
ភ្លៀង លាន់ឮសូរដូចពុកផ្តាំ                              

ភ្លៀង លិចដំណាំកូនអើយប្រឹង។