Wednesday, April 4, 2012

ទំនួញឆ្កែ

ទំនួញឆ្កែ

និពន្ធដោយ ប៉ែន ប៉ាវ
កែសម្រួលពាក្យពេជន៍ ឃ្លោងឃ្លា ចុងចួនដោយ
រ័ត្នន៍ សេនា

..................
(កាព្យនេះគឺបាននិពន្ធជាយូរមកហើយដោយស្មៀន ប៉ាវ
គាត់ជាអ្នកអាយ៉ៃមួយរូបដែរ ដែលជាស្វាមីរបស់អ្នកស្រី
សាត សេរីយ៉ង់ អ្នកអាយ៉ៃ និងជាអ្នកចម្រៀងប្រពៃណី
ដ៏ល្បីក្នុងស្រុកខ្មែរ ហើយខ្ញុំធ្វើការកែសម្រួល។ ពាក្យកំប្លែង
យ៉ាងច្រើនរបស់បង ប៉ាវ ក៏ត្រូវបានលោក ព្រហ្ម ម៉ាញ
យកទៅប្រើប្រាស់ដែរ ។ ក្រោយមកនាយ ពែកមី ក៏យក
មកសូត្រដោយបញ្ចេញបញ្ចូលបន្ថែមទៀត)។
នេះជាអត្ថបទកាព្យកំប្លែងប៉ុណ្ណោះ គ្មានអីក្រៅពីនេះទេ!
..........................................  
១.ងាប់ទៅជាឆ្កែហែរដូងដប
មានជីស្ពៃត្រប់ម្រេចខ្ទឹមខ្ញី
មានទាំងរំដេងល្មៀតស្លឹកគ្រៃ
ត្រយ៉ូងចេកខ្ចីថ្មីស្រស់ៗ។

២.អនិច្ចាអើយរ៉ាអាសូរពេក
សាកសពឆ្កែដេកក្បែរទឹកពុះ
កូសពីកន្ទុយដល់ច្រមុះ
រោលភ្លើងវះពោះធ្វើអាហារ។

៣.ក្រពះពោះវៀនច្រកគ្រឿងអាំង
ស្លម្ជូរក្រសាំងឆ្ងាញ់ពិសារ
អ្នកទិញថាក្បាលនៅឯណា
អ្នកលក់ឆ្លើយថានៅក្នុងឆ្នាំង។

៤.អាសូរក្បាលឆ្កែធ្វើមាត់ស្ញេញ
អ្នកលក់អ្នកទិញឮមាត់ខ្លាំង
មានទាំងលុយខ្មែរលុយអាគាំង
ទិញសាច់ស្លរអាំងច្រើនព្រោងព្រាត។

៥.ឱ!ឆ្កែលួចគេគ្រឿងខ្លួនឯង
ប្រឹងស្រែកក្តែងៗប្រាប់ថាខាត
លុយដាក់ហោប៉ៅទុកយ៉ាងស្អាត
នៅត្អូញថាខាតសង្វាតប្រាក់។

៦.ឯអ្នកផឹកស៊ីស្រែកឡូឡា
អួតអាងដាក់គ្នារឿងកាប់ចាក់
មិនគិតដើមបុណ្យចំណាយប្រាក់
ជួលទាំងធុងបាស់ដាក់ឲ្យរាំ។

No comments:

Post a Comment