Saturday, June 30, 2012

ថ្ងៃអាទិត្យ

ថ្ងៃអាទិត្យ ឥតបានគិត ចេញទៅណា
ថ្ងៃអាទិត្យ ចងអក្ខរា ជាកំណាព្យ
ថ្ងៃអាទិត្យ មានគំនិត ចង់ព្រោះសាប
ថ្ងៃអាទិត្យ ចែកចាយកាព្យ ដល់មិត្តញាតិ។

ថ្ងៃអាទិត្យ សូមអស់មិត្ត- ភក្តិទាំងឡាយ
ថ្ងៃអាទិត្យ ទៅជិតឆ្ងាយ ផ្លូវចង្អៀត
ថ្ងៃអាទិត្យ ប្រកាន់ខ្ជាប់ កុំបីឃ្លាត
ថ្ងៃអាទិត្យ ប្រុងថែមទៀត ពេលបើកបរ។

កុំប្រហែស បើសិនធ្វេស នាំទុក្ខា
កុំប្រហែស ដល់ទីណា ត្រូវបន្ត
កុំប្រហែស គោរពច្បាប់ ចរាចរ
កុំប្រហែស សីលធម៌ ជាចម្បង។

សូមរីករាយ សុខសប្បាយ គ្មានព្រួយភ័យ
សូមរីករាយ មានជោគជ័យ ផុតសៅហ្មង
សូមរីករាយ សុខចិត្តកាយ ដូចបំណង
សូមរីករាយ អាទិត្យឆ្លង ដល់ថ្ងៃស្អែក។

ផឹកភ្នាល់


វេលាសាយណ្ហទន់ទាបថ្ងៃ
ផ្ទៃមេឃងងិតគ្របជាស្បៃ
លើកស្រាបៀរក្រេបនឹកស្រមៃ
នឹកឃើញដល់ថ្ងៃផឹកភ្នាល់គ្នា។

បើសិនចាញ់អូនបងលូនវារ
ភ្នំពេញទៅដល់ព្រះវិហារ
ឆ្លងកាត់ទន្លេហែលគង្គា
មិនជិះនាវាឬឆ្លងស្ពាន។

បើរូបអូនចាញ់អូនក៏ហ៊ាន
ដើរលក់ចេកអាំងដំឡូងចៀន
បើលក់មិនដាច់ត្រូវសុំទាន

យប់ដេកក្រោមស្ពានហើមពោះស្ពីង។

Monday, June 25, 2012

ច្រមុះ និងភ្នែក

គ្រាមួយច្រមុះទាស់និងភ្នែក
កើតរឿងជជែកព្រោះនិន្ទា
លើកគុណសម្បត្តិរៀងៗគ្នា
អំពីការងារវារាល់ថ្ងៃ។

ចាប់តាំងពីពេលក្រោកដំណេក
ភារកិច្ចញឹកស្អេកច្រើនក្រាស់ក្រៃ
មិនថាព្រលប់យប់ឬថ្ងៃ
បើកគ្មានសំចៃជាប់ជានិច្ច

ខិតខំសម្លឹងប្រឹងឃ្មាតខ្មី
កុំឲ្យមានអ្វីមកទង្គិច
សម្រាមសត្វចូលត្រឹមមិចៗ
អត់ហ៊ានទាំងធ្មេចខ្លាចកុនការ

ពេលឮដូច្នោះច្រមុះស្តី
រស់ដោយសារអ្វីមួយអាត្មា
ដង្ហើមចេញចូលមូលសង្ខារ
គឺអញនេះណាអ្នករ៉ាប់រង។

ក្លិនឆ្អេះឆ្អាបស្ងុយឈ្ងុយក្រអូប
ខំស្រូបបញ្ចេញធ្វើទំនង
ខ្លាចក្រែងទុក្ខទោសកំហុសឆ្គង
នាំជីវិតរងក្ដីអន្តរាយ។

បើសិនភ្នែងឯងបែងមិនច្បាស់
រូបខ្ញុំពិតណាស់អ្នកខ្វល់ខ្វាយ
ទ្រវ៉ែនតាឯងទៅជិតឆ្ងាយ

ទ្រុតសាច់ស្ទើរក្លាយជាដំបៅ។

Sunday, June 17, 2012

រុយ


ត្បិតមានរូបរាងដូចជាគ្រាន់
ម្ហូបគ្របមិនទាន់ចុះជាន់ឈ្លី
មាត់ដូចប្រមោយចាក់វក់វី
បឺតជញ្ជក់ស៊ីជាអាហារ។

ជាសត្វមិនមានអនាម័យ
នាំទុកចង្រៃដល់អាត្មា
ភ្នាក់ងារចម្លងរោគសញ្ញា
ត្រូវតែបង្កាក្រែងឈឺថ្កាត់

រុយក្បាលខៀវ


Wednesday, June 13, 2012

កន្លាត


កន្លាតចូលចិត្តរស់ជិតកន្លៀត
កន្លែងចង្អៀតកន្លៀតកៀនកោះ
ធ្មេញវាមុតស្រួចសម្រួចខាំចោះ
បំផ្លាញដាច់អស់របស់ប្រើប្រាស់។

កន្លាតឈ្មោលញីគ្រប់ទីកន្លែង
ក្នុងផ្ទះសម្បែងកន្លែងថ្មីចាស់
ក្លិនឆ្អេះអាក្រក់កខ្វក់ខ្លាំងណាស់

បើដៃយើងប៉ះច្បាស់ជាអំពល់។

ថ្លែន


ស្បែកភ្លឺរលោងដូចលាបប្រេង
ពោះប៉ោងកំប៉េងជើងខ្លីៗ
ក្បាលតូចជាងកថ្លាប្រស្រី
កន្ទុយអូសដីវែងស្រឡះ

រស់ស៊ីសត្វល្អិតជាអាហារ
ទៅណាមកណាប្រយ័ត្នណាស់
ឃើញមនុស្សដើរក្បែរវានឹងប្រះ
រហ័សរហួនពួនឃ្មាតខ្មី

អ្នកមានជម្ងឺឈឺហឺតហត់
សង្កត់កៀបត្បុតដុតសាច់ឆី
នឹងបានសះស្បើយទាំងប្រុសស្រី

នេះតាមសម្តីចាស់ៗប្រាប់។

Saturday, June 9, 2012

រចនាបថ « ក៏ »


ដោយ​ រ័ត្នន៍ សេនា

មូសក៏ខាំ ម៉ាំក៏ស្អុយ រុយក៏ទុំ ឃ្មុំក៏ទិច ម្រេចក៏ខ្ចី ដីក៏សើម ដើមក៏បាក់ ប្រាក់ក៏បង់ កង់ក៏ធ្លាយ​ ​បាយក៏ខ្លោច ខ្មោចក៏លង ពងក៏បែក ស្អែក៏យូរ ទ្រូក៏ធ្លាយ យាយក៏ចាស់ ផ្ទះក៏តូច ក្រូចក៏ស្វិត ផ្សិតក៏ពុល ខ្មុលក៏ស្រែក ដែកក៏ច្រេះ ផេះក៏ហុយ ខ្លុយក៏បែក ប្រែកក៏បាក់ ចាក់ក៏ធ្លាយ ទាយក៏ឆុត ដុតក៏ឆេះ បេះក៏បាន ឡានក៏បុក តុក៏ដួល ទួលក៏លិច គេចក៏រួច លួចក៏បាន ចានក៏បែក ហែកក៏ដាច់ សាច់ក៏ខ្មៅ ចៅក៏ក្មេង ភ្លេងក៏ចប់ ត្រប់ក៏ខារ តាក៏ចាស់ បះក៏ផ្ងារ ការក៏បុណ្យ កុនក៏ល្ខោន ឱនក៏ងើប ថើបក៏ខាំ ចាំក៏យូរ គូក៏ស្អាត ស្រាតក៏ស្រួល ដួលក៏ដេក មេឃក៏ភ្លៀ​ង សៀងក៏ប្រៃ ចៃក៏ខាំ ថ្នាំក៏ខ្លាំង ឆ្នាំងក៏ធំ យំក៏ឮ ភ្លឺក៏ច្បាស់ ឆ្នាស់ក៏កាច ខ្លាចក៏ហ៊ាន មានក៏ក្រ សក៏ខ្មៅ ទៅក៏ដល់ ឆ្ងល់ក៏សួរ ...។