Tuesday, March 6, 2012

កង្កែបអាចន៍គោ



បទកាកគតិ )

ក្រតក្រតក្រក់ក្រក់ ឆ្ងុកឆ្ងក់ឆ្ងុកឆ្ងក់ ផ្លក់ផ្លោតផ្លក់ផ្លោត
លោយលេងជង្ហុក ថ្លុកត្រែងចំណោត ភ្នែករំពៃផ្ដោត
ស្វែងរកចំណី។

កាលមុនពួកវា ពុំដែលវេទនា ដូចពេលនេះអី
ត្រឹមរកអាហារ មកធ្វើចំណី ពីព្រោះគ្មានអ្វី
នឹងរំខានទេ។

ក្រៅពីសត្វពស់ សត្រូវស្លាប់រស់ របស់ពួកគេ
ឥតអ្វីផ្សេងទៀត គឺសោះទទេ យាយីពួកគេ
ឱ្យសូន្យអន្តរាយ។

ប្រសិនបើដឹង ពស់លូនក្រឡឹង វាគេចេញឆ្ងាយ
ទៅទីដទៃ ដែលសុខសប្បាយ អស់ក្ដីខ្វល់ខ្វាយ
អំពល់សៅហ្មង។

សុខសាន្តល្អណាស់ អាហារមិនខ្វះ ទាំងហ្វូងតែម្ដង
ឆីឆ្អែតស្កប់ស្កល់ លោតលេងត្រសង ក្រក់ក្រត!ឆ្លើយឆ្លង
ផ្តោះផ្តងរកគ្នា។

រស់នៅជួបជុំ ពេញវ័យធាត់ធំ បន្តពូជធារ
បង្កើនកូនចៅ វង្សត្រកូលវា សុខដុមរមនា
កង្កែបអាចន៍គោ។

បទភុជង្គលីលា )

ឥឡូវខុសពីមុនហើយ
ឱកង្កែបអើ្ហយ មិនឡើយសម្បូរ។
តាមថ្លុកត្រពាំងត្រែងអូរ
ពុំឃើញហែរហូ សម្បូរច្រើនផ្ដាស
ពេលយប់ទើបប្រទះខ្លះ
ពេលថ្ងៃខ្សត់ណាស់ មិនស្កះដូចដើម។
ព្រោះអីមនុស្សច្រើនសម្បើម
នាំគ្នាចាប់ផ្ដើម ដណ្ដើមសម្លាប់
មានអូសឆ្លុះចាក់វ៉ៃចាប់
សម្រេចសម្រាប់ ប្រញ៉ាប់ប្រហារ។
ប្រឡាក់អំបិលផ្កាប់ផ្ងារ
អូយ!សែនឈឺផ្សារ ដោយសារជាតិប្រៃ។
រួចឆ្អើរចងព្យួរហាលថ្ងៃ
ស្បែកសាច់សសៃ រសប្រៃជ្រាបស្រេច។
ពេលស្ងួតទើបចងជាបាច់
រួចហើយសម្រេច ស្រេចត្រឡនតន។
ទំនេរបបួលគូកន

ក្លែមត្រឡនតន បំប៉នត្នោតជូរ។

No comments:

Post a Comment