Thursday, April 26, 2012

ប្រយ័ត្នប្រយ៉ែង


ប្រយ័ត្នប្រយ៉ែង ប្រយ័ត្នភ្លើងផ្សែង ប្រយ៉ែងភ្លើងផ្សាត់
ថ្ងៃក្តៅហួតហែង ប្រយ៉ែងប្រយ័ត្ន ប្រយ៉ែងភ្លើងផ្សាត់
ប្រយ័ត្នភ្លើងផ្សែង។

ប្រយ៉ែងប្រយ័ត្ន ប្រយ៉ែងគ្នាអាត់ ប្រយ័ត្នគ្នាឯង
ពេលចេញពីផ្ទះ ប្រយ័ត្នប្រយ៉ែង ប្រយ័ត្នភ្លើងផ្សែង
ប្រយ៉ែងភ្លើងផ្សាត់

ប្រយ័ត្នប្រយ៉ែង ក្តៅស្ងួតហួតហែង ប្រយ៉ែងប្រយ័ត្ន
លោតែប្រហែស ប្រហោងហោចបាត់ ប្រយ៉ែងភ្លើងផ្សាត់
ប្រយ័ត្នភ្លើងផ្សែង។

ប្រយ៉ែងប្រយ័ត្ន ឆាបឆេះស្ងាត់ៗ ឆេះបាត់ទ្រព្យឯង
ឆេះខ្ទេចឆេះខ្ទី ទាំងផ្ទះសម្បែង ប្រយ័ត្នភ្លើងផ្សែង
ប្រយ៉ែងប្រយ័ត្ន។


Wednesday, April 25, 2012

ក្តៅមែន!


ក្តៅខ្លាំងណាស់ម្ចាស់ថ្លៃអើយក្តៅស្ទើរឆេះ
ក្តៅខ្លាំងណាស់ក្តៅស្ទើរប្រេះបែកកេសា
ក្តៅខ្លាំងណាស់ក្តៅចង់ស្ទះអន្ទះសារ
ក្តៅខ្លាំងណាស់កន្លែងណាណាក៏ក្តៅ

ក្តៅខ្លាំងណាស់តាំងពីរះរហូតលិច
ក្តៅខ្លាំងណាស់ទោះបីគេចពីខាងក្រៅ
ក្តៅខ្លាំងណាស់ចំហាយជះរិតកម្តៅ
ក្តៅខ្លាំងណាស់ស្រាតខោអាវដេកក្រៅផ្ទះ។

Monday, April 23, 2012

ព្រលឹមញញឹមញញែម!



ព្រឹកព្រលឹម ញញឹមស្រស់អស់ពីចិត្ត
ព្រឹកព្រលឹម ញញឹមស្និទ្ធភ្ជាប់សិរី
ព្រឹកព្រលឹម សង្ឃឹមជាប់គាប់សួស្ដី
ព្រឹកព្រលឹម មានរស្មីល្បីសុះសាយ។

ព្រឹកព្រលឹម គ្រហ៊ឹមហួចលូចខ្សឹបច្រៀង
ព្រឹកព្រលឹម ចេញសំនៀងសៀងសប្បាយ
ព្រឹកព្រលឹម ញញឹមញែមថែមក្អាកក្អាយ
ព្រឹកព្រលឹម ឥតនឿយណាយកាយចិន្តា។

ព្រឹកព្រលឹម ប៉ប្រឹមប្រីយ៍ស្តីរាក់ទាក់
ព្រឹកព្រលឹម ពេញដោយលក្ខណ៍ទើបជ្រះថ្លា
ព្រឹកព្រលឹម រីកស្គុះស្គាយបីដូចផ្កា

ព្រឹកព្រលឹម បានខាជាដ៏រាប។

ផ្លូវជាតិ

ឆ្លង«ស្ពានមុនីវង្ស»តម្រង់ឆ្ពោះទៅ
កាត់«ច្បារអំពៅ»«វាលស្បូវ»«ព្រែកឯង»
«គគីរ»«កៀនស្វាយ»មិនឆ្ងាយសង្វែង
បើគិតជាក់ស្តែងជិតម្ភៃគីឡូ។

«ដីឥដ្ឋ»ជាឃុំព្រំស្រុកកៀនស្វាយ 
«ភូមិខ្សុំ»«ព្រែកខ្សាយ»ចម្ងាយមិនប្ដូរ
ផ្លូវរាបរអិលមិនរលាក់សូរ
រថយន្តម៉ូតូស្រែករោទិ៍រងំ។

ឃុំ«បន្ទាយដែក»ចែកសងខាងផ្លូវ 
ខាងមុខតម្រូវដល់«សំរោងធំ»
បន្ទាប់ជាប់គ្នា«គឺគគីរធំ»
ឃុំ«កំពង់ភ្នំ»ព្រំស្រុក«លើកដែក»។

សាឡាង«អ្នកលឿង»ឆ្លងទន្លេធំ 
«ឈើកាច់»«បាភ្នំ»បត់ផ្លូវបំបែក
ហួស«កំពង់សឹង្ហ»ភូមិឃុំខ័ណ្ឌចែក
ទិដ្ឋភាពប្លែកៗនាស្រុក«ព្រះស្តេច»។

បង្ហែតាមថ្នល់ដល់«សង្កែចុង»
ទីកន្លែងហ្នុងកាលមុនមានស្រេច
ខ្យូសចងអង្រឹងលក់ដូរមិនដាច់
អ្នកដំណើរត្រាច់ចូលលម្ហែប្រាណ។

«កំពង់ត្របែក»មានព្រែកទន្លេ 
គឺមិនយូរទេជិះម៉ូតូឡាន
ដល់«កអណ្តើក»ភូមិស្រុកសុខសាន្ត 
ទៅមុខនឹងបានចូលដី«ស្វាយរៀង»។

«ក្រោលគោ»ជាឃុំព្រំដីខេត្តខ័ណ្ឌ
ខាងមុខជាក់ស្បាន់«ស្វាយជ្រុំ»មិនល្អៀង
ស្ពាន«កន្ទុយវៃ»ដីក្រុងស្វាយរៀង 
ផ្លូវថ្មីរបៀងវាងភ្ជាប់ផ្លូវចាស់។

ស្ពាន«ទំនប់ទឹក»ឃុំ«បាក់រនាស់» 
ទៅកើតត្រង់ឆ្ពោះ«វត្តថ្មី»ជាក់ច្បាស់
«តុងលៀង»«ប្រសូតិ»ជានាមស្រុកចាស់
«កណ្តៀងរាយ»ផ្លាស់ដល់ផ្សារ«ជីភូ»

«បាវ៉ិត»ក្រុងថ្មីដីរិតចង្អៀត
ច្រកអន្តរជាតិមានមកជាយូរ
ផ្លាស់ប្ដូរទំនិញទូទាត់គិតគូរ 
ថ្នល់ក្រាលកៅស៊ូផ្លូវជាតិលេខ១។

Saturday, April 21, 2012

កាព្យនេះនោះ


សាយ័ណ្ហព្រះសូរ្យទន់ទោរ
ជំនោររហើយកាយា
សម្លឹងទៅចុងរុក្ខា
បក្សាចចឹកចំណី។

កណ្តូបទុំលើមែកស្វាយ
ខ្វេះខ្វាយស៊ីស្លឹកត្រួយខ្ចី
ចង្រិតស្រែកច្រេកឯដី
ឃ្មាតខ្មី
ខាំគល់ស្មៅចាស់។

សត្វខ្មុលរុលដីធូៗ
មើលទៅវាស៊ូខ្លាំងណាស់
ជន្លេនខំរើបម្រះ
ព្រោះប៉ះមាន់ចឹកដំណំ

ជីងចក់ទុំ
ជាប់ពិតាន
ឃើញមូសប្រុងប្រាណសម្ងំ
សម្លក់សម្លឹងឲ្យចំ
វេលាសក្តិសមនឹងប្រាស។

តុកកែ!
ក្រមុំ!មេម៉ាយ!
លាក់ខ្លួនមិនឆ្ងាយពីម្ចាស់
សត្វល្អិត
ណាមួយធ្វេសណាស់
នឹងច្បាស់ក្លាយជាចំណី។

ឆ្មាខ្មៅប្រឡែង
មេ
ផ្អើលមាន់ឈូឆរឯដី
ឆ្កែកាយរលើងខ្ទឹមខ្ញី
ម្ចាស់ខឹងជេរស្ដីកោកកាក។

ស្វាយទុំជ្រុះលាន់សូក្ឌុក
រើសទុក
ចាំពេលសម្រាក
កំបិតចិត
សំបកខ្វាក
រួចសាករសជាតិ
មើល៍។

Wednesday, April 4, 2012

ទំនួញឆ្កែ

ទំនួញឆ្កែ

និពន្ធដោយ ប៉ែន ប៉ាវ
កែសម្រួលពាក្យពេជន៍ ឃ្លោងឃ្លា ចុងចួនដោយ
រ័ត្នន៍ សេនា

..................
(កាព្យនេះគឺបាននិពន្ធជាយូរមកហើយដោយស្មៀន ប៉ាវ
គាត់ជាអ្នកអាយ៉ៃមួយរូបដែរ ដែលជាស្វាមីរបស់អ្នកស្រី
សាត សេរីយ៉ង់ អ្នកអាយ៉ៃ និងជាអ្នកចម្រៀងប្រពៃណី
ដ៏ល្បីក្នុងស្រុកខ្មែរ ហើយខ្ញុំធ្វើការកែសម្រួល។ ពាក្យកំប្លែង
យ៉ាងច្រើនរបស់បង ប៉ាវ ក៏ត្រូវបានលោក ព្រហ្ម ម៉ាញ
យកទៅប្រើប្រាស់ដែរ ។ ក្រោយមកនាយ ពែកមី ក៏យក
មកសូត្រដោយបញ្ចេញបញ្ចូលបន្ថែមទៀត)។
នេះជាអត្ថបទកាព្យកំប្លែងប៉ុណ្ណោះ គ្មានអីក្រៅពីនេះទេ!
..........................................  
១.ងាប់ទៅជាឆ្កែហែរដូងដប
មានជីស្ពៃត្រប់ម្រេចខ្ទឹមខ្ញី
មានទាំងរំដេងល្មៀតស្លឹកគ្រៃ
ត្រយ៉ូងចេកខ្ចីថ្មីស្រស់ៗ។

២.អនិច្ចាអើយរ៉ាអាសូរពេក
សាកសពឆ្កែដេកក្បែរទឹកពុះ
កូសពីកន្ទុយដល់ច្រមុះ
រោលភ្លើងវះពោះធ្វើអាហារ។

៣.ក្រពះពោះវៀនច្រកគ្រឿងអាំង
ស្លម្ជូរក្រសាំងឆ្ងាញ់ពិសារ
អ្នកទិញថាក្បាលនៅឯណា
អ្នកលក់ឆ្លើយថានៅក្នុងឆ្នាំង។

៤.អាសូរក្បាលឆ្កែធ្វើមាត់ស្ញេញ
អ្នកលក់អ្នកទិញឮមាត់ខ្លាំង
មានទាំងលុយខ្មែរលុយអាគាំង
ទិញសាច់ស្លរអាំងច្រើនព្រោងព្រាត។

៥.ឱ!ឆ្កែលួចគេគ្រឿងខ្លួនឯង
ប្រឹងស្រែកក្តែងៗប្រាប់ថាខាត
លុយដាក់ហោប៉ៅទុកយ៉ាងស្អាត
នៅត្អូញថាខាតសង្វាតប្រាក់។

៦.ឯអ្នកផឹកស៊ីស្រែកឡូឡា
អួតអាងដាក់គ្នារឿងកាប់ចាក់
មិនគិតដើមបុណ្យចំណាយប្រាក់
ជួលទាំងធុងបាស់ដាក់ឲ្យរាំ។