Saturday, March 31, 2012

តាទិតយាយទា

ល្បោយចាប៉ី.
..........................................
ខ្លះហៅរឿងខ្លីកំប្លុកកំប្លែងរបស់ចាប៉ីថាជាចាប៉ីរឿង តែតាមពិតត្រូវហៅ
ថាល្បោយចាប៉ី... ខាងក្រោមនេះរឿងតាទិតយាយទា ដែលមានតាំងតែ
ពីដើមមក តែដោយការចេះចាំតៗគ្នាមក វាបាត់បង់ភាពដើមខ្លះ ឃ្លាខ្លះ
មានប្រាំព្យាង្គ,ខ្លះប្រាំមួយព្យាង្គ,ប្រាំពី ប្រាំបី ឃ្លាខ្លះមានប្រាំបួនព្យាង្គក៏
ក៏មាន ហេតុខ្ញុំបានធ្វើការសម្រួលឃ្លោងឃ្លចុងចួនឡើងវិញជាពាក្យ ៨
ទាំងអស់។ បើលលោកអ្នកណា មានការចេះចាំរឿងនេះច្បាស់ជាងខ្ញុំ
ក៏សុំធ្វើការជួយកែសម្រួល និងជួយចែកចាយផងចុះ។

រ័ត្នន៍ សេនា
.................................................


ស្រណោះផ្គរលាន់ៗឡើងម្តងដប់...ឆ្លើយឡើយសន្ធប់ពេញទាំងមេឃា
ថ្លែងពីតាទិតទាស់និងយាយទា..បានកំពឺសភ្លារដណ្តើមគ្នាភ្លក់។

តាទិតពាំផ្លប់ថាសាបអំបិល..យាយទាមន្ទិលថាធំប្រហុក
សម្លរមួយឆ្នាំងស៊ីអស់មួយស្រុក..មួយភ្លក់ពីរភ្លក់មិនដឹងសាបប្រៃ។

មើលឫកគាត់អួតឲ្យស្មើពពក..មាយាទគាត់ថោកមកអួតថាថ្លៃ
គ្រាន់តែឆ្នុកថ្នាំធំប៉ុនកដៃ..ចុកបួនប្រាំថ្ងៃទើបបោះចោលម្តង។

បេះចេញពីមាត់មកញាត់ត្រចៀក..ទឹកមាត់កក្លៀកហូរជោគដាបខ្នង
មួយឆ្នាំមិនដែលស្គាល់សាច់ជ្រូកម្តង..ឃើញស៊ីតែខ្យងសំបកពេញផ្ទះ។

តាទិតថាចឹងពូជអញវាក្រ..ទៅណាមកណាស្លៀកសំពត់ចាស់
មើលឫកហងគ្រាន់មាយាទហងក្រាស់..ពូកែខ្លាំងណាស់ប៉ិនខាងដេកថ្ងៃ។

បើសិនត្បាញវិញសម្លក់ទៅត្រល់..សម្គាល់សំពត់សម្លឹងវែកចៃ
បោះត្រល់ម្តងៗដាច់ដប់សសៃ..មួយថ្ងៃដប់ថ្មិលមិនរវល់ត។

យាយទាថាចឹងកំពូជខាងអញ..កំណាញ់ក៏កំណាញ់ក្រក៏ក្រ
អាក្រក់ៗគ្មាននរណាល្អ..អាណាអង្វរឲ្យមកយកអញ។

តាទិតគាត់ថាពីដើមយកឯង..ព្រោះឃើញឫកខែងម៉េចមិនស្រលាញ់
តាំងពីបានមកស្លរមិនដែលឆ្ងាញ់..ត្រីផ្ទក់ត្រីក្រាញ់ស្លរទាំងស្រកា។

សម្លរអញ្ចឹងសែនពិបាកលេប..របៀបយាយឯងអញមិនចង់ថា
កាលពីក្រមុំឫកវាហ៊ឺហារ..មេបាដើរកាច់គេពេញទាំងស្រុក។

យាយទាថាអញវាខូចចឹងមែន..តែបើអញសែនអញស៊ីពេញមុខ
មិនដូចពូជគាត់ធ្លាប់តែជាប់គុក..មេម៉ាយកំព្រុកស្គមកំព្រឹងៗ។

តាទិតក្តៅចិត្តទាត់យាយទាភីង យាយទាស្ទុះគ្រេងរងមួយជើងភឹង
តាទិតបានផ្តិលក្បាលយាយទាម៉ឹង..យាយទាបានវឹងក្បាលតាទិតម៉ោក។

តាទិតបានថាសក្បាលយាយទាម៉ាង..យាយទាបានថាំងក្បាលតាទិតម៉ូង
តាទិតស្ទុះយកបានត្រឡោកដូង..សំពងយាយទាឮលាន់សូរម៉ាក។

តាទិតស្ទុះទៅដាល់យាយទាម៉ាប់..យាយទាស្ទុះចាប់ទៅហែកខោខ្វាក
តាទិតស្រែកង៉ូកកូនជ្រូកស្រែកង៉ាក...ស្ទុះខ្វាកទៅហែកអាវយាយទាខ្វោក។

ក៏តាំងច្រានគ្នាដួលឲ្យសំច្រូង..យាយទាអាងស្បោងតាទិតអាងតោក
យាយទារុញទៅតាទិតរុញមក..រលំទាំងតោកអារក្សខ្មោចម៉ែ។

ផ្អើលអស់អ្នកស្រុកគេមកមើលលាន់..តាមាសតាមាន់តាកុយតាកែ
តាពតអង្រុតតាពុតអង្រែ..តាមុំតាមែទាញបានដងរែក។

ភ្ញាក់ផ្អើលឆោឡោអស់ពួកស្រីៗ..អត់បានការអីពឺតចំតិតស្រែក
យាយទាចែវគ្នាទាល់តែលៀនភ្នែក..ជាប់ដៃមកផ្អែកបែកទាំងចានឆ្នាំង។

សន្ធឹកគ្រាំៗឮសូរគ្រេងៗ..យាយទាស្ទុះគ្រេងឮលាន់សូរគ្រាំង
តាទិតស្ទុះក្រុះអូសធ្លាយជញ្ជាំង..ក៏តាំងចែវគ្នាឲ្យឡើងហុយដី។

ប្រុសចាប់តាទិតស្រីៗចាប់យាយទា..ចាប់បំបែកគ្នារំលងផ្ទះបី
ប្រុសជុំដោយប្រុសស្រីជុំដោយស្រី..នាំគ្នានិយាយឲ្យគាត់ជាគ្នា។

ប្រុសៗភ្លេចខ្លួនទៅលែងតាទិត..ស្រីៗភ្លេចគិតទៅលែងយាយទា
ជាប់ដៃម្តងនេះគាត់កកេរគ្នា..ពារលើស្លឹកគ្រៃអស់ជាងម្ភៃគុម្ព។

ដួលប៉ះលើស្ករបែកអស់ម្ភៃក្អម..មីខ្មីមីខ្មមពឺតតែស្រែកយំ
បែកថ្លាងស្ងោរម្សមអស់មួយឆ្នាំងធំ..រលំទាំងធាតុបែកអស់ចានថូរ។

យាយទាលាន់មាត់ឮត្រឹមតែល្មម..តាទិតធ្លាយផោមអាយះគូថខោ
តាទិតរុញទៅយាយទារុញម៉ោ..ក្មេងៗបន្ទរស្រែកថាអៅៗ។

តាទិតស្រាតខោគាត់ចោលស្រឡះ..ក្មេងៗអៀនខ្មាស់អាខ្លះមុខខ្មៅ
ខ្លះធ្វើមុខខ្មឺតពឺតប្រកូកហៅ..ខ្លះថាតាសៅមិនជួយយាយទា។

អាម្នាក់វាថាមិនចាប់តាទិត..អាខ្លះខំមិតទៅចាប់យាយទា
ខ្លះខ្សឹបតាទិតម៉េចបានពងយា..ក្មេងម្នាក់ថាយារព្រោះយាយទាយិត។

យាយទេសថាទាហងកុំលែងពង..ស្នៀតនេះទំនងល្មមវាកំពិត
ស្រាតដោយអីដោយហងឯងកុំគិត..គិតតែពីយិតកុំបន្ធូរដៃ។

យាយទាទាញតាទិតតឹងដល់ខ្នាត..ឡើងធ្លាក់អណ្តាតជើងធាក់ខ្វៃៗ
តាទិតស្រែកយ៉ូយយាយទាស្រែកយ៉ៃ..ស្រែកថាប៉ៃអ្ហើយម៉េចមិនជួយគ្នា។

ប្រុសៗខំប្រឹងទៅចាប់តាទិត..ស្រីៗខំមិតទៅចាប់តាទា
ទាល់តែរបូតចាកចេញពីគ្នា..របេះផ្លែល្វាសល់តែទងឆ្កឹង។

No comments:

Post a Comment