Thursday, March 29, 2012

បរិយាយភូមិកាព្យ....


អង្គុយភ្លឹកអាហារព្រឹកមិននឹកនា
ជក់សន្ទនាតកាព្យានឹងអ្នកភូមិ
អរគុណហើយបងប្អូនអ្ហើយដែលចូលរួម
ធ្វើឲ្យភូមិបានជួបជុំអ្នកកវី។

ឃើញភូមិឋានបានសុខសាន្តសែនត្រេកអរ
មុខរបរអ្នកភូមិផងខំឃ្មាតខ្មី
លក់នំនែកអំពៅចេកបន្លែត្រី
មានសាឡីរទេះគោដូរឆ្នាំងចាន។

តូបចាប់ហួយផ្ទះចែមួយកូនចឹកហុង
លក់ប៊ីដុងភួយមុងពាងច្រើនសណ្ឋាន
គ្រឿងស្លរស្លុកដែលអ្នកស្រុកអត់មិនបាន
ទិញថ្មើរម៉ាបានថ្មើរហ្នឹងមិនដែលខ្វល់។

នៅមិនឆ្ងាយមីងមេម៉ាយនំបញ្ចុក
រែកតត្រុកដើរទៅមុខតាមផ្លូវថ្នល់
ចង់ពិសារហៅពេលណាយកទៅដល់
ដាច់គ្មានសល់ដល់ថ្ងៃត្រង់ម្តងឡើយណា។

តូបតូចធំលក់ផាហ៊ុំហូលសូត្រខ្សែ
ស្នាដៃខ្មែរខិតខំថែពីដូនតា
អាវសំពត់មានប្រាកដស្បៃក្រម៉ា
ច្រើនត្រៀបត្រាមិនមានខ្វះក្នុងភូមិឃុំ។

ស្នូររគាំងក្នុងសាលាលាន់ឮម៉ាង
ប្រាប់ក្មេងក្មាងកំពុងលេងឲ្យមកជុំ
ឯក្នុងវត្តព្រះសង្ឃសូត្រធម៌រងំ
ក្បែរជើងភ្នំវិហារធំលើថ្មដា។

វាលស្រែស្រូវគន់មើលទៅច្រាលពណ៌មាស
ដៃរវាសកងកាវកៀសច្រូតផលា
លើចុងត្នោតសម្លឹងផ្តោតច្បាស់នេត្រា
គ្មាននរណាគឺអ្នកភូមិឡើងត្រងទឹក។

តៀមខាងចុងមានបំពង់ចងខ្សែព្យួរ
ទឹកត្នោតជូរមនុស្សម្នាអ៊ូសូរសន្ធឹក
ឈរអង្គុយចាក់ជល់ផឹកលាន់គគ្រឹក
ដៃដូចមឹកលូកចាប់ក្លែមត្រឡនតន។

នាងកញ្ញាចុះកំពង់ទៅដងទឹក
ប្រុសៗភ្លឹករាងល្វតល្វន់ដើរអែនអន
ស្អែកប្រាប់ឪនាំចៅមហាក្លើគូកន
ដណ្តឹងអនអូនត្រៀមខ្លួនទៅណាស្រី។

ផ្ទះមេភូមិជាប់នឹងខ្ទមអែបខាងឆ្វេង
ស្ងាត់ទាំងក្មេងស្រួលខ្លាំងណាស់ពេលរាត្រី
ងាយតែងកាព្យរៀនកំណាព្យធម៌បាលី

ឥតមានអ្វីស្ដីរំខានអារម្មណ៍ឡើយ

No comments:

Post a Comment