Friday, August 3, 2012

នាពេលសាយ័ណ្ហ


សាយ័ណ្ហសម័យថ្ងៃបាំងពពក
មច្ឆាហែលជ្រកក្រោមកំប្លោកផ្កា
ត្រីក្រាញ់ត្រីក្រុសកញ្ចុះត្រៀបត្រា
កំភ្លាញច្រវាច្រើនម៉ាកំភ្លូស។

សាយ័ណ្ហសម័យថ្ងៃក្តៅឧណ្ហៗ
ពស់ដេញចឹកមាន់ផ្អើលលាន់ដូចព្យុះ
ផ្អើលគោឆ្កែឆ្មាឆ្លេឆ្លារត់ស្ទុះ
សូម្បីតែមូសធ្លាក់ជ្រុះមកដី។

សាយ័ណ្ហសម័យម៉ោងបីរសៀល
ជ្រូកដេកននៀលជំទាលរកឆី
ទាកាបកិកកាកឥតស្រាកចំណី
ក្បែរគុម្ពឫស្សីក្របីស៊ីស្មៅ។

សាយ័ណ្ហសម័យថ្ងៃយាយលក់ត្រប៉ែ
ពាយនាយហូរហែរក្បែរៗដងផ្លូវ
ត្រប៉ែអើយត្រប៉ែ!ត្រប៉ែសខ្មៅ
អានាងសាកទៅផ្អែមឆ្ងាញ់ណាស់វ៉ី!។

សាយ័ណ្ហសម័យប្តីចេញទៅបាត់
ប្រពន្ធតាំងណាត់គូកនពីរបី
លេងទឹកក្រហមឬស៊ីគូថៃ
ចាញ់អស់បច្ច័យប្តីជេរហុយជុក៕

រ័ត្នន៍ សេនា, ៣ សីហា ២០១២





No comments:

Post a Comment