Thursday, May 31, 2012

អម្ពិលដុះពីអាចម៍


អម្ពិលដែលដុះពីលាមកអាចម៍
ធំឡើងល្អផ្តាច់លូតលាស់ស្រស់ស្រាយ
បានគេគាស់ទៅដាំនៅស្រុកឆ្ងាយ
ហ៊ឺហារសប្បាយភ្លេចដើមកំណើត។

ភ្លេចទាំងលាមកខ្លួនធ្លាប់ពួនជ្រក
ជាទីជម្រកដែលបានកកើត
តាំងខ្ពើមរអើមដាក់ទីកំណើត
វាយឫកល្អឆើតជាងគេជាងឯង។

Monday, May 14, 2012

រសៀល

រសៀលថ្ងៃក្តៅនៅក្បែរជើងភ្នំ
រសៀលរៃយំខ្នងភ្នំដងរែក
រសៀលម៉ោងពីរគួរឲ្យសង្វេគ
រសៀលថ្ងៃស្អែកតើប្លែកម្តេចខ្លះ។

រសៀលថ្ងៃជ្រេរទន់ទេរទាបទៅ
រសៀលរិតក្តៅមួរម៉ៅខ្លាំងណាស់
រសៀលថ្មើម៉ាណបានត្រជាក់ខ្លះ
រសៀលកម្មក្រាស់អន្ទះអន្ទែង។

រសៀលរសាប់ស្អុះស្អាប់កាយា
រសៀលអង្សារហៅមហាចំបែង
រសៀលប្រយ័ត្នភ្លើងអគ្គីផ្សែង
រសៀលជាក់ស្តែងហួតហែងហប់ខ្យល់។

Sunday, May 6, 2012

បីអីយ៉ាងនេះ?

ហាស់ៗៗ.... សើចបីម៉ាត់ ស្ងាត់បីម៉ែត្រ ឆ្អែតបីង៉ៃ ដៃបីម្រាម ឈាមបីចាន ឡានបីគ្រឿង រឿងបីភាគ រាគបីយប់ ជប់បីលើក បើកបីទ្វារ ទាបីក្បាល ក្រាលបីជាន់ ទាន់បីដង ឆ្លងបីថ្នាក់ បាក់បីកង់ បង់បីលាន ទៀនបីដើម ផើមបីនាក់ រាក់បីតឹក ចឹកបីប៉ូក ចូកបីប៉ែល ហែលបីម៉ោង កោងបីជុំ យំបីហ៊ូ គូរបីរូប ជួបបីឆ្នាំ ចាំបីខែ បែរបីមុំ រុំបីខ្សែ ខែបីកើត ផើតបីស្រែ ម៉ែបីកូន អូនបីគេ វេរបីអង្គ ចង់បីអូន លូនបីថ្នល់ ដល់បីផ្ទះ ឈ្នះបីបក្ស ឆ្លាក់បីត្រា ថាបីពាក្យ ងាកបីភ្លែត ពេទ្យបីភ្លើង ពើងបីផ្លាច់ អាចន៍បីដុំ គុំបីរឿង លឿងបីពណ៌ ញ័របីក្រាក កាកបីឆ្នាំង ចាំងបីដឹង តឹងបីត ក្របីជាតិ ឃ្លាតបីកាល ពាលបីពូជ ខូចបីសាសន៍ ខ្វះបីលាន មានបីសែន កែនបីជួរ យួរបីធុង លុងបីផ្លូវ....
(នៅមានតទៀត)។ 
០៧ ឧសភា ២០១២

Tuesday, May 1, 2012

លៀសហាល...


 
លាសប្រឡាក់គ្រឿងអំបិលប្រៃ
ធ្លាប់ទិញតម្លៃមួយពាន់ប្រាំ
ក្នុងមួយកំប៉ុងជាប្រចាំ
ពេលខ្លះចុះប្រាំនៅមួយពាន់។

ខ្ញុំនេះចូលចិត្តលាសមានគ្រឿង
ក្រហមព្រឿងៗឆ្ងាញ់គ្រប់គ្រាន់
ទោះបីហឹរម្ទេសមិនទម្រន់

ញ៉ាំរួចរួសរាន់រកទឹកផឹក។