Monday, July 30, 2012

ចាំសុំសំបក



បើសិនតាមទាន់ អាចោរលួចមាន់ នៅខ្ទមអ្នកតា
ច្បាស់ជាដឹងដៃ ហើយណាអាវ៉ា ចិត្តធំម្លេះណា
លួចមាន់ស្ងោរទៅ។

អ្នកស្រុកគេសែន ទុកជាសំណែន ខ្ទមក្បែរលំនៅ
ធូបទៀននៅឆេះ ភ្លើងក្រហមងៅ អាចោរលួចទៅ
នៅសល់តែថាស។

ឯងមិនដឹងថា គឺយើងនេះណា ចាត់ទុកជាម្ចាស់
សំកុកក្រោយខ្ទម រុយរោមខ្លាំងណាស់ ងុយពេកក៏ប្រះ
ដេកទាល់តែខក។

ចាំធូបរលត់ គោរពគត់មត់ លុតសុំសំបក
ស្រាសផ្លែឈើ រើដាក់កន្ត្រក ដឹងអីចោរច្រក
ស៊ីដាច់មុនអស់៕

មូសខាំចាំស្នេហ៍


ព្រលប់ងងិតខិតមកដល់
សសៀរអែបថ្នល់ដល់ផ្ទះស្រី
អង្គុយសម្ងំគុម្ពឫស្សី
យប់ម៉ោងប្រាំបីចាំស្រីចុះ។

ធុញថប់ក្នុងចិត្តត្បិតយប់ជ្រៅ
ដំឡូងអំពៅនៅក្បែរនោះ
សុចខ្មុលចង្រិតសត្វក្អាតមូស
នាំគ្នាហើរស្ទុះមកខាំខ្ញុំ។

ស្នូរទ្វារបើកក្រាកស្រាកគំនិត
ស្រមោលមកជិតពិតជាមុំ
ចូលមកនួនល្អងឲ្យបងសុំ
ចាប់កាន់ដៃមុំពេលរាត្រី។

ស្រាប់តែឮសូរមាត់ម្ដាយអូន
ដង្ហោយរកកូនចុះមកដី
ឆាប់ឡើងមកលើមើល៍កូនស្រី
ចុះទៅធ្វើអីព្រៃក្រោយហ្នឹង។

ឮសម្លេងហៅពៅក៏លា
រួចហើយស្ទុះស្ទាចូលក្នុងវឹង
បងនៅម្នាក់ឯងសម្ងំឈឹង
ក្រែងលោព្រលឹងនឹងវិលវិញ។

យប់កាន់តែស្ងាត់បាត់នួនល្អង
ធ្វើឲ្យរូបបងហ្មងទោម្នេញ
មូសវាបឺតខាំជាំជុំវិញ

តែចិត្តទន្ទេញពេញសង្ឃឹម៕

ទំពាំងនិងឃ្លោក


ទំពាំងក្បែរឃ្លោក សម្បូរគគោក ដាក់លក់តាំងនៅ
អ្នកទិញហូរហែរ ទាំងមកទាំងទៅ ទំពាំងអត់ល្ពៅ
ផ្លូវជាតិលេខបួន។

ឃ្លោកដាក់ទំពាំង ដើម្បីរារាំង បិទបាំងបំពួន
កុំឲ្យដីហុយ រុយរោមជាប់ជួន រក្សាថែថួន
អនាម័យល្អ។

ទំពាំងក្នុងឃ្លោក មានទឹកមានគោក លាយអំបិលស្ករ
មើមខ្ទឹមគ្រឿងទេស រសជាតិបវរ ញ៉ាំជ្រក់ឬស្ល
ក៏មិនទាស់ខុស។

ទំពាំងឆ្ងាយឃ្លោក គេដាក់បំពោក ចងព្យួរដូច្នោះ
រៀបវាជាថ្នាក់ លំដាប់ឡើងចុះ ដំណើរស្រីប្រុស
មិនសូវខកខាន។

ទំពាំងគគោក បើមិនដាក់ឃ្លោក ច្រកកែវជ័របាន
គិតជាទម្ងន់ ថ្លឹងថ្លែងប៉ាន់ស្មាន ស្រួលអ្នកឈប់ឡាន

ទិញបានតាមចិត្ត។

Friday, July 27, 2012

ចូលចិត្តភូមិកាព្យ


ខ្ញុំបានបង្កើតភូមិឋានមួយ
ចូលដល់លែងព្រួយចិត្តល្ហើយល្ហែ
ភូមិថ្នាលព្រោះសាបកំណាព្យខ្មែរ
ពាក្យកាព្យហូរហែរអ្នកភូមិខ្ញុំ។

ចូលយប់ឬថ្ងៃសប្បាយចិត្ត
ភូមិរាប់អានស្និទ្ធមិត្តជិតជុំ
តែងកាព្យឆ្លើយឆ្លងគ្នារងំ
ចាស់ក្មេងតូចអំខ្ញុំត្រេកអរ។

ចូលដល់ថ្ងៃនេះចិត្តចងចាំ
អស់ជិតពីរឆ្នាំដែលបានក-
កើតជាភូមិកាព្យទេសភាពល្អ

អ្នកភូមិស្មោះសក៏រាក់ទាក់៕

Saturday, July 14, 2012

ពូយឺត មីងយារ


ស្រណោះផ្គរលាន់ល្ងាចថ្ងៃសៅរ៍
ពពកបាំងក្តៅពីមេឃា
ថ្លែងពីពូយឹតនិងមីងយារ
គាត់ប្រកែកគ្នារឿងស្លក្តាម។

ពូយឹតថាឯងមិនចេះស្ល
ស្លក្តាមស្រម៉វាស្រង៉ាម
បើសិនក្តាមថ្មមានខ្លាញ់ក្រាម
ស៊ីច្រើនរិតញ៉ាមម៉េចមិនស្ល។

មីងយារថាចឹងពូជគាត់ឯង
តែងអួតក្តែងៗរឿងសម្ល
ប៉ុន្មានលើកហើយឲ្យគាត់ស្ល
ក្តាមគ្រោងក្តាមថ្មស៊ីមិនបាន។

ពូយឹតថាអញមានតំណម
បើស្លបង់ម្អមធ្វើទុក្ខប្រាណ
ប្រាប់ហើយប្រាប់ទៀតស្តាប់មិនបាន
ចង់លើកឆ្នាំងចានជះចូលទឹក។

ប្រកែកចុះឡើងគ្មានអ្នកឃាត់
ស្រាប់តែឮមាត់សើចសន្ធឹក
យប់ឡើងដេកឱបគ្នាទើសព្រឹក

ស្អែកឡើងរឭកធ្វើធម្មតា។

Friday, July 13, 2012

១ ដល់ ១៦


ដើរចេញមួយភ្លែតជួបហេតុថ្មីៗ
ប្រពន្ធនិងប្តីពីរនាក់ទាស់គ្នា
និយាយសម្រួលមិនព្រមជានា
ម៉ោងបួនវេលាកាន់តែគ្រោះថ្នាក់

ប្តីថាទិញស្រាថ្នាំប្រាំលីត្រទៀត
ថែមទាំងត្រីងៀតប្រាំមួយពាន់ប្រាក់
ក្លើប្រាំបីនាក់ជាមិត្តរួមថ្នាក់
ផឹកស៊ីដកដាក់កុំបាច់សង្ស័យ។

អង្ករត្រូវទិញប្រាំបួនគីឡូ
ប្រពន្ធបាច់បូថាស៊ីដប់ថ្ងៃ
កូនដប់មួយនាក់រញ៉េរញ៉ៃ
រាប់ទាំងម្ដាយថ្លៃគឺដប់ពីរនាក់។

ថ្ងៃនេះបើគិតគឺថ្ងៃដប់បី
ដប់បួនស្អែកថ្មីដល់វេលាជាក់
ដប់ប្រាំម៉ឺនរៀលសងថ្លៃជំពាក់

ទឹកភ្លើងបញ្ជាក់ដប់ប្រាំមួយម៉ឺន។

Thursday, July 12, 2012

រាំងហើយ!


ភ្លៀងមួយមេធំពុំទាន់រាំងដាច់
ប៉ប៉ិចប៉ប៉ាច់ជាន់ផ្លាច់ផ្លាតជើង
ដើរមិនប្រយ័ត្នរអិលពើតពើង
ព្រោះផ្លូវភូមិយើងទើបនឹងលើកថ្មី។

គោស៊ីចំបើងកាងឆ្អឹងជំនី
ក្របីបួងស៊ីស្មៅលាស់ខ្ចីៗ
ពពែប្រតោងឈោងស្លឹកឫស្សី
ជ្រូកប្រឹងឈ្មុសដីខ្មីរកអាហារ។

ឆ្មាចាប់បានត្រីវារឡើងពីថ្លុក
ឆ្កែរត់តត្រុកតាមវាយប្រហារ
កង្កែបផ្លោតៗពួនក្រោមដើមផ្កា
ពស់ខាំមរណាមិនអាចរដោះ។

កង្កែងអាចម៍គោលោតលេងប្លូកៗ
មេមាន់ចឹកប៉ូកគួរឲ្យស្រណោះ
គីង្គក់វាក្រតឈរពាក់អាវក្រោះ
ឮឆ្កែព្រុសកោះភ័យលោះព្រលឹង។

អាសុខអាសៅអាម៉ៅអាម៉ន
បបួលគូកនដើរចាប់សត្វជ្រឹង
ក្បែរថ្លុកដើមព្រីងហ៊ីងស្រែកទ្រហ៊ឹង
យប់នេះរំពឹងដឹងបានក្លែម។

Wednesday, July 11, 2012

រលឹម

រលឹមសស្រិចមិនដាច់សូរ
រលឹមអត់ស្នូរផ្គររន្ទះ
រលឹមស្ងប់ស្ងាត់បាត់ផ្កាយរះ
រលឹមរលះជ្រះលម្អង។

រលឹមសស្រិចលិចដំបូល
រលឹមស្រក់ចូលដល់រនង
រលឹមទឹកទរហូរសើមខ្នង
រលឹមរូបបងប៉ងរឭក។

រលឹមគ្រាមួយភួយពីរនាក់
រលឹមត្រជាក់ស្ម័គ្រលុះព្រឹក
រលឹមកក់ក្តៅហៅរកនឹក
រលឹមរឭកនឹកគ្រាដើម។

រលឹមរំលេចស្រិចៗស្រក់
រលឹមតក់ៗហាក់ចាប់ផ្តើម
រលឹមរលុបស្អប់គ្រាដើម
រលឹមបន្សើមផ្តើមរឿងថ្មី។

Sunday, July 1, 2012

ស្រណោះកាលពីក្មេង



ស្រណោះក្តាមខ្យងបងនិងអូនដើររាវរក
នាំគ្នារើសមកដាក់កញ្ច្រែងយកឲ្យម៉ែ
ភ្លៀងធ្លាក់ដើមឆ្នាំមានមិនខ្វះតាមវាលស្រែ
កូនក្តាមស្រង៉ែក្តាមគ្រោងសេះក៏សម្បូរ។

ដៃអូនកាន់ឈ្នាងដើរជញ្ជត់កូនចង្វា
ហែលផ្កាប់ផ្ងារលោតប្រឡែងតាមទឹកហូរ
ស្រិចៗលិចស្មៅក្នុងប្រឡាយផ្លូវចង្អូរ
ដ៏ច្រើនសម្បូរឥតមានខ្វះពាសពេញស្រែ។

ទទឹកជោគអស់អូនរងារញ័រកាយា
ក្នុងខែវស្សាភ្លៀងបង្អុរធ្លាក់បង្ហែ
បងដឹកដៃអូនរត់ទៅជ្រកដើមសង្កែ

បាននែបនិត្យក្បែរកៀកកាយគ្នាទើបកក់ក្ដៅ។