Thursday, July 12, 2012

រាំងហើយ!


ភ្លៀងមួយមេធំពុំទាន់រាំងដាច់
ប៉ប៉ិចប៉ប៉ាច់ជាន់ផ្លាច់ផ្លាតជើង
ដើរមិនប្រយ័ត្នរអិលពើតពើង
ព្រោះផ្លូវភូមិយើងទើបនឹងលើកថ្មី។

គោស៊ីចំបើងកាងឆ្អឹងជំនី
ក្របីបួងស៊ីស្មៅលាស់ខ្ចីៗ
ពពែប្រតោងឈោងស្លឹកឫស្សី
ជ្រូកប្រឹងឈ្មុសដីខ្មីរកអាហារ។

ឆ្មាចាប់បានត្រីវារឡើងពីថ្លុក
ឆ្កែរត់តត្រុកតាមវាយប្រហារ
កង្កែបផ្លោតៗពួនក្រោមដើមផ្កា
ពស់ខាំមរណាមិនអាចរដោះ។

កង្កែងអាចម៍គោលោតលេងប្លូកៗ
មេមាន់ចឹកប៉ូកគួរឲ្យស្រណោះ
គីង្គក់វាក្រតឈរពាក់អាវក្រោះ
ឮឆ្កែព្រុសកោះភ័យលោះព្រលឹង។

អាសុខអាសៅអាម៉ៅអាម៉ន
បបួលគូកនដើរចាប់សត្វជ្រឹង
ក្បែរថ្លុកដើមព្រីងហ៊ីងស្រែកទ្រហ៊ឹង
យប់នេះរំពឹងដឹងបានក្លែម។

No comments:

Post a Comment