Tuesday, March 6, 2012

តុកកែ



តុកកែ

ក្រតបីដងរួចស្រែកតុកកែ!
អែបក្បែរជញ្ជាំងដំបូលផ្ទះ
សម្លេងគ្រលរលាន់ឮជះ
ពុំសូវប្រទះច្រើនណាស់ណា។

ថ្ងៃយប់សញ្ជប់សញ្ជឹងលៃ
តែឯងទីទៃនៃអាត្មា
បំពួនមិនឱ្យឃើញកាយា
ព្រោះខ្លាចមនុស្សាពារព្យាបាទ។

វេលាបានជួបពួកសត្វល្អិត
កណ្តូបចង្រិតខ្មុលកន្លាត
ហារមាត់លៀនលយវែងអណ្ដាត
សង្វាតលិទ្ធផ្លប់មិនបង្អង់។

គួរឱ្យចម្លែកសត្វតុកកែ
តំណហូរហែមិនបាត់បង់
រីកថ្លើម(១)កាលណាមិនអែអង់
ហារមាត់តម្រង់ចេញមកក្រៅ។

ឱ្យពស់(២)លូនចូលស៊ីគ្មានសល់
សម្ងំចាំដល់ជាដំបៅ
ទើបវារចាកចេញមកខាងក្រៅ
យាត្រាសំដៅរកចំណី។

ក្រតក្រតបីដងស្រែកតុកកែ!
មនុស្សម្នាអ៊ូរអែរកាត់សេចក្តី
បើស្រែកក្រោមប្រាំពុំគប្បី
លើប្រាំប្រាំបីសុខសប្បាយ។

ពេលឮតុកកែ!បូលក្រមុំ!
ចំណែកឯខ្ញុំបូលមេម៉ាយ
ជាល្បែងកំសាន្តសើចក្អាកក្អាយ
សប្បាយឡែបខាយចំអន់គ្នា។

(១) តាមទម្លាប់របស់សត្វតុកកែ ពេលណាថ្លើមរបស់វាចាប់ផ្ដើមរីកធំ
ស្រែកលែងឮ វាហាមាត់យ៉ាងធំឲ្យពស់លូនចូលស៊ីថ្លើមទាល់តែអស់។
(២) ពស់នេះគេហៅថា ពស់តុកកែ។
(ខ្ញុំធ្លាប់ឃើញរឿងនេះម្ដងពីរដែរ)

No comments:

Post a Comment