Tuesday, March 6, 2012

ម៉ែឪយើង


សូមក្រាបបង្គំ ព្រះរស់ជាធំ ពុំទាបឡើយណា
ព្រះផ្ដល់កំណើត បង្កើតអាត្មា ថែថួនរក្សា
បីបាច់ការពារ។

ម៉ែទ្រាំអត់ធន់ ពពោះទម្ងន់ ធ្ងន់គ្រប់វេលា
ជាងប្រាំបួនខែ ម៉ែក្ដៅរងា ស៊ូទ្រាំគាំពារ
បុត្រភ្ងារក្នុងពោះ

ដល់គម្រប់ថ្ងៃ ឈឺចាប់ខ្លាំងក្រៃ ស្ទើរក្ស័យបាត់ឈ្មោះ
ញើសឈាមសស្រាក់ គ្រោះថ្នាក់ចំពោះ មិនគិតស្លាប់រស់
ព្រោះកូនគ្រប់គ្នា ។

អង្អែលថ្នាក់ថ្នម បំពេរបីបម ថ្នមជាប់អង្គា
សូម្បីស្រមោច ល្អិតល្អោចបំពារ ក៏ម៉ែចាប់វា
មកញេចសម្លាប់ ។

ពុកខំធ្វើការ ទាំងប្រាំងវស្សា ភ្ជួររាស់គាស់កាប់
ដំណាំដាំដុះ ការងារយ៉ឺនយ៉ាប់ គឺពុករងរ៉ាប់
ពុំដែលស្រាកស្រាន្ត

ពុកម៉ែរៀបចំ ផ្គត់ផ្គង់ឧបត្ថម្ភ ឲ្យកូនគ្រប់ប្រាណ
មានហូបគ្រប់គ្រាន់ ផុតទុក្ខរំខាន សេចក្ដីសុខសាន្ត
បានដល់គ្រប់គ្រា

លោកព្រួយបារម្ភ ខ្លាចក្រែងពួកខ្ញុំ ល្ងិតល្ងង់វិជ្ជា
ពុកម៉ែខ្នះខ្នែង ឥតមានរួញរា ឲ្យកូនគ្រប់គ្នា
បានចូលសាលា។

ទទួលចំណេះ រៀនសូត្រចាំចេះ ក្រោយការសិក្សា
បានការងារធ្វើ បង្កើតគ្រួសារ កូនមានអនា
-គតរៀងៗខ្លួន

ជរាណាស់ហើយ ឱពុកម៉ែអ្ហើយ សុខភាពមិនថួន
រូបកូនឃ្លាតកាយ ឆ្ងាយអំពីខ្លួន គ្មានពេលខ្ជាប់ខ្ជួន
មើលអ្នកមានគុណ។

គុណលោកទាំងពីរ ធ្ងន់លើសគីរី ពុំអាចរែកពុន
គុណព្រះកន្លោង គឺអនន្តគុណ មិនដូចទ្រព្យទុន
អាចគុណប្រមាណ

បើមានឆ្គងខុស នូវរាល់កំហុស ដែលពួកកូនបាន
លើសលស់ប្រព្រឹត្ត កអម្បាលមាណ ពុកម៉ែប្រោសប្រាណ
អត់ឱនទោសា ។

សូមសុខភាពល្អ នឹងបានបន្ត ព្រះជន្មថ្លៃថ្លា
គង់នៅជាម្លប់ កូនចៅ-ប្រសារ គ្រប់ក្រុមគ្រួសារ
ពុកម៉ែផងចុះ។

No comments:

Post a Comment