Wednesday, August 22, 2012

សាមគ្គី!


ក កាច់ចង្កឹះឈើមួយបាច់                
ខ ខំប្រឹងកាច់មួយអាត្មា
គ គឺមិនបាក់តាមប្រាថ្នា                   
ឃ ឃើញច្បាស់ថាមិនសម្រេច។

ង ងាករកមើលអស់ផងគ្នា               
ច ចែកញែកវាចេញពីបាច់
ឆ ឆាប់រហ័សនិងស្រួលកាច់              
ជ ជាក់ជាស្រេចកាច់បំបាក់

ឈ ឈាមជ័រជាតិញាតិសណ្តាន        
ញ ញឹមរាប់អានដោយភាតរៈ
ដ ដោយសុទ្ធចិត្តពិតស្មោះស្ម័គ្រ        
ឋ ឋានៈស័ក្តិមន្រ្តីរាស្រ្ត។

ឌ ឌមជន(១)និងម្ចាស់ទាំងពីរ          
ឍ ធម៌សាមគ្គីមិនត្រូវជៀស
ណ ណាយ,គំនុំនាំវិនាស                 
ត តែងនិរាសមិត្តភាពផង។
ថ​ ថាបើយើងរួមសាមគ្គា                 
ទ ទាំងអស់គ្នារិតចំណង
ធ ធានាបានតាមបំណង                  
អ្នកណាប៉ងក៏មិនបាន។

បើបែកបាក់គ្មានខន្តី                    
ផ ផងប្រុសស្រីញាតិសណ្តាន
ព ពិតជាគ្មានភាពសុខសាន្ត             
ភ ភ័ព្វថ្កើងថ្កានបង់អាសា។

ម មិនមើលងាយរើសអើងពើង          
យ យល់ថាយើងជាតិខេមរា
រ រាប់អានគ្នាដោយថ្លៃថ្លា                  
ល លុះមរណាមិនបែកបែរ។

វ វង្សត្រកូលខ្មែរមូលគ្នា                            
ស សត្រូវវាមិនហ៊ានក្បែរ
ហ ហើយបានសុខឥតប្រួលប្រែ                   
ឡ ឡើងថ្កើងហែរខ្មែរស្រែក្រុង។

អ​ អស់ប៉ុណ្ណោះស្លេះបញ្ចប់កប់សិនមិនបរិយាយកាយលាក់មុខទុកពេលក្រោយ..៕

ឌមជន ឌៈ មៈ ជន់   សំ.  ( ន. )  (ឌម + ជន) ជន​អ្នក​ធ្វើ​ការ​ឈ្នួល​យ៉ាង​ទាប មាន​ចាក់​សំរាម,

ដង​ទឹក​សម្អុយ​ចោល ជាដើម : ពួក​ឌមជន ។ 

ផឹកឈ្លោះ!!!

រសៀលជ្រៀងជ្រេទេរទន់ទាប
លលកនិងព្រាបរៀបចំប្រាណ
ទៅទិញសាច់ក្លែមថែមពីរចាន
ស្រាសមួយកានបានគ្រប់គ្រាន់។

ទាកាបស្រែកកាកផ្អាកការងារ
ប្រកូកហៅគ្នាទាំងទាមាន់
ប្រញ៉េបប្រញ៉ាប់ឆាប់រួសរាន់
រហន់ឲ្យទាន់គេផឹកស៊ី។

ឆ្មារឈ្មោលស្រែកម៉ែវស្លេវលឿនស្លៅ
មកវើយ!សំដៅទៅពិធី
មីញីស្រីស្នេហ៍ឆ្កែអាគី
នាំកូនទាំងពីរស៊ីចាក់ច្រាស់។

អាជ្រូកកន្ធាត់មាត់កំប៉ោង
ប្រយិតប្រតោងលោងតេះតះ
ស្រែកបន្ទរហៅឮខ្លាំងណាស់
ឲ្យមេគោចាស់ប្រះទៅដែរ។

ដល់ពេលស្រវ៉ឹងដឹងយ៉ាងណា
អាខ្លះឡូឡាស្រែកឡែៗ
អាឈ្មោលដៀមដាមឌឺដងញ៉ែ

ឪអើយអើយម៉ែមានរឿងហើយ។

Friday, August 3, 2012

នាពេលសាយ័ណ្ហ


សាយ័ណ្ហសម័យថ្ងៃបាំងពពក
មច្ឆាហែលជ្រកក្រោមកំប្លោកផ្កា
ត្រីក្រាញ់ត្រីក្រុសកញ្ចុះត្រៀបត្រា
កំភ្លាញច្រវាច្រើនម៉ាកំភ្លូស។

សាយ័ណ្ហសម័យថ្ងៃក្តៅឧណ្ហៗ
ពស់ដេញចឹកមាន់ផ្អើលលាន់ដូចព្យុះ
ផ្អើលគោឆ្កែឆ្មាឆ្លេឆ្លារត់ស្ទុះ
សូម្បីតែមូសធ្លាក់ជ្រុះមកដី។

សាយ័ណ្ហសម័យម៉ោងបីរសៀល
ជ្រូកដេកននៀលជំទាលរកឆី
ទាកាបកិកកាកឥតស្រាកចំណី
ក្បែរគុម្ពឫស្សីក្របីស៊ីស្មៅ។

សាយ័ណ្ហសម័យថ្ងៃយាយលក់ត្រប៉ែ
ពាយនាយហូរហែរក្បែរៗដងផ្លូវ
ត្រប៉ែអើយត្រប៉ែ!ត្រប៉ែសខ្មៅ
អានាងសាកទៅផ្អែមឆ្ងាញ់ណាស់វ៉ី!។

សាយ័ណ្ហសម័យប្តីចេញទៅបាត់
ប្រពន្ធតាំងណាត់គូកនពីរបី
លេងទឹកក្រហមឬស៊ីគូថៃ
ចាញ់អស់បច្ច័យប្តីជេរហុយជុក៕

រ័ត្នន៍ សេនា, ៣ សីហា ២០១២





Thursday, August 2, 2012

នាងលក់ចេកចៀន


រលឹមមួយប្រាវសើមខោអាវអស់
ចូលគ្រប់កន្លោះកន្លុកកន្លៀត
រមាស់ឆៀបៗកន្លែងចង្អៀត
ដល់ផ្ទះនឹងឆ្លៀតពិនិត្យមើលសិន។

ឈប់ជ្រកនៅរោងដំឡូងចៀកចេន
ស្រក់ទឹកមាត់ឃ្លានម្សមអាំងទើបឆ្អិន
អ្នកលក់សាច់សទំនងកាត់ចិន
ស្រីប្រសព្វប៉ិនរួសរាយរាក់ទាក់។

ខ្ញុំហៅឲ្យនាងខ្ចប់ចំណីនំ
ពេញមួយថង់ធំដើម្បីទំនាក់
ទំនងស្គាល់គ្នាឲ្យបានជាក់រាក់
មិនមែនចង់ទាក់ទាញអូសក្រឡា។

ពេលទទួលលុយទឹកមុខញញឹម
ភ្នែកបើកពព្រឹមពោលតបស្ដីថា
«អរគុណ»លោកពូយ៉ាងស្រាលវាចា
ពូកុំភ្លេចណាថ្ងៃក្រោយជយយទិញ។

យូរក្រែលដែររាងសើ្បយគ្រាប់ភ្លៀង
ខ្ញុំក៏លានាងទាំងចិត្តទន្ទេញ
ដំណើរត្រឡប់មកតាខ្មៅវិញ

ចិន្ដាពោរពេញដោយក្ដីសោមនស្ស។

សព្វសិទ្ធ


ភាសិតខ្លះៗ