Monday, April 23, 2012

ផ្លូវជាតិ

ឆ្លង«ស្ពានមុនីវង្ស»តម្រង់ឆ្ពោះទៅ
កាត់«ច្បារអំពៅ»«វាលស្បូវ»«ព្រែកឯង»
«គគីរ»«កៀនស្វាយ»មិនឆ្ងាយសង្វែង
បើគិតជាក់ស្តែងជិតម្ភៃគីឡូ។

«ដីឥដ្ឋ»ជាឃុំព្រំស្រុកកៀនស្វាយ 
«ភូមិខ្សុំ»«ព្រែកខ្សាយ»ចម្ងាយមិនប្ដូរ
ផ្លូវរាបរអិលមិនរលាក់សូរ
រថយន្តម៉ូតូស្រែករោទិ៍រងំ។

ឃុំ«បន្ទាយដែក»ចែកសងខាងផ្លូវ 
ខាងមុខតម្រូវដល់«សំរោងធំ»
បន្ទាប់ជាប់គ្នា«គឺគគីរធំ»
ឃុំ«កំពង់ភ្នំ»ព្រំស្រុក«លើកដែក»។

សាឡាង«អ្នកលឿង»ឆ្លងទន្លេធំ 
«ឈើកាច់»«បាភ្នំ»បត់ផ្លូវបំបែក
ហួស«កំពង់សឹង្ហ»ភូមិឃុំខ័ណ្ឌចែក
ទិដ្ឋភាពប្លែកៗនាស្រុក«ព្រះស្តេច»។

បង្ហែតាមថ្នល់ដល់«សង្កែចុង»
ទីកន្លែងហ្នុងកាលមុនមានស្រេច
ខ្យូសចងអង្រឹងលក់ដូរមិនដាច់
អ្នកដំណើរត្រាច់ចូលលម្ហែប្រាណ។

«កំពង់ត្របែក»មានព្រែកទន្លេ 
គឺមិនយូរទេជិះម៉ូតូឡាន
ដល់«កអណ្តើក»ភូមិស្រុកសុខសាន្ត 
ទៅមុខនឹងបានចូលដី«ស្វាយរៀង»។

«ក្រោលគោ»ជាឃុំព្រំដីខេត្តខ័ណ្ឌ
ខាងមុខជាក់ស្បាន់«ស្វាយជ្រុំ»មិនល្អៀង
ស្ពាន«កន្ទុយវៃ»ដីក្រុងស្វាយរៀង 
ផ្លូវថ្មីរបៀងវាងភ្ជាប់ផ្លូវចាស់។

ស្ពាន«ទំនប់ទឹក»ឃុំ«បាក់រនាស់» 
ទៅកើតត្រង់ឆ្ពោះ«វត្តថ្មី»ជាក់ច្បាស់
«តុងលៀង»«ប្រសូតិ»ជានាមស្រុកចាស់
«កណ្តៀងរាយ»ផ្លាស់ដល់ផ្សារ«ជីភូ»

«បាវ៉ិត»ក្រុងថ្មីដីរិតចង្អៀត
ច្រកអន្តរជាតិមានមកជាយូរ
ផ្លាស់ប្ដូរទំនិញទូទាត់គិតគូរ 
ថ្នល់ក្រាលកៅស៊ូផ្លូវជាតិលេខ១។

No comments:

Post a Comment